ខេត្តកំពង់ចាម៖ រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រមាណជាង ១០០០ អង្គនាក់ បាននិមន្ត/ជួបជុំគ្នា ដើម្បីរៀបចំ «ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាត់បង់ និងជា វិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។ ជាក់ស្ដែង នៅខេត្តកំពង់ចាម បានប្រារព្ធពិធីនេះ នៅបរិវេណវត្តខេមវ័នបឹងស្នាយ ក្នុងក្រុងកំពង់ចាម ក្រោមការអញ្ជើញចូលរួម ពីឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត រួមទាំង ឯកឧត្ដម លោកជំទាវ និងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ផងដែរ ។
ព្រះចៅអធិការវត្តខេមវ័ន បឹងស្នាយ ព្រះនាម ធម្មសាលវង្ស សា វីរៈ មានសង្ឃដីការ អោយដឹងថា គោលបំណងនៃការជួបជុំគ្នានាឱកាសនេះ គឺដើម្បីរួមគ្នាបួងសួងសុំឱ្យសេចក្តីសុខ សន្តិភាព និងស្ថិរភាព កើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈម នឹងសង្គ្រាមជាមួយនឹងយោធាថៃ និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាព ដោយសន្តិវិធី និងធម៌អហិង្សា។
ព្រះអង្គមានសង្ឃដីការ អោយដឹងបន្ថែមថា ការនិមន្ត/ចូលរួមបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការរួបរួម និងការឯកភាពរបស់ប្រជាជនខ្មែរ ក្នុងការគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល បងៗកងទ័ព ព្រមទាំងការឈរលើឆន្ទៈរួមក្នុងការបដិសេធសង្គ្រាម មិនគាំទ្រអំពើហិង្សា និងការស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រជាជនប្រទេសទាំងពីរ តាមគោលការណ៍អហិង្សា មនុស្សធម៌ និងសាកលភាពសាសនា។
ក្នុងពិធីសាសនា នាឱកាសនេះ ក៏មានកិច្ចឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី និងអធិបតេយ្យភាពជាតិ ដែលនេះជាការបង្ហាញក្តីគោរព និងការចងចាំមិនរលត់ចំពោះវីរភាព រួមទាំងការលះបង់ដ៏ធំធេងបំផុតសម្រាប់ជាតិ មាតុភូមិ។
ក្រៅពីកិច្ចសាសនា ការបួងសួងសុំសេចក្តីសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់មហាជនខ្មែរ ត្រូវបានមើលឃើញថាជាសារនយោបាយ និងមនុស្សធម៌ដ៏ច្បាស់លាស់របស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាចង់បានសន្តិភាព កម្ពុជាត្រូវការសន្តិភាព ហើយកម្ពុជាពិតជាមានចេតនាស្មោះត្រង់ក្នុងការបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើកិច្ចសន្ទនា ការទូត និងច្បាប់អន្តរជាតិ និងស្មារតីមនុស្សធម៌ ដើម្បីការពារជីវិតប្រជាជន រក្សាស្ថិរភាពសង្គម និងធានាអនាគតជាតិប្រកបដោយសុខសាន្ត ដែលជាមូលដ្ឋាននៃការអភិវឌ្ឍយូរអង្វែង។
សូមជម្រាបថា ខណៈពេលដែលមហាជនខ្មែរបានមកជួបជុំគ្នានៅបរិវេណបរិវេណវត្តខេមវ័ន បឹងស្នាយ ក៏ដូចជានៅវិមាន ឈ្នះ-ឈ្នះ និង ព្រះសង្ឃ និងពុទ្ធបរិស័ទនៅតាមបណ្ដារាជធានី-ខេត្តផ្សេងទៀត ក៏បាននិមន្ត/ជួបជុំគ្នានៅទីតាំងសុវត្ថិភាពតាមបណ្តារាជធានីខេត្ត រៀងៗខ្លួន ដើម្បីរួមគ្នាបង្ហាញឆន្ទៈសង្គមច្បាស់លាស់ ក្នុងការបដិសេធសង្គ្រាម និងគាំទ្រដំណោះស្រាយសន្តិវិធី ឈានឆ្ពោះទៅរកសន្តិភាពមួយពិតប្រាកដសម្រាប់កម្ពុជាផងដែរ៕


