ខេត្តសៀមរាប៖ ក្រសួងរ៉ែ និងថាមពល នៅឆ្នាំ២០២៣ បានផ្ដល់អាជ្ញាប័ណ្ណស្វែងរុករករ៉ែ ទៅឱ្យក្រុមហ៊ុនមួយ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមែនត្រឹមតែបន្តរុករកនោះទេ គឺក្រុមហ៊ុននោះកំពុងធ្វើអាជីវកម្មទាំងស្រុង។ សព្វថ្ងៃនេះ ក្រុមហ៊ុនអាចប្រមូលបានរ៉ែមាស បានច្រើនសន្ធឹកសន្ធាប់តាមរយៈការជួយបិទបាំងមន្ត្រីថ្នាក់ក្រោម ក្រោមរូបភាព “ស្វែងរក”។
បណ្ដាញសារព័ត៌មានពេញចិត្តមេយើងខ្ញុំ បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក ឡេង លាត ប្រធានមន្ទីរ៉ែនិងថាមពលខេត្ត សៀមរាបច្រើនលើកច្រើនសារ ប៉ុន្តែលោកឆ្លើយថា ជាប់រវល់ជាដរាប។
ដូចគ្នានេះដែរលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែងព្យាយាមឆ្លើយអំពីបញ្ហា” ជាប់រវល់ ” តែនៅទីបំផុតលោកបានឆ្លើយតបមកថា ចាំស្រាវជ្រាវរកឯកសារមើលសិន។
តាមប្រជាពលរដ្ឋនៅតំបន់ជិតខាងបានឱ្យដឹងថា ករណីការកាយភ្នំនៅក្នុងភូមិសាស្ត្រឃុំខ្វាវ ស្រុកជីក្រែង ខេត្ត សៀមរាប គឺមានអាជ្ញាប័ណ្ណ”ស្វែងរុករក”ពីក្រសួងរ៉ែ និងថាមពល។ ក៏ប៉ុន្តែ សព្វថ្ងៃនេះវាមិនមែនជាការស្វែងរុករកទៀតទេ ផ្ទុយទៅវិញ គឺជាការធ្វើអាជីវកម្មទាំងស្រុងដែលក្នុង១ថ្ងៃ គេប៉ាន់ប្រមាណថា អាចផលិតបានមាសប្រមាណ៣គីឡូក្រាម។ ដូច្នេះមានន័យថា ការធ្វើអាជីវកម្មនេះ គឺខុសច្បាប់ទាំងស្រុង។
គួរបញ្ជាក់ថា អាជ្ញាប័ណ្ណនេះចេញដោយអតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ឯកឧត្តមស៊ុយ សែម នៅខែមេសា ឆ្នាំ២០២៣។ បើតាមប្រកាសរបស់ក្រសួងរ៉ែនិងថាមពលគឺបានផ្ដល់អាជ្ញាប័ណ្ណស្វែងរុករក(រ៉ែលោហៈ)។
សម្រេច
ប្រការ ១៖ ផ្ដល់អាជ្ញាបណ្ណស្វែងរុករកឱ្យក្រុមហ៊ុន វ៉ាន់
អេកូថេក (ខេមបូឌា) ឯ.ក (BAN ECOTECH (CAMBODIA) OO. LTD អាសយដ្ឋានផ្ទះលេខ២២ ផ្លូវលេខ៦០០ ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីធ្វើប្រតិបត្តិការស្វែងរុករករ៉ែលោហៈ ស្ថិតនៅតំបន់ដាំក្រវ៉ាញ ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលកំណត់ដោយនិយាមកាតាមដំណាក់កាលសុពលភាព ដូចបានកំណត់ក្នុងផ្នែកនីមួយៗ នៃអាជ្ញាបណ្ណនេះ។
សូមជម្រាបថា ក្រោមរូបភាពអាជ្ញាបណ្ណរុករករ៉ែលោហៈ ភ្នំខ្ទុម នៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានរងការកាយទន្ទ្រានយ៉ាងធ្ងន់ធ្ងរបំផុត។
ប្រភពបានប្រាប់ថា ក្រុមហ៊ុនខាងលើបានធ្វើឲ្យអាជីវកម្មរ៉ែមាស យ៉ាងសកម្មដែលក្នុង១ថ្ងៃៗ អាចចម្រាញ់មាសក្នុងទម្ងន់៣គីឡូក្រាម ឬច្រើនជាងនេះ។
គេហទំព័រពេញចិត្តមេឌា មិនអាចទាក់ទងខាងក្រុមហ៊ុនដើម្បីសុំការបំភ្លឺបានទេ។ យ៉ាងណាក៏ដោយយើងខ្ញុំរង់ចាំការឆ្លើយតបគ្រប់ពេលវេលាពីគ្រប់ភាគីពាក់ព័ន្ធ៕


