សំណង់អត់ច្បាប់ កណ្តាលក្រុងតាខ្មៅ កំពុងសង់យ៉ាងសកម្ម ជិតរួច១០០% ចៅសង្កាត់ប្រាប់ថា គេសុំទៅខេត្ត អត់ពាក់ព័ន្ធ ខណៈលោក សុក សុវណ្ណារិទ្ធ បញ្ជាក់ថា អត់ទាន់មានការដាក់ពាក្យស្នើសុំមកមន្ទីររៀបចំដែនដីទេ!

សំណង់អត់ច្បាប់ កណ្តាលក្រុងតាខ្មៅ កំពុងសង់យ៉ាងសកម្ម ជិតរួច១០០% ចៅសង្កាត់ប្រាប់ថា គេសុំទៅខេត្ត អត់ពាក់ព័ន្ធ ខណៈលោក សុក សុវណ្ណារិទ្ធ បញ្ជាក់ថា អត់ទាន់មានការដាក់ពាក្យស្នើសុំមកមន្ទីររៀបចំដែនដីទេ!

ខេត្តកណ្ដាល៖ សំណង់មួយកន្លែង ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កំពុងបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ខណៈសំណង់នេះត្រូវបានសាងសង់ជិតរួចរាល់ ១០០% ទាំងដែលគ្មានភាពច្បាស់លាស់អំពីឯកសារអនុញ្ញាតស្របច្បាប់ ដោយសង្ស័យថា អត់មានច្បាប់អនុញ្ញាត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺលោកចៅសង្កាត់តាខ្មៅបានឆ្លើយតបយ៉ាងភ្ញាក់ផ្អើលថា សំណង់នេះ «គេសុំទៅខេត្ត» មិនពាក់ព័ន្ធនឹងសង្កាត់ឡើយ ហើយលោក «មិនចាំបាច់ចុះទៅពិនិត្យទេ ព្រោះដើរកាត់ហាត់ប្រាណរាល់ថ្ងៃ»។ ការឆ្លើយបែបនេះ ត្រូវបានគេមើលឃើញថា ជាការខ្វះវិជ្ជាជីវៈ និងមិនគោរពតួនាទីអាជ្ញាធរ ដែលត្រូវធានាការអនុវត្តច្បាប់យ៉ាងតឹងរឹង។

មិនត្រឹមតែប៉ុណ្ណោះ លោក សុក សុវណ្ណារិទ្ធ ប្រធានការិយាល័យសំណង់ និងភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី ខេត្តកណ្ដាល បានប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើចង់ដឹងច្បាស់អំពីស្ថានភាពច្បាប់ថា សំណង់មានច្បាប់ ឬអត់ច្បាប់ ត្រូវដាក់ពាក្យស្នើសុំជាផ្លូវការទៅមន្ទីររៀបចំដែនដី ដើម្បីទទួលបានឯកសារពាក់ព័ន្ធ។ លោកក៏បានបញ្ជាក់ថា ម្ចាស់សំណង់ខាងលើ មិនទាន់ឃើញមានឯកសារស្នើសុំអនុញ្ញាតដល់ខេត្ត ឬមន្ទីររៀបចំដែនដីនៅឡើយទេ។ លោកនឹងឲ្យមន្ត្រីចុះទៅពិនិត្យក្រៃលសង់រំលោភចិញ្ចើមផ្លូវ។ ជាមួយគ្នានោះ សុក សុវណ្ណារិទ្ធ ក៏បានប្រាប់អ្នកសារព័ត៌មានឲ្យទៅសួរនៅក្រុងតាខ្មៅទៅ។

គួររំលឹកថា ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ធ្លាប់បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំកន្លងមកថា ការគ្រប់គ្រងសំណង់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយរបៀបរៀបរយ។

ប៉ុន្តែការអនុវត្តជាក់ស្តែងនៅមូលដ្ឋានវិញ បង្ហាញពីភាពផ្ទុយគ្នា ដោយមានការប្រែប្រួលទំនួលខុសត្រូវ និងការខ្វះការត្រួតពិនិត្យយ៉ាងទាន់ពេលវេលា ដែលអាចអនុញ្ញាតឲ្យសំណង់អត់ច្បាប់រីកចម្រើន រហូតដល់ជិតរួចរាល់ ១០០%។

ស្ថានភាពនេះ កំពុងធ្វើឲ្យមហាជនដាក់សំណួរថា តើការគ្រប់គ្រងសំណង់នៅមូលដ្ឋាន កំពុងអនុវត្តតាមគោលការណ៍ និងបទប្បញ្ញត្តិពិតប្រាកដឬទេ? ហើយតើនរណាជាអ្នកទទួលខុសត្រូវ នៅពេលបញ្ហាបែបនេះកើតឡើង?

ច្បាស់ណាស់ថា ប្រសិនបើគ្មានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងការទទួលខុសត្រូវច្បាស់លាស់ពីអាជ្ញាធរពាក់ព័ន្ធ នោះបញ្ហាសំណង់អត់ច្បាប់ នឹងនៅតែបន្តកើតមាន ហើយប៉ះពាល់ដល់សណ្តាប់ធ្នាប់ទីក្រុង សុវត្ថិភាពសាធារណៈ និងភាពជឿជាក់របស់ប្រជាពលរដ្ឋលើប្រព័ន្ធរដ្ឋបាលមូលដ្ឋាន។

គួររំលឹកទៀតថា ឯកឧត្តម ហាក់ សុខមករា បានបញ្ជាក់យ៉ាងច្បាស់ថា ការសាងសង់ដោយគ្មានច្បាប់អនុញ្ញាត គឺជាការរំលោភច្បាប់សំណង់ ហើយអាចបង្កហានិភ័យដល់សុវត្ថិភាពអ្នករស់នៅ ក៏ដូចជាប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។

ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់សំណង់ និងអ្នកអភិវឌ្ឍន៍ទាំងអស់ សូមអនុវត្តតាមនីតិវិធីច្បាប់ ដោយសុំលិខិតអនុញ្ញាតសាងសង់ជាមុន មុននឹងដំណើរការសាងសង់ ដើម្បីជៀសវាងការខាតបង់ពេលវេលា និងថវិកា ខណៈអាជ្ញាធរនឹងបន្តតាមដាន និងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះសំណង់ដែលល្មើស៕

fb img 1774518265766 photo 2026 03 26 13 52 24 videocapture 20260326 164252 videocapture 20260326 164258 videocapture 20260326 164322 videocapture 20260326 164303 20260326 103323

 

Scroll to Top