មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បំភ្លឺរឿងបាត់បល្ល័ង្គព្រះ,តែអត់និយាយ១ម៉ាត់រឿងបាត់ព្រះ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បំភ្លឺរឿងបាត់បល្ល័ង្គព្រះ,តែអត់និយាយ១ម៉ាត់រឿងបាត់ព្រះ

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋដំបូងឡើយហាក់សប្បាយ រីករាយពេលក្រឡេកឃើញ សេចក្តីបំភ្លឺមួយសន្លឹករបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល ពាក់ព័ន្ធនឹងករណីបាត់ព្រះអង្គខ្មៅនៅឯវត្តចែងម៉ែង ឋិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ពីព្រោះប្រជាពុទ្ធបរិស័ទនឹកគិតថា អាជ្ញាធរស្ថាប័នជំនាញមុខជាឆ្កឹះឆ្កៀលឈឺឆ្អាលចំពោះការបាត់ព្រះអង្គសំរឹទ្ធនោះហើយ។ 

តែពេលដែលអានឲ្យដល់ទីបញ្ចប់ទើបដឹងថា សេចក្តីបំភ្លឺរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បះ បែរជាឈឺចាប់នៅពេលដែលអ្នកកាសែតផ្សាយថា បាត់ទាំងបល្ល័ង្គព្រះនោះទៅវិញ។ ការពិតស្ថាប័នមួយនេះបំភ្លឺថា បល្ល័ង្គព្រះមិនបានបាត់ទេ។ អ្វីដែលជាកង្វល់ធំរបស់ប្រជាពលរដ្ឋចំណុះជើងវត្តអំពីបញ្ហាបាត់ព្រះនោះ ខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ មិនបាននិយាយដល់សូម្បីរំលឹកពាក្យ មួយម៉ាត់។ 

យ៉ាងណាក៏ដោយការបំភ្លឺចំពោះអ្នកកាសែត និងមហាជនទាំងឡាយថា បល្ល័ង្គព្រះមិនបានបាត់ទេ ប៉ុន្តែវាមិនមែនជាការចង់បានរបស់ប្រជាពលរដ្ឋទេ។ ហេតុអ្វីបានជាមន្ទីរវប្បធម៌ និងវិចិត្រសិល្បះមិននិយាយឲ្យបានជ្រៅជាងនេះបន្តិច ពាក់ព័ន្ធនឹងករណីនៃការបាត់ព្រះអង្គខ្មៅនោះផង? យ៉ាងហោចណាស់ក៏បានបំភ្លឺឲ្យខ្លីមួយម៉ាត់ថា ស្ថាប័នជំនាញ បាននិងកំពុងដុតដៃដុតជើង ស្វែងរកព្រះអង្គនោះដែរ។ សេចក្តីបំភ្លឺនេះ មិនចំចំណុចអំពីអ្វីដែលប្រជាពលរដ្ឋចង់បាននេះទេ!

គួរបញ្ជាក់ថាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាលបានចេញសេចក្តីបំភ្លឺមួយពាក់ព័ន្ធ នឹងការផ្សាយរបស់គេហទំព័រក្នុងស្រុក អំពីការបាត់ព្រះមួយអង្គ និងបល្ល័ង្គស្របពេលដែលអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាមន្ទីរធម្មការ និងសាសនា មិនបានប្រតិកម្មអ្វីឡើយ គឺនៅរក្សាភាពស្ងៀមស្ងាត់ បើទោះជាប្រជាពលរដ្ឋក្នុងសហគមន៍ឃុំលំហាចកំពុងរង់ចាំលទ្ធផលយ៉ាងណាក៏ដោយ។

សេចក្តីបំភ្លឺរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាលបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានគណនីឈ្មោះ Kongsa New TV Online,កងមាស ញូស៍ TV Online បានបង្ហោះតាមបណ្តាញសង្គម Facebook អំពី “បល្ល័ង្កធ្វើពីសំរិទ្ធ ដែលរក្សាទុកនៅវត្តចែងមែង ស្ថិតនៅភូមិព្រៃចម្ការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានការបាត់បង់” ចំពោះករណីនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល សូមធ្វើការបំភ្លឺដូចខាងក្រោម៖

-កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោយពីទទួលបានព័ត៌មាន ពីការបាត់ព្រះបដិមាដែលរក្សាទុក នៅវត្តចែងមែង លោកស្រីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញ សហការជាមួយ អាជ្ញាធរមូលដ្ឋាន, អធិការដ្ឋានស្រុក បានចុះពិនិត្យដល់ទីតាំងផ្ទាល់ឃើញថា ព្រះបដិមាធ្វើពីលោហៈ មានកម្ពស់ ប្រហែល ៦០ ស.ម ទម្ងន់ប្រមាណ ១០០ គ.ក ដែលប្រជាពលរដ្ឋយកមកប្រគេនព្រះចៅអធិការវត្ត កាលពីឆ្នាំ១៩៩០ ចំណែកការបាត់ព្រះបដិមា គឺបានបាត់តាំងពីថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៤ ប្រហែលម៉ោង១០ ព្រឹក។

-នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានគណនីឈ្មោះ កងមាស ញូស៍ TV Online បានបង្ហោះតាម បណ្តាញសង្គម Facebook អំពី“ការបាត់បល្ល័ង្កធ្វើពីសំរិទ្ធដែល បានតម្កល់ព្រះបដិមាដែលបានបាត់កាលពីមុនដែលរក្សាទុកនៅវត្តចែងមែង ស្ថិតនៅភូមិព្រៃចម្ការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល”។ ក្នុងថ្ងៃដដែលនេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល បានចាត់មន្ត្រីប្រចាំការនៅស្រុកអង្គស្នួល សហការជាមួយព្រះចៅអធិការ វត្ត គណៈកម្មាការ អាចារ្យវត្ត និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យដល់ទីតាំងផ្ទាល់ ឃើញថាបល្ល័ង្កតម្កល់ព្រះបដិមានេះ មិនបានបាត់បង់ទេ គឺព្រះចៅអធិការវត្តបានយកទៅរក្សាទុកនៅក្នុងកុដិ។

សូមបញ្ជាក់ថា បល្ល័ង្កតម្កល់ព្រះបដិមានេះ មានទំហំ បណ្តោយ ៨០ ស.ម ទទឹង ២៩ស.ម កម្ពស់ ៤៤ស.ម ធ្វើពីស៊ីម៉ង់ត៍ មិនមែនធ្វើពីសំរឹទ្ធិ និងបានរក្សាទុកនៅទីដែលមានសុវត្ថិភាពមិនបានបាត់បង់ ដូចក្នុងគណនីឈ្មោះ កងមាស ញូស៍ TV Online បានបង្ហោះនោះទេ៕

img 20260418 174209 480 img 20260415 092012 443 img 20260415 091905 527 img 20260415 093116 468 img 20260415 144822 971 img 20260418 213318 837

Scroll to Top