ខេត្តកណ្ដាល៖ ក្រុមរថយន្តដឹកដីរ៉ោករ៉ាក់ចង្កូតឆ្វេងស្ដាំកំពុងបង្កហានិភ័យ,បង្កគ្រោះថ្នាក់ នឹងធ្វើឲ្យខ្ទេចខ្ទីរផ្លូវនៅក្នុងសហគមន៍នៃស្រុកអង្គស្នួល សព្វថ្ងៃនេះគឺក្រុមរថយន្តដឹកដី ដឹកថ្ម ដែលដឹកចេញពីរណ្ដៅដីអាជីវកម្មរបស់ លោកតាក់ ជីឡៅ ។ បើទោះជា យ៉ាងណាក៏ដោយ អាជ្ញាធរស្រុកហាក់ដូចជាមិនទាន់មានចំណាត់ការឬបង្ការហានិភ័យនៅឡើយទេ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៦នេះប្រជាពលរដ្ឋស្នើអាជ្ញាធរពាក់ព័ន្ធជួយមើលក្រុមរថយន្ត ដឹកដី,ដឹកថ្ម ចេញពីរណ្ដៅដីលោកតាក់ ជីឡៅ ក្នុងភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ការបើកបរ លឿនមិនសូវមានការប្រុងប្រយ័ត្ន ស្ទើរតែបង្កគ្រោះថ្នាក់ដល់ជីវិតក្មេងស្រីពីរនាក់និងម្ដាយ ដែលម៉ូតូតាមផ្លូវហើយត្រូវរថយន្តដឹកដីរបស់ក្រុមលោកតាក់ជីឡៅ បង្កហាលីភ័យស្ទើរបាត់បង់ជីវិត បើសិនជាស្ត្រីអ្នកបើកបរម៉ូតូមិនមានស្មារតីរឹងមាំ និងរហ័សរហួនទេនោះ។ ទិដ្ឋភាពនេះគឺជាមហាសំណាងមួយក្នុងចំណោម ១ពាន់គ្រោះថ្នាក់ដែលជីវិតក្មេងប្រុសស្រី៣នាក់ និងម្ដាយអាចរួចផុតពីក្រោមកង់រថយន្តរបស់ក្រុមលោកតាក់ ជីឡៅ។
ទោះយ៉ាងណាបុរសម្នាក់ ឈ្មោះវណ្ណថេត មន្ត្រីក្រុមប្រឹក្សានៃឃុំឆក់ឈើនាងបានឆ្លើយតបក្នុងគ្រុបប្រជាជនឃុំឆក់ឈើនាងថា អាជ្ញាធរបានណែនាំ មិនឲ្យរថយន្តដឹកដីធ្វើ ដំណើរលើផ្លូវបេតុងនិងមិនអនុញ្ញាតឲ្យបើកបរ នៅពេលក្រុមសិស្សសាលានិងកម្មករចេញពីធ្វើការនោះទេ។ តែជាក់ស្ដែងគេសង្កេតឃើញថា រថយន្តរបស់ក្រុមខាងលើនេះនៅតែបន្តលបលួចបើកបរលើផ្លូវបេតុង ហើយជារឿយៗតែងតែបង្កហានិភ័យគ្រោះថ្នាក់ដល់ជីវិតបងប្អូនកម្មករ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសហគមន៍ទូទៅ។ មិនតែប៉ុណ្ណោះផ្លូវក្នុងសហគមន៍នៅរដូវវស្សាបែកភក់ ហើយនៅរដូវប្រាំងវិញហុយទ្រលោម ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវដង្ហើម។របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្រុមកម្មករក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកអង្គស្នួលជាពិសេសនៅឃុំឆក់ឈើនាងនិយាយថា ហ្វូងរថយន្តដឹកដី ដឹកថ្ម សុទ្ធតែមានទំងន់ធ្ងន់ បំផ្លាញផ្លូវ ធ្វើឱ្យប៉ះ ពាល់សុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សសាលាតូចៗ មានជិះកង់ ជិះម៉ូតូ និងថ្មើរជើង។ ប្រជាពលរដ្ឋសុំសួរថាផ្លូវទាំងអស់នេះ តើអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបានដោយយ៉ាងដូចម្ដេច? ជាផ្លូវរបស់ក្រុមរថយន្តដឹកដី ឬជាផ្លូវសាធារណៈសម្រាប់ប្រើប្រាស់ប្រយោជន៍រួមទាំងអស់គ្នា?
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋក្នុងឃុំឆក់ឈើនាង ជាទីដែលមានក្រុមរថយន្តដឹកដី,ដឹកថ្មរបស់លោកតាក់ជីឡៅ ច្រើននោះសំណូមពរដល់លោកអភិបាលស្រុកអង្គស្នួល ក៏ដូចជារដ្ឋបាលខេត្តកណ្ដាល មេត្តាពិនិត្យមើលសកម្មភាពរថយន្តដឹកដីខាងលើនេះផង ព្រោះសព្វថ្ងៃបង្កហានិភ័យច្រើនបែប ច្រើនយ៉ាង ប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋ,ផ្លូវហិនហោចនិងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ៕


