ខេត្តតាកែវ៖ពលរដ្ឋខ្មែរឥស្លាម៧១គ្រួសាររស់នៅភូមិស្ទឹងកំបុត ឃុំស្រុកអង្គរបូរី ខេត្តតាកែវ ខកចិត្តជាខ្លាំងចំពោះអាជ្ញាធរខេត្តតាកែវ តើចាត់ទុកពួកគាត់ជាពលរដ្ឋរបស់ខ្លួនដែរឬទេ? បានជាពាក្យបណ្ដឹងរបស់ពួកគាត់ប្ដឹង២ឆ្នាំហើយ បែរជាថ្នាក់ក្រោមរុញដាក់ថ្នាក់លើ ហើយថ្នាក់លើបែរជារុញមកអោយថ្នាក់ក្រោមវិញ ឬមួយក្រុមអាជ្ញាធរខេត្តតាកែវអស់សមត្ថភាពដោះស្រាយជូនពួកគាត់ហើយ? បើអស់សមត្ថភាពពិតមែន ប្រាប់ពួកគាត់មកពួកគាត់និងបន្តទៅថ្នាក់លើទៀត។
យោងតាមពាក្យបណ្ដឹងបានអោយដឹងថា ពួកគាត់បានប្ដឹងឈ្មោះយ៉ា ផាវីភេទស្រី និងឈ្មោះហាក់ ណាវី ភេទស្រី រស់នៅភូមិឃុំជាមួយគ្នា ដោយបុគ្គលទាំងពីរនាក់ខាងលើ បានរំលោភយកដីស្រះទឹករួមពីបុរាណ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លូន ដោយយកឈ្មោះលោកឡា ឡៃ អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ថាជាអ្នកផ្ដល់អោយ។
ពលរដ្ឋខ្មែរឥស្លាមបានបន្តទៀតថា ស្រះទឹកដែលមានទំហំជិត១ហិចតា គឺជាស្រះទឹកពីបុរាណកាលមក ដែលបានបម្រើបងប្អូនអ្នកភូមិ សម្រាប់ប្រើប្រាស់តាមតម្រូវការអស់រយៈពេលជិតមួយរយឆ្នាំហើយ តែស្រាប់បច្ចុប្បន្នបែរជាបុគ្គលពីរនាក់ខាងលើ រំលោភយកហើយក្រុមអាជ្ញាធរស្រុក ខេត្ត មិនដោះស្រាយអោយពួកគាត់សោះ។គ្រាន់តែរុញដាក់គ្នា និងបានអោយមន្រ្តីសាលាស្រុកទំនើងម្នាក់ឈ្មោះវង់ វ៉ាន់ចាន់ ចុះមកអ៊ុងអាត់អោយភាគីពីរគ្រួសារ ចាក់ដីលុបស្រះថែមទៀត ហើយលោកវង់ វ៉ាន់ចាន់ ប្រឹងដំឡើងសសៃករដាក់ពួកគាត់ថា លោកធ្វើតាមបញ្ជារបស់ថ្នាក់លើ។
យោងតាមសម្ដីលោកព្រំ ឈួនមេភូមិស្ទឹងកំបុត បានអោយដឹងថា លោកធ្វើមេភូមិនៅទីនេះឡើងដុះស្លែរទៅហើយ គ្មានអ្នកណាហ៊ានរំលោភយកដីស្រះទឹករួមនេះទេទើបតែបុគ្គលពីរគ្រួសារខាងលើនេះ ដែលហ៊ានរំលោភចង់បានដីស្រះទឹករួមមកធ្វើកម្មសិទ្ធ។
លោកមេភូមិបញ្ជាក់ថា លោកនិងតស៊ូជាមួយបងប្អូនអ្នកភូមិ៧១គ្រួសារ នាំគ្នាថែរក្សាដីស្រះទឹកកេរ៍ដំណែលដូនតា ទុកសម្រាប់ក្មេងៗជំនាន់ក្រោយជារៀងរហូត ព្រោះក្រុមអាជ្ញាធរមានការផ្លាស់ប្តូរតែស្រះភូមិនិងពលរដ្ឋរបស់លោកមិនបានផ្លាស់ប្តូរទៅណាទេ៕


