រដ្ឋបាលក្រុងតាខ្មៅ អមដំណើរអភិបាលខេត្តកណ្តាល ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ឆ្ពោះទៅកាន់ទីតាំងលំនៅថ្មីក្នុងគម្រោងផ្តល់ដីការពារព្រៃ នៅខេត្តស្ទឹងត្រែង

រដ្ឋបាលក្រុងតាខ្មៅ អមដំណើរអភិបាលខេត្តកណ្តាល ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ឆ្ពោះទៅកាន់ទីតាំងលំនៅថ្មីក្នុងគម្រោងផ្តល់ដីការពារព្រៃ នៅខេត្តស្ទឹងត្រែង

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ លោក លីវ វណ្ណថេង អភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ បានអញ្ជើញដឹកនាំប្រតិភូអភិបាលរងក្រុង ព្រមទាំងចៅសង្កាត់ដែលពាក់ព័ន្ធ ចូលរួមអមដំណើរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងពិធីសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋដែលមានសំណាងចាប់ឆ្នោតទទួលបានដីឡូត៍ និងផ្ទះសម្បែង ដើម្បីចាកចេញទៅរស់នៅទីតាំងលំនៅថ្មី ក្នុងគម្រោងទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមអភិវឌ្ឍដោយចីរភាព ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង កម្មវិធីនេះប្រារព្ធធ្វើនៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល។

ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅ និងពេញដោយក្តីសង្ឃឹម ដែលជាស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ គម្រោងនេះ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងប្រកបដោយប្រជាភិថុតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋផង និងចូលរួមការពារ បម្រុងទុក ព្រមទាំងអភិវឌ្ឍន៍ធនធានធម្មជាតិ និងព្រៃឈើប្រកបដោយចីរភាពផងដែរ។

ក្នុងឱកាសដ៏រំភើបនោះ ឯកឧត្តមអភិបាលខេត្តកណ្តាល ព្រមទាំងលោកអភិបាលក្រុងតាខ្មៅ បានសម្តែងនូវក្តីសប្បាយរីករាយ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ ដោយបានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យធ្វើដំណើរឆ្ពោះទៅកាន់លំនៅឋានថ្មីដោយសុវត្ថិភាព និងមានទំនុកចិត្តពេញលេញក្នុងការចាប់ផ្តើមទំព័រជីវិតថ្មី ប្រកបដោយភាពរីកចម្រើន រ៉ុងរឿង និងមានសុភមង្គល។

បងប្អូនប្រជាពលរដ្ឋដែលទទួលបានដី និងផ្ទះសម្បែងក្នុងគម្រោងប្រវត្តិសាស្ត្រនេះ បានសម្តែងនូវក្តីរំភើបឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងអាជ្ញាធរខេត្ត និងក្រុង ដែលបានជ្រោមជ្រែង និងផ្តល់ឱកាសមាសឱកាសប្រាក់ ឱ្យពួកគាត់មានដីធ្លី និងជម្រកពិតប្រាកដសម្រាប់កសាងអនាគត និងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងនៅដែនដីថ្មីនៃខេត្តស្ទឹងត្រែង៕

Scroll to Top