រដ្ឋបាលស្រុកអង្គស្នួល បើកកិច្ចប្រជុំបន្ទាន់រឿងរថយន្តដឹកដី-ថ្ម ក្រោមអាជីវកម្មលោក តាក់ ជីឡៅ បន្ទាប់ពីផ្ទុះការរិះគន់រឿងបង្កហានិភ័យដល់ពលរដ្ឋ

រដ្ឋបាលស្រុកអង្គស្នួល បើកកិច្ចប្រជុំបន្ទាន់រឿងរថយន្តដឹកដី-ថ្ម ក្រោមអាជីវកម្មលោក តាក់ ជីឡៅ បន្ទាប់ពីផ្ទុះការរិះគន់រឿងបង្កហានិភ័យដល់ពលរដ្ឋ

ខេត្តកណ្ដាល៖ អនុវត្តតាមអនុសាសន៍ណែនាំផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល បានចាត់ឱ្យ លោក សាន វ៉ាន់ធុល អភិបាលរងស្រុក ដឹកនាំកិច្ចប្រជុំបន្ទាន់មួយនៅសាលប្រជុំសាលាស្រុកអង្គស្នួល (អគារ ក) ដើម្បីដោះស្រាយបញ្ហាប្រឈម និងសុវត្ថិភាពចរាចរណ៍ដែលបង្កឡើងដោយសកម្មភាពដឹកជញ្ជូនដី និងខ្សាច់ នៅក្នុងភូមិសាស្ត្រឃុំឆក់ឈើនាង។

កិច្ចប្រជុំបន្ទាន់នេះ ត្រូវបានរៀបចំឡើងយ៉ាងប្រញាប់ប្រញាល់ បន្ទាប់ពីមានការបញ្ចេញព័ត៌មានពីបណ្តាញសារព័ត៌មាន «ពេញចិត្តមេឌា» កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ជុំវិញសកម្មភាពរថយន្តដឹកដី និងថ្ម (ទាំងចង្កូតឆ្វេង និងស្ដាំ) ក្រោមការគ្រប់គ្រងអាជីវកម្មរបស់លោក តាក់ ជីឡៅ ដែលកំពុងប្រតិបត្តិការក្នុងភូមិកណ្ដាល ឃុំឆក់ឈើនាង បង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សុវត្ថិភាព សុខមាលភាព ការខូចខាតផ្លូវសាធារណៈ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ករណីបើកបរលឿនខ្វះការប្រុងប្រយ័ត្នរបស់ក្រុមរថយន្តដឹកដីទាំងនោះ បានស្ទើរតែបង្កគ្រោះថ្នាក់ចរាចរណ៍ដល់ជីវិតម្តាយ និងកូនតូចៗ៣នាក់ ធ្វើឱ្យមហាជន និងអ្នកភូមិសម្តែងការខឹងសម្បារយ៉ាងខ្លាំង និងបានអំពាវនាវសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់។

ទោះបីជាលិខិតអញ្ជើញដំបូងបានកោះហៅភាគីពាក់ព័ន្ធ និងក្រុមអ្នកបើកបរឱ្យប្រជុំនៅសាលាឃុំឆក់ឈើនាងក៏ដោយ ប៉ុន្តែដើម្បីធានានូវប្រសិទ្ធភាព និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ រដ្ឋបាលស្រុកបានផ្លាស់ប្ដូរទីតាំងមកប្រជុំនៅសាលាស្រុកអង្គស្នួលវិញនៅព្រឹកនេះ។

បើតាមប្រភពពីមន្ត្រីរដ្ឋបាលស្រុកអង្គស្នួល បានឱ្យដឹងថា កន្លងមក អាជ្ញាធរធ្លាប់បានកោះប្រជុំ និងណែនាំក្រុមហ៊ុនដឹកដីជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែលទ្ធផលហាក់មិនទាន់មានភាពវិជ្ជមាន ឬផ្លាស់ប្តូរដុំកំភួននៅឡើយ។ យ៉ាងណាមិញ ក្នុងកិច្ចប្រជុំថ្ងៃនេះ អាជ្ញាធរស្រុកបានអះអាងសារជាថ្មីថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីដាក់ចេញនូវវិធានការក្ដៅ ក្នុងការកាត់បន្ថយហានិភ័យ និងតម្រូវឱ្យក្រុមរថយន្តដឹកដី-ថ្ម គោរពតាមបទដ្ឋានបច្ចេកទេស និងច្បាប់ចរាចរណ៍ជាដាច់ខាត។

ប្រជាពលរដ្ឋក្នុងឃុំឆក់ឈើនាង រួមទាំងអាណាព្យាបាលសិស្សានុសិស្ស កំពុងរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំនេះ ដោយរំពឹងថានឹងទទួលបានដំណោះស្រាយពិតប្រាកដមួយ ដើម្បីបញ្ចប់បញ្ហាបើកបរគ្រោះថ្នាក់ ការបំផ្លាញផ្លូវសាធារណៈ និងបញ្ហាហុយដីប៉ះពាល់ដល់សុខភាពសហគមន៍ ជាពិសេសក្នុងរដូវប្រាំងដែលកំពុងចូលមកដល់នេះ៕

Scroll to Top