កងរាជអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀននៅស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងដកហូតថ្នាំញៀនជិត ៣០០ក្រាម

កងរាជអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀននៅស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងដកហូតថ្នាំញៀនជិត ៣០០ក្រាម

តាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ជាបន្តបន្ទាប់ នៅស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ៩កញ្ចប់ មានទម្ងន់សរុប ២៩៦,៦៥ក្រាម រួមនឹងវត្ថុតាងមួយចំនួនទៀត។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២២ និងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិរមុន ឃុំបឹងត្រាញ់ខាងជើង និងភូមិត្រពាំងត្របែក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ក្រោមការដឹកនាំរបស់លោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ជនសង្ស័យទាំង ៥នាក់ ដែលត្រូវបានឃាត់ខ្លួន សុទ្ធតែជាបុរស រួមមាន៖ ឈ្មោះ ប៉ិន សេងហាក់ អាយុ ២២ឆ្នាំ និងឈ្មោះ ឈាន សុភា អាយុ ២៧ឆ្នាំ មានទីលំនៅភូមិរមុន ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង។ ឈ្មោះ ឃិន សុវ៉ា អាយុ ២៨ឆ្នាំ មានទីលំនៅភូមិលាក់រទេះ ឃុំខ្វាវ ស្រុកសំរោង។ ឈ្មោះ ខុន សុផាន់នេត អាយុ ២៦ឆ្នាំ មានទីលំនៅភូមិក្រញូង ឃុំពោធិអង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងឈ្មោះ ម៉េស រដ្ឋ ហៅក្រឹម អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងត្របែក ឃុំខ្វាវ ស្រុកសំរោង។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ៩កញ្ចប់ ក្នុងនោះកញ្ចប់ធំ ២ និងកញ្ចប់តូច ៧ មានទម្ងន់សរុប ២៩៦,៦៥ក្រាម ដោយរាប់បញ្ចូលទាំងសំបកថង់ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង ទូរស័ព្ទដៃចំនួន ៧គ្រឿង ម៉ូតូចំនួន ១គ្រឿង ព្រមទាំងថង់វេចខ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមនឹងវត្ថុតាង ត្រូវបានការិយាល័យជំនាញសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

Scroll to Top