ខេត្តរតនគិរី៖ អាជ្ញាធរក្រុងបានលុងប្រកាសថា បានបង្ក្រាបហើយ ទីតាំងល្បែងស៊ីសងច្រើនប្រភេទដែលបង្កការភ្ញាក់ផ្អើលដល់មហាជនទូទៅ ក្នុងរយៈពេលប៉ុន្មាន
ថ្ងៃកន្លងមកនេះ ស្របពេលដែលលោកអភិបាលខេត្តរតនគិរីបានបញ្ជាក់ថា បានដាស់តឿនអាជ្ញាធរក្រុងយ៉ាងហោចណាស់២ដងមកហើយ ឲ្យបង្ក្រាបភ្លាមៗ ។ ប៉ុន្តែថា តើបានបង្ក្រាបហើយឬនៅយ៉ាងណានោះ មិន ទាន់មានព័ត៌មានជាក់លាក់ណាមួយទេ រហូតមកដល់ព្រឹកថ្ងៃទី០៦ខែមីនាឆ្នាំ ២០២៦នេះ។
លោក ធូ ឃឿ អភិបាលក្រុងបានលុងប្រាប់ពេញចិត្តមេឌានៅព្រឹកថ្ងៃទី ០៦ ខែមីនានេះថា “បានបង្ក្រាបហើយ” ដោយលោកជាប់រវល់ប្រជុំ មិនបានប្រាប់អំពីលទ្ធផលនោះឡើយ។
លោកហួត បូរី អធិការនគរបាលក្រុងបានលុង បានចូលមើលសាររបស់ពេញចិត្តមេឌា លើប្រព័ន្ធតេឡេក្រាមហើយ តែមិនឆ្លើយតបនោះទេ។
លោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានប្រាប់នៅព្រឹក ថ្ងៃទី០៦ខែមីនានេះដែរថា លោកបានបញ្ជាឲ្យអាជ្ញាធរក្រុងបានលុងចុះទៅបង្ក្រាបកាលពីម្សិលមិញ (ទី០៥) ម្ដងរួចមកហើយ និងបានប្រាប់ព្រឹកនេះទៀត ឲ្យចុះទៅបង្ក្រាបពីព្រោះលោក”មិនចូលចិត្ត”បញ្ហាល្បែង ស៊ីសងនេះដែរ។ លោកអភិបាលខេត្តមានប្រសាសន៍ដែរថា “កោតតែគេហ៊ានហ្ន៎!” ។
ប្រភពខ្សឹបខ្សៀវពីប្រជាពលរដ្ឋក្រុងបានលុងនិយាយថា ម្ចាស់វង់ល្បែងស៊ីសង បានដាក់ទុនវិនិយោគច្រើនដូច្នេះមិនអាចបញ្ចប់ ឬបញ្ឈប់សកម្មភាពដោយងាយៗនោះទេ។ ប៉ុន្តែគេទទួលស្គាល់ថា ទីតាំងដែលបានបើកដំណើរការរយៈពេល២ថ្ងៃកន្លងមក ហើយទាក់ទាញបានអតិថិជនរាប់រយនាក់មកលេងកម្សាន្តស្រែកហ៊ោរ កញ្ជ្រៀវនោះបានបិទទៅហើយ ហើយក៏បាននិងកំពុងរៀបចំទីតាំងថ្មីទៀតដែរ។
គួរបញ្ជាក់ថា ទីតាំងល្បែងស៊ីសងច្រើនប្រភេទខុស ច្បាប់ទ្រង់ទ្រាយធំ១កន្លែង ស្ថិតក្នុងភូមិជ្រៃ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី បើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដែលករណីនេះបង្កឱ្យមានការរិះគន់ និងព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ វង់ល្បែងនេះបានចាប់ផ្តើមដំណើរការយ៉ាងចំហចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ។ ប្រភពដដែលបានបញ្ជាក់ថា សកម្មភាពល្បែងនៅទី នោះមានច្រើនប្រភេទ រួមមាន៖ យូគី អាប៉ោង និងល្បែងជល់មាន់ ជាដើម ដែលទាក់ទាញមនុស្សឱ្យចូលមក លេងយ៉ាងច្រើនកុះករ ។
ប្រភពព័ត៌មានបានដាក់ការសង្ស័យ និងលើកឡើងចំៗទៅលើបុគ្គលមួយចំនួន ដែលជាអ្នកនៅពីក្រោយ និងគ្រប់គ្រងទីតាំងនេះ រួមមានឈ្មោះ ងួន សុវណ្ណា (ហៅអូនធំ) និងឈ្មោះ មេសា ដែលត្រូវបានគេអះអាងថាជាអ្នកចាត់ចែងផ្ទាល់នៅទីតាំង។ លើសពីនេះ ក៏មានការលើកឡើងពីការពាក់ព័ន្ធរបស់បុគ្គលមានងារជាឧកញ៉ាម្នាក់ផងដែរ។
ក្រុមអ្នកញៀនល្បែងស៊ីសងបានប្រាប់តៗគ្នាថា មេវង់ ល្បែងសូមឱ្យស្ងាត់ស្ងៀម ពីព្រោះគេកំពុងរៀបចំទីតាំងថ្មីដែលរំពឹងថា នឹងដំណើរការនៅក្នុងពេលឆាប់ៗ។ ដូច្នេះមានន័យថា ថៅកែវង់ល្បែងនេះ មិនលះបង់គំនិតនោះទេ បន្ទាប់ពីបានបោះទុនវិនិយោគក្នុងការរៀបផែនការបង្កើតវង់ល្បែងស៊ីសងនៅក្រុងបានលុងនេះ៕


