ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងឃុំថ្មី និងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងជួបប្រទះភាពលំបាកខ្លាំង និងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពក្នុងការធ្វើដំណើរ ដោយសារតែផ្លូវបេតុងនេះត្រូវបានខូចខាតធ្ងន់ធ្ងរ អស់រាប់ខែមកហើយ ព្រោះតែរថយន្តដឹកដី និងដឹកខ្សាច់ខ្នាតធំៗបើកបរដឹកជញ្ជូនលើសទម្ងន់ឥតស្រាកស្រាន្ត។
យោងតាមប្រជាពលរដ្ឋបានលើកឡើងថា ទោះបីផ្លូវបេតុងនោះមានសភាពស្តើងដូចស្លឹកស្រូវយ៉ាងណាក៏ដោយ ក៏ក្រុមរថយន្តដឹកដី និងដឹកខ្សាច់របស់អាជីវករទាំងនោះ នៅតែបន្តបើកបរក្នុងល្បឿនលឿន និងមិនខ្វល់ខ្វាយពីសុខទុក្ខ ឬសុវត្ថិភាពរបស់អ្នកធ្វើដំណើរឡើយ។ សភាពផ្លូវបច្ចុប្បន្នបានប្រែក្លាយជា «ជង្ហុកមរណៈ» ដ៏គ្រោះថ្នាក់បំផុតសម្រាប់អ្នកជិះកង់ និងម៉ូតូ ដោយមានកន្លែងខ្លះមានរហូតដល់ចេញសរសៃដែកមុតស្រួច ងាយនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ។
ពលរដ្ឋបានលើកឡើងដោយការខកចិត្តថា៖ «ផ្លូវធ្វើហើយស្អាតមិនបានប៉ុន្មានផង ក៏ចាប់ផ្តើមខូចបន្តិចម្តងៗរហូតដល់ខ្ទេចខ្ទាំអស់។ អ្វីដែលកាន់តែអាក្រក់ គឺមានដេប៉ូខ្សាច់ខ្លះបានបណ្តោយឱ្យរថយន្តដឹកខ្សាច់ដឹកដីទាំងនោះ បើកចេញទាំងមិនទាន់ស្រក់ទឹកអស់ បណ្តាលឱ្យទឹកកខ្វក់ហូរស្រក់ពេញផ្លូវ កាន់តែធ្វើឱ្យខូចខាត និងរអិលខ្លាំងថែមទៀត»។
ប្រជាពលរដ្ឋក៏បានចោទជាសំណួរចំៗផងដែរថា ប្រសិនបើគ្មានការត្រូវរ៉ូវ ឬការឃុបឃិតបើកដៃពីមន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធទេនោះ តើក្រុមរថយន្តដឹកជញ្ជូនទាំងនេះអាចមានសិទ្ធិដឹកជញ្ជូនបំផ្លាញផ្លូវសាធារណៈយ៉ាងសេរីបែបនេះដោយរបៀបណា? ពួកគាត់ថែមទាំងរិះគន់ថា ការធ្វើផ្លូវ ការបំផ្លាញ និងការស្នើសុំថវិកាជួសជុលឡើងវិញហាក់ដូចជាប្រព័ន្ធរង្វិលជុំមួយ ដែលធ្វើឱ្យពួកគាត់បាត់បង់ទំនុកចិត្ត និងសំណូមពរឱ្យមន្ត្រីជំនាញមានសេចក្តីខ្មាស់អៀនខ្លះចំពោះគុណភាព និងទឹកដៃនៃការសាងសង់ ក៏ដូចជាការមិនរវីរវល់ចុះមកអន្តរាគមន៍ដោះស្រាយរយៈពេលជាច្រើនខែមកហើយ។
ទាក់ទងនឹងបញ្ហានេះ ប្រជាពលរដ្ឋបានដាក់ក្តីសង្ឃឹម និងធ្វើការអំពាវនាវយ៉ាងទទូចដល់ លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង ដែលថ្មីៗនេះត្រូវបានគេកត់សម្គាល់ឃើញថាមានសកម្មភាពខ្លាំងក្លាក្នុងការចុះត្រួតពិនិត្យតាមមូលដ្ឋាននានា សូមមេត្តាជួយចុះពិនិត្យមើលសុខទុក្ខ និងសភាពការណ៍ដ៏លំបាកនេះដោយផ្ទាល់។
ពលរដ្ឋទាមទារឱ្យអាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះម្ចាស់ដេប៉ូខ្សាច់ និងក្រុមរថយន្តដឹកដីដឹកខ្សាច់ទាំងនោះ តម្រូវឱ្យមានការទទួលខុសត្រូវក្នុងការជួសជុលផ្លូវដែលខូចខាតឱ្យបានល្អឡើងវិញ និងទប់ស្កាត់ជាបន្ទាន់កុំឱ្យមានការដឹកជញ្ជូនលើសទម្ងន់ ឬការបណ្តោយឱ្យហូរទឹកខ្សាច់លើផ្ទៃផ្លូវសាធារណៈបន្តទៀត ដើម្បីធានាដល់សុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕


