កសិករឃុំស្រែសង្គម ស្រុកកោះញែក ប្រឈមការខ្វះទឹកស្រែ ខណៈមានការជួយបូមទឹកសង្គ្រោះដំណាំស្រូវទាន់ពេល

កសិករឃុំស្រែសង្គម ស្រុកកោះញែក ប្រឈមការខ្វះទឹកស្រែ ខណៈមានការជួយបូមទឹកសង្គ្រោះដំណាំស្រូវទាន់ពេល

មណ្ឌលគីរី៖ ប្រជាកសិករដែលរស់នៅក្នុងឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី កំពុងប្រឈមនឹងបញ្ហាខ្វះខាតទឹកសម្រាប់ធ្វើស្រែ ដោយសារឆ្នាំនេះភ្លៀងធ្លាក់មិនបានច្រើន ខណៈទឹកនៅក្នុងទំនប់ក៏ស្រកចុះ មិនអាចបង្ហូរចូលស្រែបានគ្រប់គ្រាន់ ជាពិសេសស្រែដែលស្ថិតនៅឆ្ងាយពីប្រឡាយទឹក។

តាមការរៀបរាប់របស់ប្រជាកសិករ ស្រែរបស់ពួកគាត់មានទំហំខុសៗគ្នា ដោយអ្នកខ្លះធ្វើស្រែ១ហិកតា អ្នក ខ្លះ២ហិកតា,៣ហិកតា និង៤ហិកតា។ បច្ចុប្បន្ន ស្រែខ្លះបានរងផលប៉ះពាល់ដោយសារការខ្វះខាតទឹក ខណៈស្រែខ្លះទៀតនៅមិនទាន់ខូចខាតទាំងស្រុងនៅឡើយទេ ប៉ុន្តែប្រជាកសិករមានការព្រួយបារម្ភយ៉ាងខ្លាំង ប្រសិន បើបញ្ហាខ្វះទឹកនៅតែបន្ត ។

ដោយមើលឃើញពីការលំបាករបស់ប្រជាកសិករ លោក សី ទូច អភិបាលស្រុកកោះញែក បានស្នើសុំម៉ាស៊ីនបូមទឹកខ្នាតធំមួយគ្រឿងពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី ព្រមទាំងប្រេងម៉ាស៊ូតបើគិតពីថ្ងៃ ទី ៧ មកដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះអស់ប្រេង ចំនួន ៣០០០ លីត្រហើយ ។

 ឯកឧត្តម ឈួន វិន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តមណ្ឌលគីរី ជួយប្រេងម៉ាស៊ូតចំនួន ១០០០ លីត្រ ។

លោក សី ទូច អភិបាលស្រុកកោះញែក ជួយ ចំនួន ១០០០ លីត្រ មន្ទីកសិកម្មខេត្តមណ្ឌលគីរី ចំនួន ១០០០ លីត្រដើម្បីជួយបូមទឹកពីអូរច្បា ឡើងមកប្រឡាយ និងបង្ហូរទឹកចូលស្រែរបស់ប្រជាកសិករ។

ជាក់ស្ដែង នៅទីតាំងដែលក្រុមការងារ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តមណ្ឌលគីរី លោក ខែម ភារម្យ បានចុះទៅដាក់ ម៉ាស៊ីនបូមទឹក និងស្តារប្រឡាយទឹកដើម្បីងាយស្រួលបង្ហូរទឹកពីប្រភពទឹកទៅកាន់ប្រឡាយស្រែ សំដៅជួយសង្គ្រោះដំណាំស្រូវដែលកំពុងប្រឈមនឹងការខ្វះខាតទឹក។

ប្រជាកសិករបានសម្ដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរស្រុកកោះញែក ដែលបានយកចិត្តទុកដាក់ និងជួយអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះទឹក ដើម្បីឱ្យពួកគាត់អាចបន្តការងារកសិកម្ម និងកាត់បន្ថយការខូចខាតផលដំណាំស្រូវ ។

ស្រុកកោះញែក ត្រូវបានចាត់ទុកថាជាតំបន់ផលិតស្រូវដ៏សំខាន់មួយក្នុងខេត្តមណ្ឌលគិរី ហើយការផ្គត់ផ្គង់ទឹកសម្រាប់ស្រែមានសារៈសំខាន់ចំពោះជីវភាពរបស់ប្រជាកសិករនៅក្នុងតំបន់នេះ ៕

Scroll to Top