ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ(GBV) ខេត្តកំពង់ចាម ប្រចាំត្រីមាសទី៣ និងលើកទិសដៅបន្តត្រីមាសទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ(GBV) និងលោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ព្រមទាំងមានការ ចូលរួមពី តំណាងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក និងអង្គការដៃគូពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា គោលបំណង នៃកិច្ចប្រជុំនេះ គឺដើមី្បរិះរកអំពីបញ្ហាប្រឈមរបស់ក្រុមការងារ និងគោលដៅលើកកម្ពស់ និងពង្រីកការផ្តល់សេវាជាពហុវិស័យឆ្លើយតប ចំពោះអំពើហិង្សាលើស្រី និងក្មេងស្រី ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សាដែលពាក់ព័ន្ធនឹងយេនឌ័រគ្រប់ទម្រង់ដូចជាអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទ និងការជួញដូរស្រ្តី និងកុមារជាដើម។ ជាពិសេសនៅតាមបណ្តាក្រុង-ស្រុកទាំង១០ របស់ខេត្តត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពការងារ ហើយក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត ត្រូវមានកិច្ចសហការល្អជាមួយមន្ទីរស្ថាប័ន អង្គរភាពពាក់ព័ន្ធ ដើម្បីឆ្លើយតបដល់ជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័របានទាន់ពេលវេលា។
បន្ទាប់ពីពិភាក្សា និងពិនិត្យទៅលើរបាយការណ៍សម្រាប់ត្រីមាសកន្លងមករួច លោកជំទាវ អភិបាលរងខេត្ត ក៏បានកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានសហការអនុវត្តសកម្មភាពការងារបានល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ និងបានផ្តល់សេវាជួយដល់ជនរងគ្រោះបានជាច្រើនរូបផងដែរ។
លោកជំទាវអភិបាលរង ក៏បានជម្រុញដល់ក្រុមការងារសូមបន្តសហការ និងអនុវត្តការងារនេះបន្ថែមទៀត និងត្រូវបន្តស្វែងរកការគាំទ្រពីអ្នកពាក់ព័ន្ធ និងអង្គការដៃគូ ដើម្បីពង្រឹងសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាលរបស់ក្រុមការងារGBV ថ្នាក់ខេត្ត ក្រុង/ស្រុកថ្មីទាំង១០ បន្តកិច្ចសហការក្នុងការផ្តល់សេវាដល់ស្ត្រី និងក្មេងស្រី រងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើកផែនការរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥៕


