ខេត្តមណ្ឌលគិរី៖ គណៈបញ្ជាការឯកភាពស្រុកកោះ ញែក ក្រោមការដឹកនាំរបស់លោក សី ទូច អភិបាលស្រុក បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ឆ្មក់បង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើ និងឡធ្យូងចំនួន ១៣ កន្លែង និងប្រមូលឈើបានជាង១០ម៉ែត្រគូប ដែលបានបើកអាជីវកម្មគ្មានលិខិតអនុញ្ញាត។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៣ខែធ្នូ ឆ្នាំ ២០២៥ ដោយមានការ សម្រប សម្រួលពីលោក សុង គឹមហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។ នេះបើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាននៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥នេះ
លោក សី ទូច អភិបាលស្រុកកោះញែក បានប្រាប់មកបណ្ដាញសារព័ត៌មានពេញចិត្តមេឌាថា ការចុះបង្ក្រាបនេះ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធបទ ល្មើសព្រៃឈើ និងធនធានធម្មជាតិ។ ទីតាំងដែលចុះបង្រ្កាបនៅតំបន់ព្រៃឈើ ស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែសង្គម ។ លោកបញ្ជាក់ថា សមត្ថកិច្ចចម្រុះកំពុងបន្តវាស់វែងឈើដែលប្រមូលបាន ជាបឋម មានសរុបប្រមាណជាង១០ម៉ែត្រគូប និងបានកម្ទេចឡធ្យូង១១កន្លែង។ លោកបានបន្ថែមថា សមត្ថកិច្ចលោកនឹងធ្វើកិច្ចការនេះជាបន្តទៅទៀតដោយមិនដកដៃឡើយ។
ឆ្លើយតបចំពោះសំនួរ របស់បណ្ដាញប្រាប់ព័ត៌មានពេញចិត្តមេឌា ថាតើឈើដែលកាប់រួចទាំងនោះមានប្រភពមកពីណា? លោកអភិបាលស្រុកបានឆ្លើយថា ” វាមិនមែនមកពីខេត្តផ្សេងទេ! គឺមកពីក្នុងស្រុក(កោះញែក)យើងហ្នឹង,ដែលអ្នកខ្លះទិញទុកនៅក្រោមផ្ទះកាលពីឆ្នាំមុន”។ លោកបានបន្ថែមថា នៅ ពេលដែលសមត្ថកិច្ចចម្រុះទៅដល់ ម្ចាស់ផ្ទះមួយចំនួនបានចាក់សោរហើយចាកចេញពីផ្ទះបាត់ទៅហើយ។
ប្រការនេះធ្វើឲ្យក្រុមអ្នកសង្កេតការឃ្លាំមើលបញ្ហាបរិស្ថានយល់ថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ជាពិសេសស្រុកកោះញែក នៅតែកើត មានធម្មតា។ មិនដឹងថា តើឈើទាំងនោះកាប់ចេញពីតំបន់ដែនជម្រកសត្វព្រៃបរិស្ថាន ឬក៏ក្នុងដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើនោះទេ ? បញ្ហានេះ តើស្ថាប័នជំនាញបរិស្ថាននិងកសិកម្មយល់ថា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនមានសកម្មភាពកាប់ឈើដែរឬទេ? ចំណុចនេះគួរតែមានការឆ្លើយបំភ្លឺឲ្យបានច្បាស់លាស់ជូនមហាជនក៏ដូចជា ក្រុមអ្នកសង្កេតការណ៍។
ប៉ុន្តែតាមរយៈរូបភាពដែលបានបង្ហាញ គឺគេអាចយល់បានថា ឈើដែលប្រមូលបានមិនមែនទំហំតិចតូចនោះទេ។ ចំណុចនេះបានចោទជាសំណួរថា តើឈើដែលប្រមូលបានត្រូវបានកាប់ចេញពីតំបន់ណាខ្លះ? មិនតែ ប៉ុណ្ណោះបើតាមប្រភពនានាប្រាប់ថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី នៅតែកើតមាន។ ជាក់ស្ដែងក្រៅពីស្រុកកោះញែដែលរកឃើញឈើថ្មីៗ, នៅឯដែនជម្រកសត្វព្រៃកែវសីមាក៏រកឃើញការកាប់បំផ្លាញព្រៃឈើនេះដែរ បើទោះបីជាមានមន្ត្រីឧទ្យានុរក្សខំដើរល្បាតផង ដើររើសសម្រាមផងរាល់ថ្ងៃក៏ដោយ។
គេមិនអាចដាក់ការទទួលខុសត្រូវ ឬស្ដីបន្ទោសទៅលើអាជ្ញាធរដែនដីមានសមត្ថកិច្ចនោះទេ ប៉ុន្តែវាជាការទទួល ខុសត្រូវរបស់ស្ថាប័នជំនាញ ដែលមានរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម និងមន្ត្រីបរិស្ថាន។ តើឈើដែលសេសសល់ ហើយរងការកាប់បំផ្លាញសព្វថ្ងៃស្ថិតក្នុងដែនសមត្ថកិច្ចអ្នកណា?៕


