ខេត្តក្រចេះ៖ ប្រជានេសាទនៅតាមដងព្រែកឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ កំពុងសម្តែងការព្រួយបារម្ភ និងជ្រួលច្របល់យ៉ាងខ្លាំង បន្ទាប់ពីបុគ្គលឈ្មោះ ឈុន ហុង ដែលធ្លាប់ដើរប្រមូលប្រាក់រត់ការពីរដូវនេសាទមុនៗ បានប្រមូលប្រាក់សរុបប្រមាណជាង ១ម៉ឺនដុល្លារអាមេរិក រួចបាត់ស្រមោល និងផ្តាច់ការទាក់ទងទូរស័ព្ទទាំងស្រុង។ នេះបើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបាននៅថ្ងៃនេះ។
តាមប្រភពព័ត៌មានពីប្រជានេសាទក្នុងមូលដ្ឋានបានឱ្យដឹងថា ដូចបណ្តាឆ្នាំមុនៗដែរ កាលពីអំឡុងចុងខែកញ្ញា និងដើមខែតុលាកន្លងទៅ បុគ្គលឈ្មោះ ឈុន ហុង បានអះអាងថាខ្លួនមានភារកិច្ចដើរប្រមូលប្រាក់ពីក្រុមអ្នកនេសាទ ចាប់ពី ៥០ម៉ឺនរៀល ទៅ ១លានរៀល (ផ្អែកតាមទំហំតូច-ធំនៃឧបករណ៍នេសាទ) ដើម្បីយកទៅបែងចែកជា «លាភសក្ការៈ» ជូនដល់មន្ត្រីរាជការ និងស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត ក្នុងគោលបំណងសម្រួលដល់ការធ្វើអាជីវកម្មនេសាទ។
យ៉ាងណាមិញ រហូតមកដល់ថ្ងៃទី២៤ ខែតុលានេះ ស្រាប់តែបាត់ស្រមោលបុគ្គល ឈុន ហុង ដោយពេលខ្លះទូរស័ព្ទហៅមិនចូល និងពេលខ្លះទៀតហៅចូលតែគ្មានអ្នកទទួល។ ប្រជានេសាទដែលបានបង់ប្រាក់រួចរាល់ កំពុងស្ថិតក្នុងស្ថានភាពទាល់ច្រក ព្រោះប្រាក់ដែលបង់ទៅនោះមិនត្រូវ បានយកទៅបង់ប្រាក់ពិន័យអន្តរកាលតាមច្បាប់ស្តីពីជលផល ឬអនុក្រឹត្យឡើយ ហើយពួកគាត់ក៏មិនទាន់ទទួលបានការអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទនៅឡើយដែរ។
ប្រភពដដែលបានបន្តថា ស្ថានភាពពេលនេះបានធ្វើឱ្យភាគីពាក់ព័ន្ធជាច្រើនស្ថិតក្នុងភាពស្រពិចស្រពិល ខណៈក្រុមអាជីវករ និងអ្នកនេសាទបានត្អូញត្អែរថា ពួកគាត់បានចំណាយប្រាក់អស់រលីងហើយ ប៉ុន្តែនៅតែមិនអាចចុះនេសាទបាន។ កូនសោសំខាន់នៃបញ្ហានេះ គឺស្ថិតនៅលើបុគ្គល ឈុន ហុង ដែលកំពុងគេចវេស មិនព្រមចូលខ្លួនមកដោះស្រាយជាមួយអ្នកនេសាទដែលជាម្ចាស់ប្រាក់ឡើយ។
បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ច និងប្រជានេសាទ កំពុងរង់ចាំមើលថាតើច្បាប់នឹងមានវិធានការបែបណា ចំពោះបុគ្គលដែលសង្ស័យថាបានឆបោកប្រាក់ប្រជានេសាទរូបនេះ៕
បណ្ដាញសារព័ត៌មានពេញចិត្តមេឌា មិនទាន់អាចសុំការបំភ្លឺពីលោក ឈុន ហុង បាននៅឡើយទេ គិតត្រឹមពេលផ្សាយនេះ។


