រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងឧត្តមភាពវិជ្ជាជីវៈសារព័ត៌មាន នៃទីស្ដីការក្រសួងព័ត៌មាន។
វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងរយៈពេលបីថ្ងៃ (ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦) ដោយមានសិក្ខាកាមចូលរួមសរុប ២៧២ រូប (នារី ២៥ រូប) រួមមានអ្នកសារព័ត៌មាន និងមន្ត្រីរាជការក្រសួងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ និងគ្រូបង្គោលជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម ឆាយ សុផល បានលើកយកសំរង់ប្រសាសន៍ដើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកបញ្ជាក់ថា៖ «ស្ថាប័នសារព័ត៌មានត្រូវធ្វើជាស្ពានចម្លងទំនាក់ទំនងរវាងស្ថាប័នរដ្ឋនិងប្រជាជន និងជាស្ពានចម្លងរវាងប្រជាជននិងស្ថាប័នរដ្ឋ។ កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត និងកុំប្រព្រឹត្តកំហុសដាក់អ្នកដទៃ»។
នៅក្នុងពិធីបិទវគ្គនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដាំផ្ញើ និងផ្តល់ប្រសាសន៍ណែនាំយ៉ាងខ្ពង់ខ្ពស់ដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់លើការបំពេញភារកិច្ចរបស់ខ្លួន។
ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកសារព័ត៌មានគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់នូវការផលិត និងផ្សព្វផ្សាយព័ត៌មានឱ្យបានល្អ ប្រកបដោយគុណភាព តម្លាភាព និងការទទលខុសត្រូវខ្ពស់។ ការយល់ដឹងអំពីក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាគ្រឹះដ៏សំខាន់បំផុតដើម្បីជំរុញការអនុវត្តការងារឱ្យបានត្រឹមត្រូវ និងស្របតាមច្បាប់ជាធរមាន។
ឯកឧត្តមបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ យកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅអនុវត្តក្នុងការងារជាក់ស្ដែង ដើម្បី៖
១. ពង្រឹងសមត្ថភាព ក្នុងការប្រមូលព័ត៌មាន និងផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ មុននឹងផ្សព្វផ្សាយ។
២. លើកកម្ពស់គុណភាពព័ត៌មាន ដើម្បីជៀសវាងការផ្សាយព័ត៌មានមិនពិត ឬការបំពាន និងបំភ្លៃការពិត។
៣. បង្កើនទំនុកចិត្តពីសាធារណជនមកលើវិស័យសារព័ត៌មាន និងរួមចំណែកអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងភាពរីកចម្រើន។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានគ្រប់រូបត្រូវតែបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងសីលធម៌វិជ្ជាជីវៈជាប្រចាំ ដើម្បីបំពេញតួនាទីជាអ្នកផ្តល់ព័ត៌មានពិតជូនសាធារណជន ប្រកបដោយកិត្យានុភាព និងការទទួលខុសត្រូវខ្ពស់បំផុត៕


