ខេត្តតាកែវ៖ ដោយមានការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជួបការលំបាក ក្រុមការងារចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តតាកែវ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ទៅឧបត្ថម្ភជូនលោកយាយចាស់ជរា និងគ្រួសារដែលមានជីវភាពខ្វះខាតមួយគ្រួសារ នៅភូមិស្លា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ និងក្រោមការដឹកនាំរបស់លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តតាកែវ ដោយមានលោក សោម សម្ផស្ស ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនដោយផ្ទាល់។
គ្រួសារដែលទទួលបានអំណោយនេះ មានលោកយាយឈ្មោះ ឈឹម ណាត អាយុ៨៩ឆ្នាំ រស់នៅជាមួយកូន និងកំពុងជួបប្រទះការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
ក្នុងឱកាសនោះ លោក សោម សម្ផស្ស បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ម៉ឹង ពន្លក និងលោក កែវ វ៉ាន្នី ជូនចំពោះលោកយាយ និងក្រុមគ្រួសារ ព្រមទាំងបានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមការងារ ក្នុងការចុះសួរសុខទុក្ខ និងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលខ្វះខាត តាមរយៈការផ្តល់ជាគ្រឿងឧបភោគ បរិភោគ និងថវិកាតាមលទ្ធភាព។
អំណោយមនុស្សធម៌ដែលបានប្រគល់ជូនលោកយាយ និងក្រុមគ្រួសារ រួមមាន អង្ករចំនួន៥០គីឡូក្រាម មីជាតិ១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង១យួរ ស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម ខ្ទឹមស១គីឡូក្រាម ប៊ីចេង១កញ្ចប់ និងថវិកាចំនួន៣០ម៉ឺនរៀល។
សកម្មភាពនេះបានបង្ហាញពីការចូលរួមចំណែករបស់ក្រុមយុវជន១៥៧ ក្នុងការងារមនុស្សធម៌ និងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសចំពោះគ្រួសារដែលមានមនុស្សចាស់ជរា និងជួបប្រទះការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ៕


