និស្សិតស្រីឆ្នាំទី២ ម្នាក់បាត់បង់ជីវិតយ៉ាងវេទនា ក្រោយចូលព្យាបាលនៅ «មន្ទីរសម្រាកព្យាបាល ថុន សីហា» ដែលសង្ស័យគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ

និស្សិតស្រីឆ្នាំទី២ ម្នាក់បាត់បង់ជីវិតយ៉ាងវេទនា ក្រោយចូលព្យាបាលនៅ «មន្ទីរសម្រាកព្យាបាល ថុន សីហា» ដែលសង្ស័យគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ

(កណ្តាល)៖ សោកស្តាយយុវតីជានិស្សិតឆ្នាំទី២ម្នាក់បានស្លាប់ ខណៈនាងមានអាការៈក្ដៅខ្លួន ហើយទៅព្យាបាលនៅ”មន្ទីរសម្រាកព្យាបាល ថុន សីហា”បានរយៈពេល២យប់៣ថ្ងៃ។ លុះអាការៈនាងវិវត្តទៅជាធ្ងន់ធ្ងរគ្រូពេទ្យបែរជាដោះសេរ៉ូមចេញ រួចប្រាប់ឪពុកអ្នកជំងឺឱ្យបញ្ជូននាង តាមរថយន្តឯកជនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដោយគ្មានឧបករណ៍ពេទ្យ មកជាមួយដើម្បីសង្គ្រោះ(បឋម)តាមផ្លូវ។

មន្ទីរសម្រាកព្យាបាល ថុន សីហា”មានទីតាំងនៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ប៉ាត់ លីអ៊័រ ភេទស្រីអាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ រស់នៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បាន(ស្លាប់តាមផ្លូវ)ពេលបញ្ជូនមកផ្ទះវិញ កាលពីថ្ងៃទី១១,១០,២០២៦។

ឪពុកជនរងគ្រោះបានអះអាងថា ដំបូងឡើយឈ្មោះ ប៉ាត់ លីអ៊័រ មានអាការៈក្តៅខ្លួននៅផ្ទះ៣ថ្ងៃមកហើយ។

លុះដល់ថ្ងៃទី០៨,១០,២០២៦ ក្រុមគ្រួសារបាននាំនាងមកពិគ្រោះនៅ”មន្ទីរសម្រាកព្យាបាល ថុន សីហា ។

ក្នុងនោះ ប្រពន្ធរបស់គ្រូពេទ្យរួមនិងបុគ្គលិកពេទ្យ បានធ្វើការពិនិត្យភ្លាមៗដោយបញ្ចាក់ថា ឈ្មោះ ប៉ាត់ លីអ៊័រ មាន”ជំងឺគ្រុនឈាម”និងត្រូវឱ្យអ្នកជំងឺ សំរាកក្នុងគ្លីនិក រួចចាប់ផ្តើមវ៉ៃថ្នាំ និងដាក់សេរ៉ូមជាបន្តបន្ទាប់។

ប្រភពដដែលបន្តថា ក្រោយដាក់សេរ៉ូម បែរជាអាការៈអ្នកជំងឺវិវត្តទៅជាធ្ងន់ពី១ថ្ងៃទៅ១ថ្ងៃ ដោយក្អួតផងធ្លាក់ឈាមផង។ ពេលនោះឪពុកនាងស្មានតែកូនស្រីមករដូវ។

ក្រោយឃើញអាការៈអ្នកជំងឺកាន់តែធ្ងន់ធ្ងរដូច្នេះ នៅព្រលប់ថ្ងៃទី១០.១០.២០២៦ ម្ចាស់”មន្ទីរសម្រាកព្យាបាល ថុន សីហា”ក៏បានប្រាប់ក្រុមគ្រួសារឱ្យបញ្ជូនអ្នកជំងឺឈ្មោះ ប៉ាត់ លីអ៊័រ ទៅសង្គ្រោះបន្តនៅភ្នំពេញ។

ពេលនោះ ម្ចាស់គ្លីនិកបានដោះសេរ៉ូមចេញពីដៃអ្នកជំងឺ រួចទើបបញ្ជូនឈ្មោះ ប៉ាត់ លីអ៊័រ ទៅភ្នំពេញ តាមរថយន្តផ្ទាល់ខ្លួនរបស់ឪពុកអ្នកជំងឺ។

