ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីបុណ្យឆ្លងចេតិយ និងខួប ១០០ថ្ងៃ វីរយុទ្ធជន ព្រិន្ទបាលឯក ភាព សោភ័ណ នៅស្រុកស្ទឹងត្រង់

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីបុណ្យឆ្លងចេតិយ និងខួប ១០០ថ្ងៃ វីរយុទ្ធជន ព្រិន្ទបាលឯក ភាព សោភ័ណ នៅស្រុកស្ទឹងត្រង់

កំពង់ចាម៖  អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមពិធីបុណ្យឆ្លងចេតិយ និងខួប ១០០ថ្ងៃ វីរយុទ្ធជន ព្រិន្ទបាលឯក ភាព សោភ័ណ ដែលបានពលីក្នុងសមរភូមិមុខ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ស្ថិតនៅគេហដ្ឋាន ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សូមបញ្ជាក់ជូនថា សពវីរយុទ្ធជន ពលបាលឯក ភាព សោភ័ណ្ឌ អាយុ ៤៦ឆ្នាំ បម្រើការងារនៅកងពលលេខ២១ ចំណុះយោធភូមិភាគ២ មានភរិយាឈ្មោះ ជឹង គឹមហ៊ាង អាយុ៤៥ឆ្នាំ ប្រកបរបរ លក់បាយក្នុងផ្សារបែកអន្លូង មានកូនចំនួន៤នាក់ ស្រីទាំង ៤នាក់។

ការបាត់បង់ វីរកងទ័ព ព្រិន្ទបាលឯក ភាព សោភណ្ឌ គឺជាការបាត់បង់នូវស្វាមី និងឪពុកជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ អង់អាចក្លាហាន ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានផ្តាំផ្ញើដល់ភរិយា វីរយុទ្ធជន និងកូនៗ សូមខិតខំថែទាំសុខភាពឲ្យបានល្អប្រសើរ ព្រោះបច្ចុប្បន្ននេះ អាកាសធាតុមានភាពប្រែប្រួល ដោយកម្ពុជាយើងបានទទួលរងសម្ពាធពីព្យុះមូសុង ដែលអាចបណ្តាលឲ្យកើតផ្តាសាយផងដែរ ជាពិសេសត្រូវជំរុញដល់កូនៗឲ្យខិតខំរៀនសូត្រ និងនាំកូនៗ គ្រប់អាយុ ទៅចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះជូនគ្រួសាវីរយុទ្ធជន ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ស្ថិតនៅឃុំ អារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលសំណង់ខាងលើសម្រេចការសាងសង់បានប្រមាណ ៧០% ដោយរំពឹងថានឹងរួចរាល់១០០% នៅបំណាច់ឆ្នាំ២០២៥ នេះ។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាន សម្រេចឲ្យក្រុមអ្នកម៉ៅការ រៀបចំតួរផ្ទះទាំងមូលឡើងទៅលើឲ្យបាន ១,៥ម៉ែត្រ បន្ថែមទៀត ទៅតាមការស្នើសុំរបស់អ្នកស្រី ជឹង គឹមហ៊ាង ដែលជាភរិយានៃសព។ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ សូមចុះត្រួតពិនិត្យការដ្ឋានសំណង់ខាងលើជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណាឲ្យក្រុមជាងអនុវត្តការងារប្រកបដោយស្តង់ដារ ដើម្បីឲ្យសំណង់មានគុណភាពខ្ពស់៕

fb img 1762502603882 fb img 1762502606529 fb img 1762502620803 fb img 1762502638092 fb img 1762502641071 fb img 1762502632671 fb img 1762502615198 fb img 1762502612227 fb img 1762502601297 fb img 1762502644267 fb img 1762502654945 fb img 1762502658526 fb img 1762502629202 fb img 1762502666773

Scroll to Top