នៅស្រុកភ្នំស្រួចលើផ្លូវជាតិលេខ៤÷រណ្ដៅដីអត់ច្បាប់ដូចជាការដឹកជញ្ជូនមិនគ្របកំពុងចោទជាបញ្ហា

នៅស្រុកភ្នំស្រួចលើផ្លូវជាតិលេខ៤÷រណ្ដៅដីអត់ច្បាប់ដូចជាការដឹកជញ្ជូនមិនគ្របកំពុងចោទជាបញ្ហា

ខេត្ត​កំពង់ស្ពឺ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវជាតិលេខ 4 ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួចមើលឃើញដោយផ្ទាល់ភ្នែកថា ក្រុមឈ្មួញដែលមានមុខសញ្ញាធ្លាប់មិនគោរពបទដ្ឋានបច្ចេកទេសត្រឹមត្រូវ បានធ្វើសកម្មភាពជីកកកាយរណ្ដៅដីអាជីវកម្មនៅភូមិប្លុកតាសេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងដឹកជញ្ជូនដីលើសទ្រុងធ្លាក់អាចម៍ដីលើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ៩១ ទៅដល់ ៩៣ បង្កជាភក់ជ្រាំ និងធូលីហុយនៅពេលស្ងួត ប៉ះពាល់ដល់បរិស្ថាន,ប៉ះពាល់ដល់សាធារណៈជនដែលធ្វើដំណើរ ទាំងសុវត្ថិភាព សុខភាព និងជីវភាពរបស់អ្នកភូមិ។

​ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ចំណុចខាងលើបានឱ្យដឹងថា សកម្មភាពក្រុមឈ្មួញនេះហាក់ដូចជាមិនញញើតអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធឡើយ ខណៈដែលពុំទាន់មានច្បាប់អនុញ្ញាតពេញលេញក្នុងដៃ។ គេបានសុំច្បាប់ចាក់បំពេញដីត្រឹម ២០ ហិកតា ប៉ុន្តែទំហំក្នុងគម្រោងគឺរាប់សិបហិកតា។ រីឯច្បាប់ជីកកកាយដីវិញ សុំត្រឹមតែ ១ ហិកតា លើរណ្ដៅដីចាស់ជាច្រើនហិកតាដែលធ្លាប់មានការគប់គិតគ្នាមិនបង់ពន្ធពីសំណាក់ក្រុមឈ្មួញមុនៗដែលជាទីតាំងរណ្ដៅចាស់ដែលធ្លាប់កាយដីលក់ឥតច្បាប់។

មន្ត្រីនៃរដ្ឋបាលស្រុកភ្នំស្រួចបានខ្សឹបឲ្យដឹងថា ថៅកែគ្រឿងចក្រមុខដដែលៗ ក្នុងការដឹកជញ្ជូនអាចម៍ដីមិនខ្វល់នឹងគោរពតាមបទដ្ឋានបច្ចេកទេសនិងច្បាប់ទម្លាប់នោះ លោក ប៊ុត សារ៉ាត់ ហៅ អ៊ឹម គាត់មានរបររកស៊ីក្នុងការដឹកជញ្ជូនអាចដីនេះជាយូរណាស់មកហើយ ហើយ ក៏មិនដែលខ្វល់នឹងត្រូវគ្របអាចម៍ដីក្នុងពេលដឹកជញ្ជូននោះដែរ។ ដូចគ្នានេះដែរ លោក ពេជ ឧត្តម ដែលជាអ្នក សុំច្បាប់សិប្បកម្មអាជីវកម្មរណ្ដៅដី គិតតែពីជីករហូតជម្រៅក្បាលប្រេតក៏មិនខ្វល់ ហើយក៏មិនឃើញស្ថាប័នជំនាញទៅកើតឈ្ងោក មើលលក្ខណៈបច្ចេកទេសនៃការជីកនោះដែរ។

​លោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែខេត្តកំពង់ស្ពឺ បានប្រាប់អ្នកកាសែតឱ្យដឹងថា ករណីនេះធ្លាប់បានអប់រំម្ដងហើយ ហើយនឹងចុះទៅពិនិត្យបន្តទៀត។ ទោះជាយ៉ាង នេះក្ដី អ្វីដែលគួរឱ្យឆ្ងល់ គឺឈ្មួញបានធ្វើសកម្មភាពមុនមួយសប្ដាហ៍ទៅហើយ ទើបតែពេលធ្លាយរឿងទប់លែងជាប់ ទើបឃើញមន្ត្រីជំនាញចុះទៅឱ្យបញ្ឈប់សកម្មភាពរង់ចាំច្បាប់ធ្លាក់មកសិន។ តាមកំណត់ហេតុ អាចម៌ដីដែលកាយមុននោះ ត្រូវផាកពិន័យគុណជាពីរតាម ច្បាប់។ អ្នកខ្លះខ្សឹបខ្សៀវថា បើមិនធ្លាយរឿងដល់អ្នក កាសែតទេទំនងជាមិនមានការផាកពិន័យអ្វីឡើយ។

​អ្នកដែលមានបទពិសោធន៍លើកិច្ចការនេះបានលើក ឡើងថា ច្បាប់សិប្បកម្មរណ្ដៅដី ១ ហិកតា គឺមិនអាចកាយយកអាចម៌ដីបានពេញ ១ ហិកតាទេ ព្រោះត្រូវកាត់ចំណី ២០ ទៅ ៣០ អា ហើយច្បាប់អនុញ្ញាតឱ្យជីកបានជម្រៅត្រឹមតែ ៥ ម៉ែត្រប៉ុណ្ណោះ ខណៈដែលជម្រៅចាស់ជាមធ្យមមានជាង ១ ម៉ែត្រស្រាប់ទៅហើយ។ ដូច្នេះ ទំហំអាចម៌ដីដែលអាចទទួលបានអាចម៍ដីប្រហែល ៥ ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។ នេះជាចម្ងល់ថា តើគ្រប់តម្រូវ ការយកទៅចាក់បំពេញដីរាប់សិបហិកតាឬទេ? ហេតុអ្វីមិនសុំច្បាប់ឱ្យទាន់តម្រូវការជាក់ស្ដែង ខណៈដែលទី តាំងរណ្ដៅចាស់នោះមានទំហំធំ ហើយធ្លាប់មានឈ្មួញមុនៗ បានជីកយកដីលក់គេចមិនបង់ពន្ធចូលរដ្ឋទៀតផង៕

បណ្ដាញសារព័ត៌មានពេញចិត្តមេឌា រង់ចាំការស្រាយបំភ្លឺគ្រប់ភាគីដែលពាក់ព័ន្ធ តាមច្បាប់ស្តីរបបសារព័ត៌មាន

img 20251026 164058 554 img 20251026 164058 058 img 20251026 164058 278 img 20251026 164058 027 img 20251026 164057 985 img 20251026 164053 940 img 20251026 164053 834 img 20251026 164054 503 img 20251026 164053 932 img 20251026 164054 110

Scroll to Top