មណ្ឌលគិរី៖ ក្រោមការយកចិត្តទុកដាក់ និងអនុវត្តយ៉ាងម៉ត់ចត់តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្រុមការងារថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលស្រុកកោះញែក បានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម រហូតសម្រេចជោគជ័យ ១០០% លើផែនការឆ្នាំ២០២៦ ក្នុងការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
យោងតាមរបាយការណ៍បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់របស់ លោក សី ទូច អភិបាល នៃគណៈអភិបាលស្រុកកោះញែក និង លោកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុកកោះញែក កម្លាំងជំនាញអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកកោះញែក សហការយ៉ាងជិតស្និទ្ធជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ បានសម្រេចលទ្ធផលជូនប្រជាពលរដ្ឋដូចខាងក្រោម៖
ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី៖ សរុបចំនួន ៥៧៤នាក់។
ផ្ដល់អត្តសញ្ញាណប័ណ្ណទុតិយតា (បាត់/ខូច/ដូរ): សរុបចំនួន ៦,៧៤៥នាក់។
ទោះបីជាសម្រេចបានជោគជ័យ ១០០% លើផែនការប្រចាំឆ្នាំរួចហើយក្តី ប៉ុន្តែបច្ចុប្បន្នកម្លាំងជំនាញអត្តសញ្ញាណកម្ម និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ នៅតែបន្តប្រុងប្រៀប និងផ្ដល់សេវាជូនប្រជាពលរដ្ឋដែលខ្វះខាត ដូចជាករណីធ្វើថ្មី បាត់ ខូច និងជិតផុតសុពលភាព នៅតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលទាំង៦ និងអធិការដ្ឋាននគរបាលស្រុកកោះញែក ជាប្រចាំថ្ងៃ។
លទ្ធផលដ៏គួរឱ្យមោទនភាពនេះ គឺជាក់ស្ដែងឱ្យឃើញពីស្មារតីបម្រើប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំងនគរបាលជាតិ ក្នុងការជួយសម្រួល និងផ្ដល់ភាពងាយស្រួលដល់ការប្រើប្រាស់ឯកសារសម្គាល់ខ្លួនផ្លូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


