Update៖ លោក ណាំ វុទ្ធី មន្ត្រីភូមិបាលស្រុកកណ្ដាលស្ទឹងបញ្ជាក់ថា សំណង់ឃ្លាំងធំរឹងមាំ១កន្លែង នៅឃុំដើមឬស បានផ្អាកដំណើរការសាងសង់ហើយ

Update៖ លោក ណាំ វុទ្ធី មន្ត្រីភូមិបាលស្រុកកណ្ដាលស្ទឹងបញ្ជាក់ថា សំណង់ឃ្លាំងធំរឹងមាំ១កន្លែង នៅឃុំដើមឬស បានផ្អាកដំណើរការសាងសង់ហើយ

ខេត្តកណ្ដាល៖ លោក ណាំ វុទ្ធី មន្ត្រីភូមិបាលស្រុកកណ្ដាលស្ទឹង បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌ពេញចិត្តមេឌា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះថា សំណង់ឃ្លាំងធំរឹងមាំមួយកន្លែង នៅឃុំដើមឬស បានផ្អាកដំណើរការសាងសង់ហើយ ។ 

លោក ណាំ វុទ្ធី បានបញ្ជាក់ថា” យើងបានសុំគាត់ផ្អាកសិនហើយ, ខ្ញុំរាយការណ៍ជូនខេត្តរួចហើយ,ចាំគាត់មានច្បាប់ចាំបន្តទៀតចុះ,ខ្ញុំឆែកមើលខាងក្រសួងឃើញ ថាគាត់ឆ្លងច្រកហើយ”។ លោកបានបញ្ជាក់ថាលោកមិនហ៊ាននិយាយអ្វីអោតលើសពីសមត្ថកិច្ចរបស់ខ្លួននោះឡើយ។ ខ្ញុំនិយាយអ្វីត្រឹមតែក្របខណ្ឌរបស់ខ្ញុំ,មិនហ៊ាននិយាយលើសទេ។ និយាយរួមទៅយើងរង់ចាំក្រុមការងារក្រសួងនាយកដ្ឋានសំណង់ចុះមកពិនិត្យ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋបានឃើញសំណង់ឃ្លាំង១ កន្លែង ស្ថិតនៅភូមិបាង ឃុំដើមឬស ស្រុកកណ្ដាល ស្ទឹង ខេត្តកណ្ដាល កំពុងសាងសង់ដោយមិនទាន់មាន ការអនុញ្ញាតត្រឹមត្រូវតាមផ្លូវច្បាប់នៅឡើយ។ 

កាលពីសប្តាហ៍មុន លោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានប្រាប់អ្នកកាសែតថា បញ្ហាខាងលើ ពាក់ព័ន្ធនឹងថ្នាក់ក្រសួង។ លោកលើកឡើងថា «ថ្នាក់ក្រសួងមិនឆ្លងស្រុកទេ»។ 

ចម្លើយរបស់លោកអភិបាលស្រុក ធ្វើឲ្យមតិសាធារណៈមួយចំនួនមានការងឿងឆ្ងល់ថា តើអាជ្ញាធរមូលដ្ឋានមានតួនាទីអ្វី និងសមត្ថកិច្ចយ៉ាងណាក្នុងការត្រួតពិនិត្យ ឬទប់ស្កាត់សំណង់ដែលមិនទាន់មានច្បាប់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន?

មន្ត្រីជំនាញមួយរូបថ្លែងថា កន្លងមកក្រុមការងារជំនាញបានចុះសួរនាំអំពីសំណង់នេះរួចហើយ ហើយក៏បានរាយការណ៍ជូនលោកចៅហ្វាយស្រុកផងដែរ។ នៅក្នុងកំណត់ហេតុចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បង្ហាញថា ម្ចាស់សំណង់រោងចក្រធ្វើពូកឈ្មោះ ចៅ សីគុណ កំពុងដាក់ពាក្យសុំអាជ្ញាប័ណ្ណទៅក្រសួងពាក់ព័ន្ធ។

ទោះជាយ៉ាងណា ការអនុញ្ញាតឲ្យសំណង់ដែលមិនទាន់ទទួលបានអាជ្ញាប័ណ្ណតាមផ្លូវច្បាប់ បន្តសាងសង់ដោយគ្មានការផ្អាក ឬវិធានការបណ្តោះអាសន្នពីអាជ្ញាធរ បង្កឲ្យមានការរិះគន់ពីមតិសាធារណៈថា ប្រព័ន្ធត្រួតពិនិត្យនៅមូលដ្ឋានហាក់បីដូចជា មិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់។

មហាជនមួយចំនួនបានលើកឡើងថា មន្ត្រីជំនាញគួរតែបង្ហាញលទ្ធផលនៃការពិនិត្យឯកសារ ឬបញ្ជាក់ឲ្យបានច្បាស់ថា សំណង់ ឬឃ្លាំងនោះមានអាជ្ញាប័ណ្ណត្រឹមត្រូវដែរឬទេ ? ដើម្បីបញ្ចប់ចម្ងល់ និងបង្កើនទំនុកចិត្តរបស់ សាធារណៈជនចំពោះការអនុវត្តច្បាប់។

អ្នកសង្កេតការណ៍សង្គមមួយចំនួនលើកឡើងថា ដើម្បីថែរក្សាច្បាប់ដែលមានស្រាប់ និងធានាឲ្យការអភិវឌ្ឍមានរបៀបរៀបរយ អាជ្ញាធរមូលដ្ឋានគួរតែបង្ហាញភាពសកម្មក្នុងការត្រួតពិនិត្យ និងអនុវត្តវិធានការតាមច្បាប់ឲ្យបានតឹងរ៉ឹងជាងនេះ។ ព្រោះប្រសិនបើសំណង់អត់ ច្បាប់ត្រូវបានអនុញ្ញាតឲ្យសាងសង់បន្តដោយគ្មានការទប់ស្កាត់ នោះវាអាចបង្កជាគំរូមិនល្អ និងធ្វើឲ្យវិន័យនៃការគោរពច្បាប់នៅក្នុងសង្គមទទួលរងផលប៉ះពាល់។

ជាមួយគ្នានេះ មតិសាធារណៈក៏សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ នឹងពិនិត្យស្រាវជ្រាវករណីនេះ ឲ្យបានច្បាស់លាស់ ដើម្បីធានាថា ការអភិវឌ្ឍសំណង់នៅក្នុងតំបន់ ត្រូវអនុវត្តតាមនីតិវិធី និងបទប្បញ្ញត្តិច្បាប់យ៉ាងត្រឹមត្រូវ៕

img 20260316 115412 842 img 20260316 115408 755 img 20260316 115405 579 img 20260316 115402 682

Scroll to Top