ការដ្ឋានរណ្ដៅដីនៅឃុំ-ស្រុកបាធាយកំពុងសម្រុក មានរថយន្តរាប់សិបគ្រឿង ដឹកជញ្ជូនខុសបច្ចេកទេស

ការដ្ឋានរណ្ដៅដីនៅឃុំ-ស្រុកបាធាយកំពុងសម្រុក មានរថយន្តរាប់សិបគ្រឿង ដឹកជញ្ជូនខុសបច្ចេកទេស

ខេត្តកំពង់ចាម÷ ប្រជាពលរដ្ឋ,សាធារណៈជន ធ្វើដំណើរពីភ្នំពេញ ទៅកំពង់ចាម លើផ្លូវជាតិលេខ៦ ជិតដល់ទីរួម ស្រុកបាធាយខ្វះប្រហែល១គីឡូម៉ែត្រ នៅខាងស្ដាំដៃនិងឃើញហ្វូងរថយន្តដឹកជញ្ជូនអាចម៍ដី កំពុងធ្វើសកម្មភាពដូចស្រមោចចេញពីការដ្ឋានមួយកន្លែង។ រដ្ឋបាលស្រុកបាធាយបានអះអាងថា ការដ្ឋានជីកយកអាចម៍ដីនោះ មានច្បាប់ទម្លាប់ត្រឹមត្រូវ ចេញពីថ្នាក់ខេត្តទៀតផង។

សកម្មភាពដឹកអាចម៍ដីដោយរថយន្តរាប់សិបគ្រឿង នៅចំណុចភូមិ-ឃុំ-ស្រុកបាធាយខេត្តកំពង់ចាម ធ្វើឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរ តាមផ្លូវជាតិលេខ៦Aរិះគន់យ៉ាងខ្លាំង។ ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនេះប្រាប់ថា ការដ្ឋានរណ្ដៅដីនេះជាកម្មសិទ្ធិរបស់ហ៊ាថន និងចែនី ដែលជាឈ្មួញដ៏ធំ និងមានមុខមាត់នៅក្នុងមូលដ្ឋានខាងលើ។ សកម្មភាពនៃការដឹកជញ្ជូននេះរងការរិះគន់ ពីអ្នកធ្វើដំណើរក៏ព្រោះតែមិនបានគ្របតង់ឲ្យបានត្រឹមត្រូវ។

នៅក្នុងទិដ្ឋភាពដែលអ្នកកាសែតបានឃើញផ្ទាល់ អំពីការដ្ឋានរណ្តៅដីខាងលើនេះ បើទោះជាការជីកដើម្បីស្ដារប្រឡាយឬធ្វើប្រឡាយថ្មី ក៏ដូចជា ការយកអាចម៍លក់យ៉ាងណាក៏ដោយ សកម្មភាពជីកយកអាចម៍ដីនោះមានរណ្ដៅដីជ្រៅ និងច្រើនដុំ ច្រើនកន្លែង ក្រហេងក្រហូង ដូចរន្ធបាយខុម។ រថយន្តរាប់សិបគ្រឿងដឹកជញ្ជូនអាចម៍ដី ដូចកណ្ដៀរ,ជញ្ជូនដីដើម្បីធ្វើដំបូក។

នៅក្នុងចំណោមរថយន្តរាប់សិបគ្រឿងទាំងនោះ ភាគ ច្រើនលើសលប់ មិនបានគ្របឲ្យបានត្រឹមត្រូវនោះទេ។ រថយន្តដែលបើកបរប្រជែងគ្នានៅលើផ្លូវ ជួនកាលអាចបណ្ដាលឲ្យធ្លាក់អាចម៍ដី ប៉ះពាល់ដល់សុវត្ថិភាពអ្នកធ្វើដំណើរតាមពីក្រោយនោះផងដែរ។មិនតែប៉ុណ្ណោះអាចម៍ ដីដែលធ្លាក់មកលើផ្លូវ ក៏ធ្វើឲ្យប៉ះពាល់ដល់ការគិតខិតខំប្រឹង ប្រែងរបស់អាជ្ញាធរស្រុកបាធាយ ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម នៅពេលដែលមានប្រតិភូជាតិ ឬអន្តរជាតិឆ្លងកាត់ផ្លូវជាតិលេខ៦Aត្រង់ចំណុចខាងលើនេះ។

