បុរសឈ្មោះ ធិន និងសេង ជាម្ចាស់របាំងស្បៃ,ព្រួលនេសាទខុសច្បាប់ នៅចំណុចព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង

បុរសឈ្មោះ ធិន និងសេង ជាម្ចាស់របាំងស្បៃ,ព្រួលនេសាទខុសច្បាប់ នៅចំណុចព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង

ខេត្តកណ្តាល÷កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ ២០២៥ ក្រុមអ្នក កាសែតបានទៅដល់ដោយផ្ទាល់នៅចំណុច ភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ឃើញមានបទល្មើសនេសាទព្រាតព្រាតពេញផ្ទៃទឹក ដែលអ្នកភូមិនៅទីនោះប្រាប់ថា បទល្មើសទាំងនេះគ្រប់គ្រងដោយបុរសឈ្មោះធិននិងសេង។ ប៉ុន្តែតាមរយៈរូបភាពដែលផ្ដល់ ជូនទៅលោកនាយខណ្ឌរដ្ឋបាលជលផលកណ្ដាលបានបំភ្លឺថា ជារូបភាពចាស់តាំងពីអំឡុងខែ កក្កដា ហើយត្រូវបានសមត្ថកិច្ចកម្ទេចអស់ហើយ។

ប្រភពពីអ្នកភូមិដែលនេសាទ លក្ខណៈគ្រួសារនៅតំបន់ខាងលើនេះប្រាប់ថា ផ្ទៃវាលទឹកទាំងនេះត្រូវបានឈ្មោះ ធិន និងសេង បានបង្កើតរបាំងព្រួលនេសាទ បិទបាំងដោយស្បៃមុងក្រឡាញឹក បោះបង្គោលឬស្សីពាសពេញផ្ទៃបឹង ហ៊ុំព័ទ្ធជុំវិញបឹងទន្លេជិតជុំតែម្តង ធ្វើឲ្យត្រីតូចត្រីធំមិនអាចបំលាស់ទីបានដោយសេរី ហើយបញ្ហានេះក៏គ្មានមន្ត្រីជំនាញជលផលណាម្នាក់ នៅស្រុកស្អាង ខេត្តកណ្ដាលហ៊ានអើតមុខចេញមើលនោះទេ។ ប្រជាពលរដ្ឋ សង្ស័យថា លោក ជឺ គឹមហៃ ចៅហ្វាយស្រុកស្អាង ទំនង ជាចូលដៃចូលជើងជាមួយនឹងឈ្មោះធិន និងសេង ទើបមិនដែលឃើញដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាប។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល លោកហេងសុ ភារឹទ្ធ បានបដិសេធរូបភាព ដែលភ្ជាប់ជាមួយថ្ងៃ ខែ ច្បាស់លាស់នោះថា ជារូបភាពចាស់ ហើយអ្នកកាសែតមានចេតនាបង្កឲ្យមានចលាចល ។ លោកនាយខណ្ឌបានបញ្ជាក់យ៉ាងដូច្នេះថា” យើងបានសួរនាំមន្ត្រីជំនាញរួចហើយ។ មន្ត្រីសង្កាត់បានបញ្ជាក់ថា អាហ្នឹងជារូបភាពចាស់ទេ របាំងទាំងនោះបានរុះរើតាំងពីខែ កក្កដាមកម្ល៉េះ”។

លោកនាយខណ្ឌបានសង្កត់ធ្ងន់ទៀតថា ” អ្នកខ្លះបានដុតឱ្យខ្លោច,រោចឲ្យឆៅ,វាធ្វើឲ្យមានការភាន់ច្រឡំហើយនាំឲ្យប្រជាពលរដ្ឋមួយចំនួនមិនសប្បាយចិត្ត ហើយវាជារឿងមិនល្អដោយសារអ្នកកាសែតគ្មានវិជ្ជាជីវៈ”។

សម្រាប់ប្រជាពលរដ្ឋនៅឃុំព្រែកអំបិល បានបញ្ជាក់យ៉ាងច្បាស់ថា បទល្មើសនេសាទនៅទីតាំងខាងលើ គឺជារឿងពិត ដែលស្ថិតនៅក្រោមការរៀបចំ និងចាត់ចែងឡើងដោយបុរសពីរនាក់ឈ្មោះធិន និងសេង។ គេមិនដឹងថាតើធិន និងសេង ..បានចែករំលែកផលប្រយោជន៍ដល់មន្ត្រីសង្កាត់ជលផលស្អាង ដែរឬយ៉ាងណានោះទេ? បានជាបទល្មើសនេសាទទាំងនេះ អាចដំណើរការបានដែល គេមើលនឹងភ្នែកទទេឃើញយ៉ាងច្បាស់នោះ។

នៅពេលដែលបទល្មើសនេសាទ បានរៀបចំជាប្រព័ន្ធយ៉ាងដូច្នេះគឺគេមិនអាចចាប់ភស្តុតាងជាចំហបានទេ។ ប្រសិនបើមានសមត្ថកិច្ចជំនាញចុះទៅបង្ក្រាបនោះ ក្រុមមន្ត្រីជំនាញដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ជាមួយឈ្មួញនិងកម្ទេចភស្តុតាងទាំងនោះ មុនសមត្ថកិច្ចទៅ ដល់។ ដូច្នេះគេមិនអាចរកភស្តុតាងនៃបទល្មើសឃើញបានឡើយ។ យ៉ាងណាក៏ដោយ គេមិនអាចបំភ្លៃការពិតពីភ្នែកមហាជននិងប្រជាពលរដ្ឋបានឡើយ៕

img 20250918 094558 366 img 20250918 094545 585 img 20250918 094535 706 img 20250918 094521 431 img 20250918 094507 315 img 20250918 094452 387

Scroll to Top