ខេត្តក្រចេះ៖ អន្លង់ផ្សោតកាំពី ខេត្តក្រចេះ ទទួលបានកូនផ្សោតមួយក្បាលទៀត។ នេះជាកូនទី២ ដែលទើបកើតនៅដើមឆ្នាំ២០២៦នេះ។
កូនផ្សោតទើបកើតថ្មីនេះ មានអាយុប្រមាណជា ២ថ្ងៃ ត្រូវបានប្រទះឃើញនៅវេលាម៉ោង ៩៖៥០នាទីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដោយក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះ និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ នៅត្រង់ចំណុចអន្លង់ អន្ទង់វៀន ស្ថិតក្នុងអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
បើតាមក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះមានសុខភាពល្អ និងស្ថិតក្នុងក្រុមផ្សោតធំដែលមានចំនួនប្រាំពីរក្បាលក្នុងនោះនៅជាមួយផ្សោតពេញវ័យលេខ៨១។ នេះជាកូនផ្សោតកើតថ្មីទី២ហើយ នៅក្នុងឆ្នាំ២០២៦នេះ ខណៈកូនផ្សោតទី១ ត្រូវបានអង្កេត និងថតរូបបានកាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២៦កន្លងទៅ។
តាមរយៈកំណើតកូនផ្សោតថ្មីនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៤ក្បាល៕


