ខេត្តមណ្ឌលគិរី៖ រថយន្ត highlander ពាក់ស្លាកលេខខ.ម១គ្រឿងដែលត្រូវបានក្រុមមន្ត្រីបរិស្ថាន បង្ក្រាបកាលអំឡុងខែឧសភាកន្លងទៅ បានត្រូវគេដោះស្លាកលេខចេញ ហើយបំពាក់ស្លាកលេខស៊ីវិលដែលមិនដឹងថា តើស្របច្បាប់ឬមិនស្របច្បាប់នោះទេ ហើយកំពុងធ្វើចរាចរណ៍ជាធម្មតាដែលគេសង្ស័យថា រថយន្តនោះទំនងជាបានក្លែងភេទស្របច្បាប់រួចហើយ(!)។
ក្នុងករណីនេះលោកហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលជាអតីតអនុប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានទម្លាក់ការងារនេះឲ្យទៅលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរដោយលោកអះអាងថា ជាប់រវល់ប្រជុំ ។ លោកហាន សាខន ប្រធានការិយាល័យស្តីទីគាំពារបរិស្ថានបានជំរុញឲ្យអ្នកកាសែតសួរទៅលោកប្រធានមន្ទីរ ដែលជាមេកើយរបស់ខ្លួន។ យ៉ាងណាក៏ ដោយគេហទំព័រយើងខ្ញុំរង់ចាំចម្លើយពីភាគីពាក់ព័ន្ធផ្សេងទៀតជុំវិញសំណុំរឿងនេះ។
លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានបានឆ្លើយ តបតាមសំណេរលើប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះថា”ក្រោយពីបានបញ្ជូនសំណុំរឿងទៅសាលាដំបូង នៅដំណាក់កាលចៅក្រមស៊ើបសួរ ស្លាកលេខ(ខម )គឺក្លែងក្លាយ ស្លាក់លេខពិតរក្សាទុកនៅក្នុងឡានផ្ទាល់”។ មួយឃ្លាទៀតលោកអនុប្រធានមន្ទីរបញ្ជាក់ថា” ហើយការប្រើប្រាស់នេះគឺសម្រាប់តែអង្គភាពមន្ទីរបរិស្ថានតែ ប៉ុណ្ណោះនឹងមានការអនុញ្ញាត្តត្រឹមត្រូវ។សូមអរគុណ”។
មន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់១រូបថ្លែងថា ប្រសិនបើការយករថយន្តទៅប្រើប្រាស់នោះ មានការយល់ព្រមជាផ្លូវការពីស្ថាប័នតុលាការនោះ មិនមានបញ្ហាអ្វីទេ។ ក៏ប៉ុន្តែប្រសិន បើ មិនមានការយល់ព្រមពីស្ថាប័នតុលាការទេ ដូច្នេះការយករថយន្តនោះទៅប្រើប្រាស់គឺជាទង្វើខុសច្បាប់។ ជាង នេះទៅទៀត ប្រសិនបើរថយន្តនោះត្រូវបានបកស្លាខលេខដើម(ខ.ម) ហើយដាក់ស្លាកលេខស៊ីវិលវិញនោះគឺជារឿងមួយដែលកាន់តែខុសច្បាប់ថែមទៀត។
ប្រភពបានខ្សឹបខ្សៀវថា លោកហាន សាខន ហៅនាយកថា មានរឿងអាស្រូវជាច្រើនតាំងពី នៅជាប្រធានការិយា ល័យដែលជម្រកសត្វព្រៃកែវសីមា។ លោកមានសំណុំ រឿងពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់នៅឯតុលាការដែលខ្លះថាមិនទាន់ដោះស្រាយចប់នោះផង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោក វុធ សារុំ ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច. លំផាត់ ដឹកនាំមន្ត្រី ចុះបង្ក្រាបបទល្មើសនៅចំណុចផ្លូវលំឃុំមេម៉ង់ស្ថិតនៅភូមិពូញាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានចាប់ឃាត់រថយន្តដឹកឈើចំនួន១គ្រឿង ខណះពេលនោះអ្នកបើកបរបានបើកទ្វារថយន្តរត់គេចខ្លួនបាត់។ ក្រុមការងារបានសម្រេចធ្វើការដកហូតវត្ថុតាំងនៅកន្លែងកើតហេតុរួមមានៈ រថយន្តម៉ាក HIGH LANDER ផលិតឆ្នាំ២០០៨ ពណ៌សពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-7583 ចំនួន០១គ្រឿង និងឈើប្រភេទលេខ១សុក្រម កែច្នៃជាទ្វារួចមានចំនួន ០៥វង់ វត្ថុតាងយកទៅរក្សា ទុកនៅស្នាក់ការរងបរិស្ថានមេម៉ង់ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


