ខេត្តកំពង់ឆ្នាំង ៖ អ្នកកាសែតបានឃើញនិងថតរូបផ្ទាល់អំពីសកម្មភាព ដែលរថយន្តរាប់សិប គ្រឿងដឹកអាចម៍ដីនៅចំណុចខាងលិចភ្នំខ្លា ក្នុងភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ អាជ្ញាធរមូលដ្ឋានក៏ដូចប្រជាពលរដ្ឋមិនដឹងថា តើការដ្ឋានរណ្ដៅដី នេះមាន ច្បាប់ទម្លាប់ដែរឬក៏យ៉ាងណានោះទេ។
អ្នកភូមិជិតនោះប្រាប់ថា ទីតាំងរណ្តៅដីខាងលើ ជាកម្មសិទ្ធិរបស់លោក ពាញ គាលី ដែលកន្លងមកបានធ្វើសកម្មភាពជាច្រើនលើកច្រើនសារ ប៉ុន្តែបានផ្អាកសកម្មភាពមួយរយៈ ដោយបន្សល់ទុក នូវ រណ្តៅដីខ្នាតយក្ស និង មានជម្រៅជ្រៅ ក្នុងទំហំជាច្រើនហិកតា។ ប៉ុន្តែគេសង្កេតឃើញថា ៤-៥ ថ្ងៃនេះ មានសកម្មភាពជាថ្មី ដឹកដោយរថយន្តធុនធំ បង្កឱ្យខូចប្រាប់ថាខាតបាត់ស្រុតបំផ្លាញផ្លូវ ក្នុងនោះប្រជាពលរដ្ឋបានយក បង្គោលរបង និង បន្លា ស្រះបិទផ្លូវឆ្លងកាត់ចូលភូមិរបស់ពួកគាត់ផងដែរ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះការដ្ឋានរណ្ដៅដីយក្ស១កន្លែងខាងលើកំពុងតែមមាញឹកយ៉ាងខ្លាំងចំពោះសកម្មភាពកាប់គាស់កាយយកអាចម៍ដី ដោយគ្មាន អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធណា ចេញ មុខចុះមកពិនិត្យសោះឡើយ។
លោក ពាញ គាលី ម្ចាស់រណ្តៅដីខាងលើបានអះអាងថា គឺគាត់សុំច្បាប់ទៅភូមិ / ឃុំ /ស្រុក ស្តារបាតស្រះ បានទឹកសម្រាប់ប្រើប្រាស់ លើចំការប៉ុណ្ណោះ។
លោក ផុន សីហា អភិបាលរងស្រុករលាប្អៀរនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នេះថា លោកពុំទាន់ទទួលបានព័ត៌មាននេះនោះទេ ។
លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ មាន ប្រសាសន៍នៅព្រឹកថ្ងៃទី17 ខែតុលានេះថា អាជ្ញាធរស្រុកមិនចុះហត្ថលេខាឲ្យគាត់ធ្វើទៀតទេពីព្រោះគាត់មិនបានគោរពតាមការសន្យានោះឡើយ។ លោកអភិបាលស្រុកមានប្រសាសន៍ថារណ្ដៅដីនេះបានធ្វើអាជីវកម្មក្នុងផលប្រយោជន៍របស់ខ្លួនហើយមិនបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅតំបន់នោះទេ។
លោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង ទទួល បន្ទុក បានបញ្ជាក់ថា ចំពោះចំណុចទីតាំងរណ្តៅដីនោះជាដីឯកជន របស់លោក គាលី គឺអោយផ្អាកសកម្មភាពជិត១ឆ្នាំហើយ និងបានណែនាំអោយមកធ្វើឯកសារ នៅខេត្ត ប៉ុន្តែបើសិនជាគាត់ មិនបានមកធ្វើច្បាប់តាមការណែនាំទេ លោកក៏ពុំដឹងដែរ។
ជុំវិញទៅនឹងច្បាប់អនុញ្ញាត អាជីវកម្មជីក រណ្ដៅដី ខ្នាតយក្សមួយកន្លែងនេះ ប្រជាពលរដ្ឋបានខ្សឹបខ្សៀវគ្នាថា គឺពុំមានច្បាប់ត្រឹមត្រូវនោះទេ ពោលគឺរណ្ដៅដីបែបនេះមិនអាចស្នើសុំត្រឹមភូមិ,ឃុំ,ស្រុកបានឡើយ។
ពលរដ្ឋស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងឩស្សាហកម្មរ៉ែ និងថាមពល សូមជួយដឹកនាំកម្លាំងជំនាញចុះពិនិត្យមើលការដ្ឋានរណ្ដៅដីយក្ស ខាងលើ ដើម្បីអោយច្បាស់ថា បានអនុវត្ត ស្របតាមលក្ខណៈបច្ចេកទេស និងបានបង់សួយសារជូនរដ្ឋដែរឬ យ៉ាង ណា? ជៀសវាងមហាជនយល់ច្រឡំថា មានការបើក ភ្លើងខៀវពីអាជ្ញាធរ ដូចគេពាក្យពោលថា “ខ្មោចស្រុកមិនអោយដៃ ខ្មោចព្រៃមិនហ៊ានចូល” ។
ប្រជាពលរដ្ឋនៅតំបន់នោះឆ្ងល់ថា ហេតុអ្វីអាជ្ញាធរខេត្តកំពង់ឆ្នាំងបណ្ដោយឲ្យបុគ្គលម្នាក់ធ្វើអ្វីស្រេចតែនឹងចិត្តហើយជាងនេះទៅទៀត វាមិនមែនជាបទល្មើសតូចតាចដែលមើលមិនឃើញនោះទេ។ ករណីរថយន្តនិងគ្រឿងចាក់ធ្វើសកម្មភាពក៏គគ្រឹកគគ្រេងហេតុអ្វីអាជ្ញាធរចេះតែបណ្ដោយឲ្យបុគ្គលម្នាក់នេះបំពានច្បាប់ទៅកើត?៕


