ខេត្តតាកែវ៖ នៅតាមបណ្ដាញសង្គម ក៏ដូចជានៅតាមហាងកាហ្វេនានាក្នុងក្រុងដូនកែវ បើទោះបីជាមិនទាន់មានជំនោរខ្យល់ធ្លាក់បង្កឱ្យរងារយ៉ាងណាក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋហាក់ដូចជាមានអារម្មណ៍ «រងារខ្លាំង» មួយរយៈចុងក្រោយនេះ បន្ទាប់ពីមានការរាយការណ៍អំពីករណីចោរកម្មដែលកើតឡើងស្ទើរគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
អ្វីដែលជាចំណាប់អារម្មណ៍ និងជាប្រធានបទពិភាក្សាយ៉ាងក្តៅគគុករបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅក្នុងក្រុងដូនកែវ គឺចាប់តាំងពីលោក ឈួន មុនី បានឡើងកាន់តំណែងជាអធិការនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ រហូតមកទល់ពេលនេះ គឺមិនទាន់ឃើញមានការបំបែកសំណុំរឿងធំដុំ ឬបង្ហាញស្នាដៃអ្វីដែលគួរឱ្យកត់សម្គាល់នៅឡើយនោះទេ។
នៅលើបណ្ដាញសង្គម អ្នកលេងអ៊ីនធឺណិតជាច្រើនបានសង្កេតឃើញថា ករណីបទល្មើសតូចធំជាច្រើនដូចជា ចោរគាស់ចេតិយ ចោរឆក់ត្រី និងអំពើចោរកម្មផ្សេងៗ… ហាក់មិនទាន់រំខានដល់លោកអធិការក្រុងដូនកែវឡើយ។
ពលរដ្ឋមួយចំនួនបានដាក់ការកត់សម្គាល់ថា តាំងពីលោកអធិការក្រុងដូនកែវរូបនេះឡើងកាន់តំណែងមក មិនទាន់មានស្នាដៃអ្វីគួរឱ្យចាប់អារម្មណ៍ទាល់តែសោះ រីឯបញ្ហាបទល្មើសវិញ គឺកើតឡើងព្រោងព្រាតទាំងយប់ទាំងថ្ងៃ ខណៈការបង្ក្រាបពីសំណាក់សមត្ថកិច្ចវិញ គឺទទួលបានលទ្ធផល “សេរ៉ូពងមាន់”។
ប្រភពដដែលបានឱ្យដឹងទៀតថា លោក ឈួន មុនី ធ្លាប់ជាអតីតអធិការរងនគរបាលស្រុកបាទី ហើយបន្ទាប់មកបានផ្លាស់ទៅជាអធិការរងស្រុកសំរោង មុនពេលទទួលបានការផ្ទេរភារកិច្ច និងតំឡើងតំណែងជាអធិការនគរបាលក្រុងដូនកែវ កាលពីប៉ុន្មានខែមុននេះ។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការបានលើកឡើងតាមហាងកាហ្វេដោយមន្ទិលសង្ស័យថា តើស្នងការដ្ឋាននគរបាលខេត្តតាកែវ យកសមត្ថភាពផ្នែកណារបស់លោក ឈួន មុនី មកវាស់ស្ទង់ដើម្បីតំឡើងជាអធិការក្រុងដូនកែវ? ព្រោះកាលនៅជាអធិការរងនៅស្រុកបាទី និងស្រុកសំរោង ក៏មិនទាន់ឃើញមានស្នាដៃអ្វីជាដុំកំភួននោះដែរ។
បន្តពីស្រុកបាទី និងស្រុកសំរោង រហូតមកដល់ក្រុងដូនកែវ គេនៅតែមិនទាន់ឃើញលោកអធិការ ឈួន មុនី បញ្ចេញស្នាដៃអ្វីជាដុំកំភួនក្នុងការងាររបស់ខ្លួនឡើយ ជាពិសេសលើកិច្ចការបង្ក្រាបបទល្មើសដែលកំពុងកើតឡើងពេញបន្ទុកទាំងយប់ទាំងថ្ងៃ គ្រប់ទីកន្លែងក្នុងក្រុង។ ក្រៅពីបញ្ហាអសកម្មនៃបទល្មើសចោរកម្ម គេក៏សង្កេតឃើញមានកើនឡើងនូវទីតាំងល្បែងស៊ីសងខុសច្បាប់យ៉ាងស្អេកស្កះនៅចំកណ្ដាលក្រុងដូនកែវផងដែរ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានទទូចស្នើសុំយ៉ាងទទូចដល់លោកស្នងការនគរបាលខេត្តតាកែវ និងលោកអភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តាចុះស្វែងយល់ និងពិនិត្យពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងរង «ភាពរងារ» ដោយសារតែភាពទន់ខ្សោយនៃការដឹកនាំផ្នែកសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្រោមការគ្រប់គ្រងរបស់លោកអធិការ ឈួន មុនី។
ពលរដ្ឋបានសង្កត់ធ្ងន់ថា ការទុកបណ្ដោយឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច និងរងភាពរងារខុសរដូវកាលបែបនេះ នឹងមិនមែនជាផលវិជ្ជមាន ឬជាសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅពេលខាងមុខនោះឡើយ។
មហាជនសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងមានវិធានការកែលម្អ អនុវត្តតួនាទីឱ្យបានល្អជាងនេះ និងត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


