ខេត្តតាកែវ៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ស៊ីថា ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ សុខ ស្រីរ៉ុង បានគោរពអញ្ជើញជាអធិបតីក្នុងពិធីសែនក្រុងពាលី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខសាន្ត មុននឹងរៀបចំពិធីបុណ្យដង្ហែអង្គឋិនទាន បវរណាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តជ្រោះតូចបារមីភ្នំដំរីរមៀលពាក់បង្កង់ ហៅវត្តជ្រោះតូច ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ពិធីសែនក្រុងពាលីនេះ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងជំនឿប្រពៃណីខ្មែរ ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី ព្រមទាំងសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ ឱ្យការរៀបចំពិធីបុណ្យអង្គឋិនទានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុខសុវត្ថិភាព និងទទួលបាននូវបុណ្យកុសលជ្រះថ្លា។
ការរៀបចំពិធីបុណ្យអង្គឋិនទាននេះ គឺជាការបន្តថែរក្សា និងលើកតម្កើងប្រពៃណីព្រះពុទ្ធសាសនាដ៏ល្អផូរផង់របស់ខ្មែរ ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែរ តាំងពីបុរាណកាលមក។ ជាពិសេស ការធ្វើបុណ្យអង្គឋិនទាន គឺជាឱកាសដ៏មានតម្លៃសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងឡាយ បានជួបជុំគ្នាបំពេញកុសលផលបុណ្យ តាមរយៈការដង្ហែអង្គឋិនទានទៅប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រៃមាសនៅក្នុងវត្ត។
ជាមួយគ្នានេះ ការចូលរួមរៀបចំពិធីបុណ្យសាសនានានា ក៏ជាការបង្ហាញពីស្មារតីសាមគ្គីភាព ការចូលរួមចំណែកក្នុងការថែរក្សាវប្បធម៌ ប្រពៃណី និងព្រះពុទ្ធសាសនា ដែលជាអត្តសញ្ញាណជាតិខ្មែរឱ្យបានគង់វង្សតទៅដល់កូនចៅជំនាន់ក្រោយ។
សូមបញ្ជាក់ថា អ្នកផ្តើមបុណ្យអង្គឋិនទាននេះមាន៖ព្រះតេជគុណ អុីម វាសនា , ព្រះតេជគុណ ភុន ពៅ ព្រះតេជគុណ ផាត់ សុភាព , ព្រះតេជគុណ ញ៉ុន ធារិត។
អ្នកអមដំណើរឯកឧត្តម ម៉ៅ ស៊ីថា មាន៖ ឯកឧត្តម ណុប សុផាត , លោក ស៊ឹម បូរី និងលោក មាស សុផល៕


