ព្រះរាជក្រឹត្យបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសបុណ្យឯករាជ្យជាតិ ត្រូវបានប្រកាសជាផ្លូវការនៅពន្ធនាគារខេត្តតាកែវ

ព្រះរាជក្រឹត្យបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសបុណ្យឯករាជ្យជាតិ ត្រូវបានប្រកាសជាផ្លូវការនៅពន្ធនាគារខេត្តតាកែវ

ខេត្តតាកែវ៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសព្រះរាជក្រឹត្យស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងដឹកនាំប្រតិភូចុះធ្វើអធិការកិច្ច និងពិនិត្យស្ថានភាពជាក់ស្តែងនៅពន្ធនាគារខេត្តតាកែវ។

ពិធីនេះមានការចូលរួមពីលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ លោកព្រះរាជអាជ្ញារង និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសចុះធ្វើអធិការកិច្ច លោក ឯក ឆេងហួត បានសំណេះសំណាលដោយផ្ទាល់ជាមួយជនជាប់ឃុំ ដើម្បីសាកសួរអំពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបានពិនិត្យ និងភ្លក់ម្ហូបអាហារដែលរៀបចំជូនជនជាប់ឃុំ ដើម្បីធានាថាអាហារមានគុណភាព អនាម័យ និងសមស្របតាមតម្រូវការអាហារូបត្ថម្ភ។

ជាមួយគ្នានេះ លោកក៏បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំពន្ធនាគារ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក្នុងគោលដៅពង្រឹងការគ្រប់គ្រងពន្ធនាគារ ព្រមទាំងលើកកម្ពស់ការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពរបស់ជនជាប់ឃុំឱ្យកាន់តែប្រសើរឡើង។

សកម្មភាពខាងលើបង្ហាញពីការយកចិត្តទុកដាក់លើការអនុវត្តច្បាប់ និងការគ្រប់គ្រងពន្ធនាគារស្របតាមគោលការណ៍មនុស្សធម៌ ដោយធានាឱ្យជនជាប់ឃុំទទួលបានការថែទាំ និងការគោរពសិទ្ធិជាមូលដ្ឋាន៕

Scroll to Top