ខេត្តពោធិ៍សាត់៖ រឿងរ៉ាវនៅក្នុងសង្គមមនុស្សចេះតែមានប្លែកៗ ប៉ុន្តែជីវិតប្ដីប្រពន្ធមិនគួរណាខ្វះការតស៊ូនឹងគ្នានោះទេ។ ករណីបុរសអត់ទ្រាំនឹងតណ្ហាខ្លួនមិនបាន ទៅរកស្រីខាងក្រៅគឺជារឿងមួយ ប៉ុន្តែការដែលរួមរស់ជាមួយគ្នាហើយផិតក្បត់ក្នុងសម្ព័ន្ធប្ដី-ប្រពន្ធគឺជារឿងផ្លូវច្បាប់។
នោះគឺករណីក្រុមគ្រួសារមួយរស់នៅភូមិដំបូក 100 ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រោះតែភាពក្រីក្រហើយប្ដីមិនសូវជាប៉ិនប្រសប់ ក្នុងការរកស៊ីចិញ្ចឹមក្រុមគ្រួសារទើបធ្វើឲ្យស្ត្រីជាភរិយាបានចេញទៅធ្វើជាកម្មករលក់កម្លាំងខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ដើម្បីយកប្រាក់មកចិញ្ចឹមគ្រួសារ ដែលមានកូនប្រុស៤នាក់។
ទ្រនំសុភមង្គលដែលធ្លាប់ស៊ីអត់ស៊ីឃ្លានជាមួយគ្នាជា មួយនឹងកូនប្រុសទាំង 4 នាក់ បុរសជាប្ដីឈ្មោះឆៃ ធី កើតឆ្នាំ 1978 មានស្រុកកំណើត នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងភរិយាស្របច្បាប់មានចុះអេត្តាស៊ីវិលត្រឹមត្រូវនៅឆ្នាំ 2022ឈ្មោះស៊ុន ស្រីពេជ្រកើតនៅឆ្នាំ 1986 មានស្រុកកំណើតនៅខេត្តកំពត។ ដោយបញ្ហាជីវភាពគ្រួសារស្ត្រីជាប្រពន្ធបានទៅធ្វើការស៊ីឈ្នួលនៅប្រទេសម៉ាឡេស៊ី ដោយបានចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី26 ខែកក្កដាឆ្នាំ 2023 ។
ពីប្រទេសម៉ាឡេស៊ីតាមប្រព័ន្ធបណ្ដាញសង្គម ស្ត្រីជាភរិយាបានឲ្យដឹងថា បន្ទាប់ពីចាកចេញពីប្រទេសកម្ពុជាកូនបីនាក់ ត្រូវបាននាងនាំឲ្យទៅរស់នៅជាមួយឪពុក ម្ដាយបង្កើតរបស់នាងនៅឯខេត្តកំពត និងកូនប្រុសពៅត្រូវបានអ្នកមានសណ្ដានចិត្តនៅខេត្តពោធិ៍សាត់សុំយកទៅជួយចិញ្ចឹមបីបាច់ថែរក្សា។ ការធ្វើយ៉ាងនេះដើម្បីសម្រួលបន្ទុករបស់ប្ដី ដោយគ្រាន់តែចំណាយពេលវេលាទៅអើតឈ្ងោកកូនម្ដងម្កាលប៉ុណ្ណោះបានហើយ។ ប៉ុន្តែតាំងពីការចាកចេញរបស់នាង,ប្ដីបានទៅមើលកូនតែ ម្ដងគត់នៅឯខេត្តកំពត ដែលកំពុងរស់នៅជាមួយឪពុក ម្ដាយរបស់នាងចាស់ជរាណាស់ទៅហើយ។
អ្នកស្រី ស៊ុនស្រីពេជ្រ បានបន្ថែមថា ដីធ្លីដែលសល់ ១កន្លែងមុនការចាកចេញរបស់អ្នកស្រី ក៏ត្រូវបានអ្នក ជិតខាងបង្ហើបថាត្រូវប្ដីនាងលក់បាត់ទៅហើយ។
អ្វីដែលហួសចិត្តជាងនេះទៅទៀត កាលពីថ្ងៃទី 5 ខែ តុលាឆ្នាំ 2025 នេះលោកប្ដីឈ្មោះឆៃ ធី បានសែនព្រេនយកភរិយាម្នាក់ទៀតនៅឯស្រុកកំណើតរបស់លោកប្ដីក្នុងភូមិស្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ តើទង្វើបែបនេះស្ត្រីណាមិនឈឺចិត្តខ្លោចផ្សារ..? បើទោះជាយ៉ាងណា ក៏ដោយស្ត្រីជាភរិយាស្រប ច្បាប់រូបនេះបញ្ជាក់ថា អ្នកស្រីហាក់ដូចជាអស់និស្ស័យជាមួយប្ដីនេះទៅហើយ,ពីព្រោះគាត់មិនមែនដូចប្ដីគេដទៃដែលជាអ្នកចេះទទួលខុសត្រូវរ៉ាប់រកបន្ទុកគ្រួសារទេ។ ប៉ុន្តែអ្នកស្រី ឆ្ងល់ថា តើអាជ្ញាធរអនុញ្ញាតឱ្យរៀបចំពិធីសែនព្រេន ក្លាយជាគូស្វាមីភរិយាយ៉ាងដូចម្ដេច បើខាងប្រពន្ធដើមនៅស្របច្បាប់ មានចុះអេត្តាស៊ីវិលត្រឹម ត្រូវនោះ?
អ្នកស្រីឆ្ងល់អំពីបញ្ហាច្បាប់ ខណៈដែលអាជ្ញាធរមូលដ្ឋានភូមិស្យាបឹងវែង,ឃុំបារាយណ៍,ស្រុកស្រីសន្ធរ យល់យ៉ាងដូចម្ដេច? សម្រាប់អ្នកស្រីគ្រាន់តែស្នើសុំឲ្យលោកឆៃ ធី ត្រូវបំពេញភារកិច្ចក្នុងកិច្ចការអាហារកិច្ចកូនទាំង 4 នោះផង។
អនុស្សាវរីយ៍ក្រលំបាកសព្វបែបយ៉ាង,ដោយបានតាំង ទីលំនៅក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានលោកប្ដីឆៃ ធីបំភ្លេចចោលទាំងស្រុង។ បុរសដូចលោកឆៃ ធី ត្រូវបានអ្នកស្រី ស៊ុន ស្រីពេជ្របញ្ជាក់ថា មិនមែនជាប្រុសដើមទ្រូង៥ហត្ថ ចេះទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានប្រព្រឹត្តនោះឡើយ។ យ៉ាងណាក៏ ដោយក្នុងនាមលោកជាប្ដីដែលមានកូនប្រុស៤នាក់ដែរនោះត្រូវតែបំពេញអាហារកិច្ចកូនឲ្យបានចប់ចុងចប់ដើមផង នេះជាក្តីរំពឹងរបស់អ្នកស្រីស៊ុន ស្រីពេជ្រ៕