បើតាមឪពុកអ្នកជំងឺ”គ្លីនិក ថុន សីហា”ព្យាបាលកូនស្រីគាត់ពីជំងឺស្រាលទៅជាធ្ងន់ហើយ ថែមទាំងដោះសេរ៉ូមចេញ ពេលបញ្ជូនទៅសង្គ្រោះបន្តនៅភ្នំពេញបណ្ដាលឱ្យដាច់ថ្នាំជាច្រើនម៉ោង គួបផ្សំនិងមធ្យោបាយបញ្ជូននោះ ពុំមែនជារថយន្តសាម៉ុយពេទ្យ ដែលមានសម្ភារៈវេជ្ជសាស្ត្រ និងឧបករណ៍សង្គ្រោះមកជាមួយ។

ជាហេតុនាំឱ្យកម្លាំងអ្នកជំងឺចុះខ្សោយ និងត្រដរខ្យល់.!ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត នៅយប់ថ្ងៃទី ១០. ១០.២០២៦។ គ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត បានធ្វើការពិនិត្យនិងសង្គ្រោះបឋម រួចប្រាប់មកក្រុមគ្រួសារថា អ្នកជំងឺធ្ងន់ណាស់និងជ្រុលពេលហើយ មិនអាចជួយបានទេ។ ពោលគឺបើទុកនៅពេទ្យក៏ស្លាប់ បញ្ជូនទៅផ្ទះក៏ស្លាប់ដែរ។

ក្រោយស្ដាប់គ្រូពេទ្យពន្យល់បែបនេះនៅព្រឹកថ្ងៃទី ១១.១០.២០២៦ ក្រុមគ្រួសារសម្រេចឱ្យ រថយន្តសាម៉ុយពេទ្យដឹកនាងត្រឡប់មកផ្ទះវិញ ហើយអ្នកជំងឺឈ្មោះ ប៉ាត់ លីអ៊័រ ក៏បានដាច់ខ្យល់ស្លាប់តាមផ្លូវមុនមកដល់ផ្ទះ។

ម្ចាស់”គ្លីនិក ថុន សីហា”ដោយប្រពន្ធថ្លែងថា អ្នកជំងឺឈ្មោះ ប៉ាត់ លីអ៊័រ ពេលកំពុងព្យាបាលក្នុងគ្លីនិកខ្លួន គឺអាការៈនាងធម្មតា.ដើរបានមិនធ្ងន់ធ្ងរឡើយ ប៉ុន្តែគាត់មករដូវ ក៏ពិនិត្យឈាមជាថ្មីនិងណែនាំឱ្យបញ្ជូនទៅភ្នំពេញ។

លោក លឹម ផល្លា ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិខ្សាច់កណ្ដាល បានថ្លែងថា ជាគោលការណ៍គ្លីនិក មិនអនុញ្ញាតឱ្យព្យាបាលជំងឺគ្រុនឈាមទេ។ លោក លឹម ផល្លា បន្តថា ជុំវិញរឿងនេះខ្ញុំមិនច្បាស់ទេ ចាំមើលខ្ញុំចុះពិនិត្យសិន.!។

ចំណែកលោក គាម ពិសិដ្ឋ ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាលស្ដីទី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ខ្ញុំពុំទាន់ទទួលបានព័ត៌មាននេះទេ! ខ្ញុំនឹងចាត់មន្ត្រីជំនាញចុះស្រាវជ្រាវនៅថ្ងៃស្អែក។

ពលរដ្ឋសង្ឃឹមថា មន្ត្រីជំនាញពាក់ព័ន្ធ នឹងចាត់វិធានការលើម្ចាស់គ្លីនិក”ថុន សីហា”កុំមានការយោគយល់ឱ្យសោះ។ ព្រោះថា ខ្លួនជាគ្រូពេទ្យ បើព្យាបាលឃើញថា ជំងឺវិវត្តទៅជាធ្ងន់ធ្ងរហើយ.បែរជាឱ្យបញ្ជូនអ្នកជំងឺតាមរថយន្តឯកជន.ដែលគ្មានសម្ភារៈវេជ្ជសាស្ត្របុគ្គលិកពេទ្យនិងឧបករណ៍សង្គ្រោះទៅជាមួយ៕

Scroll to Top