លោកអូត ឈាងលី អភិបាលស្រុកបាធាយបានប្រាប់តាមប្រព័ន្ធទូរសព្ទនៅវេលាថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៥ ថា ការដ្ឋានជីកយកដីខាងលើនេះ មានច្បាប់ទម្លាប់ត្រឹម ត្រូវ ហើយមានអាជ្ញាប័ណ្ណចេញដោយរដ្ឋបាលខេត្តកំពង់ចាមទៀតផង។ លោកអភិបាលស្រុកសង្កត់ធ្ងន់ថាប្រជាពលរដ្ឋនៅជុំវិញតំបន់នេះខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រែ ក៏បានស្នើសុំឲ្យមានការជីកដើម្បីឲ្យមានប្រព័ន្ធមេទឹក។ ដូច្នេះប្រជាពលរដ្ឋក៏បានស្នើសុំទៅមន្ទីរជំនាញ ក្នុងការធ្វើប្រព័ន្ធមេទឹកសម្រាប់ស្រោចស្រពស្រូវ របស់ពួកគាត់។

លោកអភិបាលស្រុកបានបន្ថែមថា រដ្ឋបាលស្រុកតែងតែអប់រំណែនាំជាញឹកញាប់ អំពីបញ្ហា នៃការដែលត្រូវដឹក ជញ្ជូនគ្របតង់ដើម្បីកុំឲ្យធ្លាក់អាចម៍ដីលើផ្លូវជាតិ។ លោកថា ” ចាំមើលខ្ញុំឲ្យគេទៅមើលទៀត,ពីព្រោះយើងបានអប់រំណែនាំច្រើនដងហើយរឿងជ្រុះអាចម៍ដីនេះ”។ លោកបន្ថែមថា រដ្ឋបាលស្រុកនិងកោះហៅក្រុមហ៊ុនដឹកជញ្ជូនមកណែនាំបន្ថែមទៀត រឿងគ្របតង់ឱ្យបានត្រឹមត្រូវពេលដឹកជញ្ជូន។

បើទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋអ្នកធ្វើដំណើរក៏ដូចជាសហគមន៍នៅជិតតំបន់នោះ មិនសប្បាយចិត្តនៅពេលដែលឃើញក្បួនរថយន្ត ដឹកជញ្ជូនអាចម៍ដីអើត ក្បាល (ឡាន)ចេញមក ពួកគាត់មានសេចក្តីព្រួយបារម្ភទៅហើយ។ ជួនកាលអ្នកបើកបររថយន្តដឹកដីទាំងនោះបើកប្រជែងគ្នានៅលើដងផ្លូវ ដែលងាយនឹងបង្កគ្រោះ ថ្នាក់ដល់អ្នកធ្វើដំណើរ។ នៅពេលដែលរថយន្តមិនបានគ្របតង់ឲ្យបានត្រឹមត្រូវនោះ នឹងមានអាចម៍ដីជ្រុះធ្លាក់ មកហើយបង្កឲ្យរអិលដួលដល់អ្នកធ្វើដំណើរ។

ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយពិនិត្យអំពីបញ្ហាសុវត្ថិភាពសម្រាប់អ្នក ធ្វើដំណើរនៅចំណុចខាងលើ ដែលមានរថយន្តដឹកដីជាច្រើនគ្រឿងចេញ,ចូលនោះផង៕

20250910 111937 img 20250910 131058 543 img 20250910 131253 465 img 20250910 131252 777 img 20250910 131252 735 img 20250910 131253 469 img 20250910 131253 333 img 20250910 131253 539

Scroll to Top