ជ្រកក្រោមស្លាកក្រុមហ៊ុនស៊ីភី ថៅកែទិញជ្រូកឈ្មោះ នូច ពាក់ព័ន្ធនឹងការចែកចាយសាច់ជ្រូកដែលមានជំងឺ ២៥ខេត្ត-ក្រុង

ជ្រកក្រោមស្លាកក្រុមហ៊ុនស៊ីភី ថៅកែទិញជ្រូកឈ្មោះ នូច ពាក់ព័ន្ធនឹងការចែកចាយសាច់ជ្រូកដែលមានជំងឺ ២៥ខេត្ត-ក្រុង

ខេត្តកំពង់ស្ពឺ៖ ប្រភពព័ត៌មានគួរអោយទុកចិត្តបានឱ្យដឹងថា ឈ្មួញម្នាក់ឈ្មោះ នូច រស់នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងធ្វើអាជីវកម្មទុច្ចរិត ដោយលួចលាក់ប្រមូលទិញ និងចែកចាយជ្រូកដែលមានជំងឺធ្ងន់ធ្ងរ ទៅកាន់ទីផ្សារទូទាំង២៥ខេត្ត/ក្រុង ដោយជ្រកក្រោមស្លាកក្រុមហ៊ុនស៊ីភី។ នៅពេលដែលឮមិនមានសមត្ថកិច្ចជំនាញណាត្រួតពិនិត្យនោះទេ ព្រោះជាក្រុមហ៊ុនស្របច្បាប់។

ប្រភពពីកសិដ្ឋានចិញ្ចឹមជ្រូក ក្រុមហ៊ុនថៃ CP (Charoen Pokphand) បានទម្លាយការចោទប្រកាន់ធ្ងន់ធ្ងរថា មានថៅកែទិញជ្រូកធ្វើអាជីវកម្មទុច្ចរិត ដោយលួចលាក់ប្រមូលទិញ និងចែកចាយជ្រូកដែលមានជំងឺទៅកាន់ទីផ្សារទូទាំង២៥ខេត្ត/ក្រុង។ ការចោទប្រកាន់ពីការឃុបឃិតប្រមូលជ្រូកឈឺនេះ លោក នូច ឃុបឃិត ជាមួយបុគ្គលិក និងពេទ្យសត្វប្រចាំការ ក្នុងរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុន CP ដើម្បីប្រមូលយកជ្រូកឈឺ ទាំងអស់ រាល់ពេលដែលក្រុមហ៊ុនផ្ទុះជំងឺជ្រូកសាហាវៗ ដូចជា ជំងឺប៉េស្តអាហ្រ្វិក (African Swine Fever – ASF) ឬ ជំងឺអុតក្តាម/ឈាមខ្មៅ។

ទង្វើរបស់ឈ្មួញនេះគឺបានផ្ទុយពីគោលការណ៍ក្រុមហ៊ុន ពីព្រោះជាធម្មតា ក្រុមហ៊ុន CP តម្រូវឱ្យ យកជ្រូកឈឺ ឬងាប់ទាំងនោះទៅកប់ចោលទាំងអស់ជាដាច់ខាត មិនអនុញ្ញាតឱ្យលក់ចេញឡើយ។ ប៉ុន្តែ លោក នូច បែរជាដឹកជញ្ជូនជ្រូកឈឺរាប់រយរាប់ពាន់ក្បាល ចូលទៅផ្ទះរបស់ខ្លួនឯងផ្ទាល់នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ដើម្បីធ្វើការកែច្នៃ និងលក់ចែកចាយបន្តទាំងមូល ឬកាប់យកសាច់លក់ទៅកាន់២៥ខេត្ត/ក្រុង ដោយរលូនក្រោម រូបភាពនៃការឃុបឃិតជាប្រព័ន្ធតាំងពីយូរណាស់មកហើយ។

សកម្មភាពនេះត្រូវបានគេចោទប្រកាន់ថាធ្វើឡើងដោយបិទបាំងគុបគិតពីម្ចាស់ក្រុមហ៊ុន CP និងជាប់ពាក់ព័ន្ធរបស់មន្ត្រីពេទ្យសត្វដែលប្រចាំការនៅក្រុមហ៊ុនស៊ីភី។

ប្រភពបានបន្តឱ្យដឹងថា ការដឹកជញ្ជូនជ្រូកឈឺដ៏គ្រោះ ថ្នាក់នេះ មានជាប់ពាក់ព័ន្ធនឹងមន្ត្រីរាជការមួយចំនួនផងដែរដូចជាលោកវណ្ណី ជាប្រធានការិយាល័យពេទ្យសត្វខេត្តកំពង់ស្ពឺ ត្រូវបានចោទប្រកាន់ថាជាអ្នក “បើកដៃ” ឱ្យឈ្មោះ និមល (ពេទ្យសត្វប្រចាំរោងចិញ្ចឹមជ្រូកក្រុមហ៊ុន CP) និងប្អូនប្រុសរបស់ឈ្មោះ និមល (ជាពេទ្យក្រៅក្របខណ្ឌរដ្ឋ) ឃុបឃិតជាមួយលោក នូច។

ការឃុបឃិតគ្នានេះ ត្រូវបានគេអះអាងថាជាកត្តាដែលអនុញ្ញាតឱ្យលោក នូច អាចដឹកជញ្ជូនជ្រូកឈឺចេញពីក្រុមហ៊ុនបានយ៉ាងងាយស្រួល ដើម្បីបន្តលក់ចែកចាយដល់សាធារណជនទូទៅ។

ប្រជាពលរដ្ឋដែលរស់នៅជិតផ្ទះរបស់លោក នូច ក្នុងភូមិស្លា ឃុំស្រង់ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងដោយពួកគេខ្លាចក្រែងជំងឺជ្រូកឆ្លងមកមនុស្ស ដោយ សារ កាកសំណល់ជ្រូកឈឺបានហូរពាសវាលពាសកាល ក្នុងភូមិ និងមានក្លិនឆ្អាបទ្រាំមិនបាន។ ប្រជាពលរដ្ឋក៏ បានលើកឡើងដែរថា ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅតំបន់នោះ មិនអាចចិញ្ចឹមបានឡើយ ដោយសារតែឆ្លងជំងឺងាប់អស់។

ក្រសួងជំនាញត្រូវតែពិនិត្យមើលករណីនេះឲ្យបានច្បាស់លាស់ពីព្រោះវាប្រឈមនឹងហានិភ័យនៃការប្រើប្រាស់សាច់ជ្រូករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលផ្ដល់ទំនុកចិត្តចំពោះក្រុមហ៊ុនស៊ីភី។ ហានិភ័យនោះគឺបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋតែម្ដង៕

img 20251114 094739 423 img 20251114 094739 898 fb img 1763081717007 fb img 1763081714435 img 20251114 094739 565

Scroll to Top