តាកែវ ៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឱ្យកាន់តែមានបរិយាកាសកាកកាយ និងផុសផុល នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៦:០០នាទីព្រឹក ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រមទាំងបានចូលរួមរត់ប្រណាំងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ កីឡាករ កីឡាការិនី ប្រមាណជាង ១.០០០នាក់ ក្នុងព្រឹត្តិការណ៍ «រត់ប្រណាំងមហាជន រយៈចម្ងាយ ១០គីឡូម៉ែត្រ» នៅលើទឹកដីក្រុងដូនកែវ។
ព្រឹត្តិការណ៍កីឡាមហាជនដ៏មានអត្ថន័យនេះ មិនត្រឹមតែបង្កើតនូវភាពសប្បាយរីករាយ និងសាមគ្គីភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងបំផុសចលនាកីឡាក្នុងខេត្តទៀតផង។
ពិធីរត់ប្រណាំងនេះ បានចាប់ផ្តើមចេញដំណើរជាផ្លូវការចេញពីចំណុចមាត់បឹងតាកែវ (ក្បែររូបសំណាកបង្កងយក្ស) ដោយត់តាមបណ្តោយផ្លូវមាត់បឹង ឆ្ពោះទៅកាន់រង្វង់មូលអូរចំបក់ បត់បន្តតម្រង់មកកាន់រង្វង់មូលវិមានឯករាជ្យ និងត្រឡប់មកបញ្ចប់នៅទីតាំងដើម (មាត់បឹងតាកែវ) វិញ ប្រកបដោយស្នាមញញឹម និងបរិយាកាសស្និតស្នាលក្រៃលែង៕


