អភិបាលខេត្តមណ្ឌលគិរី បញ្ជាឱ្យដាក់ម៉ាស៊ីនបូមទឹកខ្នាតធំ អន្តរាគមន៍សង្គ្រោះស្រូវប្រជាពលរដ្ឋនៅស្រុកកោះញែក

អភិបាលខេត្តមណ្ឌលគិរី បញ្ជាឱ្យដាក់ម៉ាស៊ីនបូមទឹកខ្នាតធំ អន្តរាគមន៍សង្គ្រោះស្រូវប្រជាពលរដ្ឋនៅស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖ យុទ្ធនាការបូមទឹកសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកនៅក្នុងស្រុកកោះញែក បានចាប់ផ្ដើមអនុវត្តយ៉ាងសស្រាក់សស្រាំហើយ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បន្ទាប់ពីទទួលបានការអន្តរាគមន៍ជាបន្ទាន់ពីសំណាក់ ឯកឧត្ដម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។

កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ក្រុមការងារជំនាញបានដឹកជញ្ជូន និងរៀបចំដំឡើងម៉ាស៊ីនបូមទឹកខ្នាតធំជាច្រើនគ្រឿងមកដល់ទីតាំងដីស្រែផ្ទាល់ ដើម្បីត្រៀមប្រតិបត្តិការសង្គ្រោះឱ្យទាន់ពេលវេលា។

លោក សី ទូច អភិបាល នៃគណៈអភិបាលស្រុកកោះញែក ដែលបានដឹកនាំកម្លាំងផ្ទាល់នៅទីតាំងប្រតិបត្តិការ បានឱ្យដឹងថា យុទ្ធនាការសង្គ្រោះស្រូវប្រជាពលរដ្ឋនេះ បានដំណើរការយ៉ាងពេញទំហឹងចាប់ពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះតទៅ ដើម្បីធានាថាផលដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋទទួល បានទឹកស្រោចស្រពគ្រប់គ្រាន់ និងមិនខូចខាត។

ក្នុងឱកាសនោះ រដ្ឋបាលស្រុកកោះញែក ព្រមទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងកង្វល់របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ ជាមួយគ្នានេះ រដ្ឋបាលស្រុកក៏បានថ្លែងអំណរគុណដល់មន្ត្រីនៃមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងបេសកកម្មមនុស្សធម៌ និងការងារបម្រើប្រជាពលរដ្ឋនាពេលនេះ៕

Scroll to Top