ពលរដ្ឋលើកឡើងពីសំណង់ឃ្លាំងមួយកន្លែងនៅស្រុកកណ្ដាលស្ទឹង ខណៈមន្ត្រីជំនាញថារង់ចាំពិនិត្យជាមួយអាជ្ញាធរមូលដ្ឋាន

ពលរដ្ឋលើកឡើងពីសំណង់ឃ្លាំងមួយកន្លែងនៅស្រុកកណ្ដាលស្ទឹង ខណៈមន្ត្រីជំនាញថារង់ចាំពិនិត្យជាមួយអាជ្ញាធរមូលដ្ឋាន

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋមួយចំនួននៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានលើកឡើងអំពីសំណង់ឃ្លាំងមួយកន្លែងដែលកំពុងដំណើរការសាងសង់នៅក្នុងមូលដ្ឋាន ដោយស្នើឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យមើលភាពស្របច្បាប់ និងសុវត្ថិភាពសំណង់ ខណៈមន្ត្រីទទួលបន្ទុកសំណង់ថ្នាក់ស្រុកបញ្ជាក់ថា លោកនឹងពិនិត្យនិងសួរព័ត៌មានបន្ថែមពីអាជ្ញាធរឃុំជាមុនសិន។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឃ្លាំងដែលកំពុងសាងសង់នៅចំណុចភូមិកំពង់ទួលនោះ មានទំហំធំល្មម ហើយពួកគាត់សង្ស័យថាសំណង់នេះអាចមិនទាន់មានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវពីស្ថាប័នជំនាញនៅឡើយទេ។ ពលរដ្ឋបានបង្ហាញកង្វល់ថា ប្រសិនបើសំណង់ខ្នាតឃ្លាំងដំណើរការដោយគ្មានការត្រួតពិនិត្យបច្ចេកទេស និងច្បាប់សាងសង់ត្រឹមត្រូវ អាចនឹងបង្កផលប៉ះពាល់ ឬហានិភ័យណាមួយជាយថាហេតុនៅពេលអនាគត។

ជុំវិញករណីនេះ លោក រៀម ធុល អភិបាលរងស្រុកកណ្ដាលស្ទឹង ទទួលបន្ទុកផ្នែកសំណង់ បានប្រាប់អ្នកសារព័ត៌មានតាមរយៈទូរស័ព្ទថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិតអំពីសំណង់ឃ្លាំងនោះនៅឡើយទេ ដោយលើកឡើងថា នឹងសួរព័ត៌មានពីមេឃុំជាមុនសិន។
ដោយឡែក លោក ចាប ចន្ទវិទ្យា អភិបាលស្រុកកណ្ដាលស្ទឹង នៅពេលអ្នកសារព័ត៌មានផ្ញើព័ត៌មាន និងសួរនាំតាមបណ្ដាញសង្គមតេឡេក្រាម បានឆ្លើយតបខ្លីថា “ទទួលបាន”។

ពលរដ្ឋនៅក្នុងឃុំអន្លង់រមៀត បានសម្ដែងក្ដីរំពឹងថា អាជ្ញាធរមូលដ្ឋាន រដ្ឋបាលស្រុកកណ្ដាលស្ទឹង ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តកណ្ដាល នឹងចុះពិនិត្យទីតាំងជាក់ស្ដែង ដើម្បីផ្ទៀងផ្ទាត់ឯកសារច្បាប់ និងស្តង់ដារសុវត្ថិភាពសំណង់ឱ្យបានច្បាស់លាស់ ព្រមទាំងផ្ដល់ព័ត៌មានដល់សាធារណជនបន្ថែមទៀត។

បណ្តាញសារព័ត៌មានពេញចិត្តមេឌា រង់ចាំទទួលការបំភ្លឺបន្ថែមពីម្ចាស់សំណង់ អាជ្ញាធរឃុំអន្លង់រមៀត និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងតុល្យភាពជូនប្រិយមិត្តអ្នកអាន៕

Scroll to Top