ខេត្តតាកែវ៖ ករណីបាត់ផ្ទាំងបញ្ជាម៉ូទ័របូមទឹកពីស្ថានីយ៍បូមទឹករបស់សហគមន៍ទឹកឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលត្រូវបានគេរាយការណ៍ថាមានតម្លៃរាប់ម៉ឺនដុល្លារអាមេរិក កំពុងបង្កការងឿងឆ្ងល់ និងការរិះគន់ពីប្រជាពលរដ្ឋ ខណៈរហូតមកដល់ពេលនេះ មិនទាន់មានការដាក់ពាក្យបណ្តឹងជាផ្លូវការទៅសមត្ថកិច្ចនៅឡើយ ហើយការបញ្ជាក់ពីតម្លៃទ្រព្យសម្បត្តិដែលបាត់បង់ក៏មានភាពខុសគ្នាផងដែរ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានជនមិនស្គាល់មុខបានចូលលួចកាត់ខ្សែភ្លើងនៅស្ថានីយ៍បូមទឹកខាងលើ។ ក្រោយកើតហេតុ ប្រធានសហគមន៍បានហៅជាងអគ្គិសនីមកជួសជុល និងតភ្ជាប់ប្រព័ន្ធឡើងវិញ ប៉ុន្តែមិនទាន់បានតភ្ជាប់អគ្គិសនីរួចរាល់ផង ស្រាប់តែនៅពេលយប់មានក្រុមជនសង្ស័យប្រើឧបករណ៍កាត់សោចូលទៅលួចផ្ទាំងបញ្ជាម៉ូទ័របូមទឹកយកទៅបាត់ដោយសុវត្ថិភាព។
ការបាត់បង់ឧបករណ៍សំខាន់នេះ បានធ្វើឱ្យប្រព័ន្ធបូមទឹកមិនអាចដំណើរការបានតាមធម្មតា បង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាកសិកររាប់រយគ្រួសារប្រើប្រាស់ស្រោចស្រពដំណាំស្រូវ។ ប្រជាពលរដ្ឋមួយចំនួនបានសម្តែងការព្រួយបារម្ភ និងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការស្រាវជ្រាវឱ្យបានឆាប់រហ័ស ដើម្បីស្វែងរកជនល្មើស និងស្តារប្រព័ន្ធបូមទឹកឡើងវិញ។
អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានចម្ងល់នោះ គឺការបាត់បង់ទ្រព្យសម្បត្តិសាធារណៈដែលមានតម្លៃខ្ពស់ ប៉ុន្តែហាក់មិនទាន់មានចំណាត់ការដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចពីសំណាក់អ្នកទទួលខុសត្រូវសហគមន៍នៅឡើយ។ ប្រភពមន្ត្រីសហគមន៍មួយរូបដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា ផ្ទាំងបញ្ជាម៉ូទ័របូមទឹកនេះមានតម្លៃរាប់ម៉ឺនដុល្លារអាមេរិក ហើយត្រូវបញ្ជាទិញពីក្រៅប្រទេស ដោយចំណាយពេលជាច្រើនខែទើបទទួលបាន។
ជុំវិញករណីនេះ លោក ឡុង ណាំង មេឃុំបានកាម និងជាមន្ត្រីសហគមន៍ទឹកបានកាម បានបញ្ជាក់ថា ពិតជាមានករណីបាត់បង់ផ្ទាំងបញ្ជាម៉ូទ័របូមទឹកនេះមែន ប៉ុន្តែលោកមិនបានរាយការណ៍ទៅសមត្ថកិច្ចនោះទេ។ លោកក៏បានសន្និដ្ឋានថា ឧបករណ៍ដែលបាត់បង់នោះមានតម្លៃប្រមាណតែ ៨លានរៀលប៉ុណ្ណោះ ដែលខុសគ្នាយ៉ាងខ្លាំងពីការអះអាងរបស់ប្រភពមន្ត្រីសហគមន៍។
ដោយឡែក លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានឱ្យដឹងថា លោកមិនទាន់ទទួលបានពាក្យបណ្តឹងពីសហគមន៍ពាក់ព័ន្ធនឹងករណីនេះនៅឡើយទេ ទើបមិនទាន់មានការចុះស្រាវជ្រាវ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ប្រសិនបើទទួលបានពាក្យបណ្តឹង លោកនឹងចាត់កម្លាំងចុះស្រាវជ្រាវភ្លាមៗ។
ចំណែកលោក គឹន ភក្តី អភិបាលស្រុកព្រៃកប្បាស នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ជាក់ថា លោកបានណែនាំទៅសមត្ថកិច្ចឱ្យចុះស្រាវជ្រាវលើករណីនេះរួចហើយ ទោះបីមិនទាន់មានពាក្យបណ្តឹងពីសហគមន៍ក៏ដោយ។
ប្រជាពលរដ្ឋកំពុងរង់ចាំមើលថា តើសមត្ថកិច្ចនឹងអាចស្វែងរកជនល្មើស និងស្រាវជ្រាវរកការពិតនៃករណីនេះបានដល់កម្រិតណា? ជាពិសេស តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការបាត់បង់ឧបករណ៍ដ៏សំខាន់នេះ និងតើនឹងមានវិធានការយ៉ាងណាដើម្បីធានាថា ប្រជាកសិកររាប់រយគ្រួសារអាចទទួលបានទឹកសម្រាប់ស្រោចស្រពស្រូវឡើងវិញក្នុងពេលឆាប់ៗ? ៕


