កម្លាំងចម្រុះខេត្តមណ្ឌលគិរី ចុះរុះរើ និងបង្ក្រាបការរុករករ៉ែខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃស្រែពក នៅស្រុកកោះញែក

កម្លាំងចម្រុះខេត្តមណ្ឌលគិរី ចុះរុះរើ និងបង្ក្រាបការរុករករ៉ែខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃស្រែពក នៅស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី កម្លាំងរដ្ឋបាលស្រុកកោះញែក បានធ្វើប្រតិបត្តិការរយៈពេល៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងយុទ្ធនាការទ្រង់ទ្រាយធំ ចុះអប់រំ ផ្សព្វផ្សាយ និងបង្ក្រាបសកម្មភាពរុករករ៉ែអនាធិបតេយ្យ ក្នុងតំបន់ស្នូល នៃដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រែហ៊ុយ ស្រុកកោះញែក។

លោក សី ទូច អភិបាលស្រុកកោះញែកបានឲ្យដឹងថា អាជ្ញាធរខេត្តមណ្ឌលគីរី ស្រុកកោះញែក និងមន្ទីរជំនាញ ចុះប្រតិបត្តិការរយៈពេល៣ថ្ងៃមកហើយ អប់រំ ណែនាំប្រជាពលរដ្ឋ និងថ្ងៃចុងក្រោយ គឺចាត់វិធានការក្តៅក្នុងការបង្ក្រាបរុះរើទីតាំងរុករករ៉ែខុសច្បាប់ទាំងនោះ។ ជាលទ្ធផល ក្នុងរង្វង់ប្រតិបត្តិការ៣ថ្ងៃនេះ គឺបានណែនាំអប់រំប្រជាពលរដ្ឋឱ្យចាកចេញ នឹងមិនឲ្យប្រព្រឹត្តអំពើខុសច្បាប់ទៀតទេ។

លោកសី ទូច អភិបាលស្រុកកោះញែក បានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះគឺនៅតែបន្តធ្វើរហូតដល់ពួកគាត់យល់ដឹង និងលែងវិលត្រឡប់មកវិញ លោកបានបន្តថារហូតមកដល់ម៉ោងនេះ បងប្អូនប្រជាពលរដ្ឋ ពួកគាត់មិនបានចូលមករុករករ៉ែទៀតនោះទេ។

សេចក្តីរាយការណ៍ថ្ងៃទី២០ កុម្ភៈ ២០២៦ បានឲ្យដឹងថា ដំណាក់កាលទីមួយ នៅថ្ងៃទី១៧ ខែកុម្ភៈ ២០២៦ ក្រុម ការងារចម្រុះសរុប៦២នាក់ ដឹកនាំដោយមន្ទីរបរិស្ថាន, មន្ទីររ៉ែ និងថាមពល និងគណៈបញ្ជាការឯកភាពស្រុកកោះញែក បានចុះទៅកាន់ទីតាំងចំនួន ៣ កន្លែង (ពាមអូទេន, ទួលភ្នំលូងឈូង និងអូទេន) ដើម្បីផ្សព្វផ្សាយក្រមបរិស្ថាន និងធនធានធម្មជាតិ។ ក្នុងនោះ មន្ត្រីជំនាញបានរកឃើញប្រជាពលរដ្ឋសរុបចំនួន ២៧៣ នាក់ កំពុងធ្វើសកម្មភាពរុករករ៉ែខុសច្បាប់ និងបានដាក់ឱសានវាទឱ្យពួកគេចាកចេញ ពីទីតាំងយ៉ាងយូរបំផុតត្រឹមម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ។

សេចក្តីរាយការណ៍បន្តថា នៅដំណាក់កាលទីពីរ គឺការ អនុវត្តច្បាប់ និងការកម្ទេចឧបករណ៍ល្មើស បន្ទាប់ពីផុត កំណត់ឱសានវាទនៅថ្ងៃទី១៨ ខែកុម្ភៈ កម្លាំងចម្រុះចំនួន ៤៩នាក់ ចុះពិនិត្យទីតាំងជាក់ស្តែង។ ជាលទ្ធផល ក្រុម ការងារបានសម្រេចរុះរើ និងដុតបំផ្លាញចោលឧបករណ៍រ៉ែងមាសសរុបចំនួន ៨៩ទរ នៅតាមចំណុចគោលដៅចំនួន ៥ កន្លែងផ្សេងៗគ្នា។ ចំពោះប្រជាពលរដ្ឋ ២៧៣ នាក់ ដែលបានជួបកាលពីថ្ងៃដំបូង បានស្ម័គ្រចិត្តចាក ចេញពីទីតាំងស្ទើរតែទាំងស្រុង លើកលែងតែ ២១នាក់ ដែលសុំពន្យារពេលដល់ល្ងាចដើម្បីជួសជុលម៉ូតូ។

សេចក្តីរាយការណ៍ចុងក្រោយឲ្យដឹងថា គឺនៅដំណាក់ កាលទីបី ការបន្តបង្ក្រាប និងការចុះពិនិត្យបច្ចេកទេស យុទ្ធនាការបានបន្តរហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ដោយកម្លាំងចម្រុះបានបន្តចុះទប់ស្កាត់ និងបោសសម្អាតបទល្មើសដែលនៅសេសសល់។ ក្នុងនោះបានដុតបំផ្លាញជំរុំរុករករ៉ែខុសច្បាប់ចំនួន១កន្លែង និងដកហូត វត្ថុតាងមួយចំនួន រួមមានផ្លែចបកាប់ដី និងចានរ៉ែងមាស។

លោក ហៃ គីមលាំង អនុប្រធាននាយកដ្ឋានរ៉ែ និងថាមពល ក៏បានចុះពិនិត្យបច្ចេកទេសផ្ទាល់នៅចំណុចលុងឈូង ដើម្បីវាយតម្លៃពីផលប៉ះពាល់ និងសកម្មភាពជីករ៉ែអនាធិបតេយ្យក្នុងតំបន់ខាងលើ។ ក្នុងប្រតិបត្តិការដ៏តឹងរ៉ឹងនេះ គឺជាសារអប់រំ និងព្រមានយ៉ាងខ្លាំងក្លារបស់អាជ្ញាធរខេត្តមណ្ឌលគិរី ចំពោះសកម្មភាពរុករករ៉ែខុសច្បាប់ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់តំបន់ការពារធម្មជាតិ។ អាជ្ញាធរបានបញ្ជាក់ថា នឹងបន្តតាមដានយ៉ាងហ្មត់ចត់ ដើម្បីធានាថា គ្មានការវិលត្រឡប់មកប្រព្រឹត្តបទល្មើសសារជាថ្មី ក្នុងដែនជម្រកសត្វព្រៃស្រែពកឡើយ៕

img 20260220 171930 597 img 20260220 171935 293 img 20260220 171931 001 img 20260220 171923 448 img 20260220 171917 071 img 20260220 171917 545 img 20260220 171916 899 img 20260220 171912 171 img 20260220 171912 113 img 20260220 171912 833 img 20260220 171907 803 img 20260220 171908 021 img 20260220 171907 778 img 20260220 171923 788 img 20260220 171923 978 img 20260220 171923 479 img 20260220 171923 542 img 20260220 171923 581 img 20260220 171923 269 img 20260220 171930 112 img 20260220 171930 509 img 20260220 171935 997

 

Scroll to Top