គ្រួសារជនរងគ្រោះថា បន្ទប់ថែទាំជំងឺទូទៅលោកគ្រូ ពេទ្យ ប៊ុណ្ណា នៅស្រុកបាទីចាក់ថ្នាំឱ្យអ្នកជំងឺស្លាប់

គ្រួសារជនរងគ្រោះថា បន្ទប់ថែទាំជំងឺទូទៅលោកគ្រូ ពេទ្យ ប៊ុណ្ណា នៅស្រុកបាទីចាក់ថ្នាំឱ្យអ្នកជំងឺស្លាប់

ខេត្តតាកែវ៖ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងនៅគ្លីនិកឯកជនមួយ ដែលមានឈ្មោះថា «បន្ទប់ថែទាំជំងឺទូទៅលោកគ្រូពេទ្យ ប៊ុណ្ណា» បន្ទាប់ពីបុរសម្នាក់ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិតភ្លាមៗ ក្រោយពេលទទួលការចាក់ថ្នាំ។

មានការចោទជាសំណួរភ្លាមៗថា តើគ្លីនិកខាងលើនេះមានច្បាប់ទម្លាប់ត្រឹមត្រូវដែរ។ 

ប្រភពពីគ្រួសារសព លោក កែវ សុភា បានឲ្យដឹងថា ពួកគាត់បាននាំជនរងគ្រោះទៅពិនិត្យជំងឺ និងទទួលសេវាចាក់ថ្នាំនៅគ្លីនិកខាងលើ ប៉ុន្តែក្រោយពេលចាក់ថ្នាំរួច ជនរងគ្រោះបានបង្ហាញរោគសញ្ញាខុសប្រក្រតី និងបានស្លាប់ភ្លាមៗនៅទីតាំងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០៖២៥ នាទីព្រឹក ថ្ងៃច័ន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។

ក្រោយកើតហេតុ គ្រួសារជនរងគ្រោះបានបង្ហាញការសោកស្ដាយយ៉ាងខ្លាំង និងបានដង្ហើយស្រែកទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធ ចូលរួមស៊ើបអង្កេត និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដោយពួកគាត់សង្ស័យថា ការចាក់ថ្នាំអាចជាមូលហេតុនាំឲ្យបាត់បង់ជីវិត។

យ៉ាងណាក៏ដោយ ព័ត៌មានខាងលើ គឺជាការលើកឡើងតែមួយភាគីពីគ្រួសារជនរងគ្រោះប៉ុណ្ណោះ ខណៈដែលភាគីគ្លីនិក និងគ្រូពេទ្យពាក់ព័ន្ធ មិនទាន់បានចេញមកបកស្រាយ ឬផ្តល់ព័ត៌មានបន្ថែមជាសាធារណៈនៅ ឡើយទេ។

សូមរំលឹកថាកាលពីជាងមួយឆ្នាំមុន ធ្លាប់មានគ្លីនិកឯកជនគ្មានច្បាប់មួយ ក្នុងស្រុកបាទី បានចាក់ថ្នាំបណ្ដាលដោយអ្នកជំងឺស្លាប់ ហើយក៏យកសាកសពទៅបោះចោលផងដែរ។

អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ត្រូវបានរំពឹងថានឹងចូលរួមស៊ើបអង្កេតយ៉ាងម៉ត់ចត់ ដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការស្លាប់ និងធានាបាននូវភាពត្រឹមត្រូវ និងយុត្តិធម៌សម្រាប់គ្រប់ភាគីពាក់ព័ន្ធ៕

img 20260331 120215 550 img 20260331 120214 667 img 20260331 120215 562 img 20260331 120215 111

Scroll to Top