កំពង់ចាម៖ នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះផ្ទាល់ដើម្បីនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅចែកជូនដល់ដៃប្រជាពលរដ្ឋចំនួន ៧១គ្រួសារ ដែលបានរងផលប៉ះពាល់ដំណាំស្រូវដោយសារគ្រោះរាំងស្ងួត ស្ថិតនៅភូមិជើងលើង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងឱកាសចុះសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី រួមជាមួយថ្នាក់ដឹកនាំខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ជាក់ថា សម្តេចធិបតី និងលោកជំទាវ តែងតែយកចិត្តទុកដាក់ និងគិតគូរជានិច្ចពីសុខទុក្ខ ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយអត់ឃ្លាន ដោយគ្មានការដឹងឮ ឬមិនទទួលបានការយកចិត្តទុកដាក់នោះឡើយ។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវ និងរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយអនុវត្តអនាម័យជាប្រចាំតាមរូបមន្ត «រស់នៅស្អាត ហូបស្អាត ផឹកស្អាត» ដើម្បីជៀសវាងជំងឺដង្កាត់ផ្សេងៗ ដែលអាចបង្កផលប៉ះពាល់ដល់ថវិកា និងសេដ្ឋកិច្ចគ្រួសារ។ ឯកឧត្តមបានបន្ថែមថា ប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យមានរោគសញ្ញាជំងឺគ្រុនឈាម ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា ដោយជៀសវាងការទិញថ្នាំព្យាបាលដោយខ្លួនឯង ឬធ្វេសប្រហែសឡើយ។
គួរបញ្ជាក់ផងដែរថា អំណោយដ៏ថ្លៃថ្លាដែលបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ៧១គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ត្រីខកំប៉ុង ១យួរ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួនទៀតផងដែរ៕


