ខេត្តតាកែវ៖ ក្រោមបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនជាបន្តបន្ទាប់ រហូតឃាត់ខ្លួនជនសង្ស័យបាន ១១នាក់ និងដកហូតគ្រឿងញៀនជាង ៣០០ក្រាម។
ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនបានជាបន្តបន្ទាប់ ធ្វើឡើងជា២ដំណាក់កាល ដំណាក់កាលទី១ ក្នុងខេត្តតាកែវ៖ នាវេលាម៉ោង ០៦:៥០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយ លោកអនុសេនីយ៍ឯក ជួន តូរតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីដឹកជញ្ជូន រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះសំណាក់លីហ៊ួរ ក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ។ និងដំណាក់កាលទី២ ពន្លាតទៅរាជធានីភ្នំពេញ៖ នៅវេលាម៉ោង ១២:៥០នាទី ថ្ងៃខែដដែល កម្លាំងជំនាញខេត្តតាកែវបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ួង វិរៈរត្នមុនី ដោយមានការសម្របសម្រួលពី លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តចុះបង្ក្រាបនៅផ្ទះសំណាក់ប៉ារ៉ាឌី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១ នាក់ (ប្រុស) ដែលមានអាយុចន្លោះពី ១៦ ដល់ ២៥ ឆ្នាំ រួមមាន៖ មកពីក្រុងដូនកែវ៖ ជឹម រតនា (១៧ឆ្នាំ), ឡុង បូរ៉ា (២១ឆ្នាំ), វឿន ចាន់បរមី (១៦ឆ្នាំ), ចាន់ រស្មី (២៣ឆ្នាំ), ទិត្យ រីណូបូរ៉ាមី (២១ឆ្នាំ), ពេជ្រ ស៊ីឡាង (១៧ឆ្នាំ) និង សៅ កែវពេជ្រមេត្តា (១៦ឆ្នាំ)។ មកពីស្រុកទ្រាំង៖ ឈៀក ត្រា (១៦ឆ្នាំ), ទឹម សុខណា (២៥ឆ្នាំ) និង សន ចំរើន (២២ឆ្នាំ)។ មកពីខេត្តត្បូងឃ្មុំ៖ ពុត ម៉េងសឺ (១៧ឆ្នាំ)។
វត្ថុតាងដែលដកហូតបាន៖ ១. ម្សៅក្រាមពណ៌សថ្លា (គ្រឿងញៀន): ចំនួន ០៧ កញ្ចប់ (ក្នុងនោះមានកញ្ចប់ធំ ៣) ទម្ងន់សរុប ៣២៥.៤៤ ក្រាម។ ២. ជញ្ជីងថ្លឹង៖ ០១ គ្រឿង។ ៣. មធ្យោបាយដឹកជញ្ជូន៖ ម៉ូតូ ០៤ គ្រឿង។ ៤. សម្ភារៈប្រើប្រាស់៖ ទូរស័ព្ទ ១២ គ្រឿង និងថង់វេចខ្ចប់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕


