រាជធានីភ្នំពេញ៖ ក្រោយពេលអង្គភាព «សារព័ត៌មានពេញចិត្តមេឌា» បានចុះផ្សាយព័ត៌មានរិះគន់ជុំវិញបញ្ហាក្លិនស្អុយ និងគំនរសំរាមអនាធិបតេយ្យនៅតាមបណ្តោយផ្លូវបេតុង និងដីឡូតិ៍ក្នុងបុរីកួរស្រូវ៣ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាពេលថ្មីៗនេះ នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខណ្ឌដង្កោ បានចេញមុខបកស្រាយ និងឆ្លើយតបជុំវិញបញ្ហានេះ។
លោក ហ៊ាង ញ៉ អនុប្រធានការិយាល័យសាធារណការ និងអនាម័យបរិស្ថានខណ្ឌដង្កោ បានឆ្លើយតបតាមរយៈការខំមិនក្នុងទំព័រផេកផ្លូវការព័ត៌មានពេញចិត្តមេឌាថ្លែងប្រាប់អោយដឹងថា ដើមឡើយក្រុមហ៊ុនប្រមូលសំរាម MIZUDA មានការភាន់ច្រឡំដោយស្មានតែទីតាំងខាងលើស្ថិតក្នុងដែនដីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទើបមិនបានចុះប្រមូល។ លោកបានបន្តថា ក្រោយទទួលបានព័ត៌មាន រដ្ឋបាលខណ្ឌដង្កោ បានចាត់ចែងឱ្យក្រុមហ៊ុន MIZUDA ចុះមកឈូសឆាយ និងកើបប្រមូលសំរាមចេញនៅព្រឹកថ្ងៃទី១៦ ខែតុលា ស្អែកនេះ។
ទន្ទឹមនឹងនេះ ផ្អែកតាមការចុះសាកសួរប្រជាពលរដ្ឋជិតខាង លោកបានឱ្យដឹងថា ប្រភពនៃសំរាមអនាធិបតេយ្យនេះ គឺបណ្តាលមកពីក្រុមកម្មករ (ពាក់អាវពណ៌លឿង) នៅការដ្ឋានសំណង់ក្នុងបុរីពិភពថ្មីកួរស្រូវ២ បានដឹកកាកសំណល់តាមរថយន្ត និងម៉ូតូរ៉ឺម៉ក យកមកលួចចាក់ចោលនៅទីនោះ។
ទោះបីជាមានការឆ្លើយតបយ៉ាងនេះក្តី មហាជន និងអ្នកតាមដានសង្គមបានចោទជាសំណួរដេញដោលថា ក្រុមហ៊ុន MIZUDA ទទួលសិទ្ធិប្រមូលសំរាមផ្លូវការក្នុងតំបន់១ (រួមទាំងខណ្ឌដង្កោ) ដោយមានផែនទីរដ្ឋបាល (Collection Zone Mapping) និងប្រព័ន្ធ GPS ច្បាស់លាស់ពីសាលារាជធានីភ្នំពេញ តើហេតុអ្វីបានជាក្រុមហ៊ុនអាចយកលេសថា «ភាន់ច្រឡំដែនដី» ជាមួយស្រុកកណ្តាលស្ទឹងទៅវិញ? ប្រសិនបើគ្មានការចុះផ្សាយពីសារព័ត៌មាន តើទុកឱ្យប្រជាពលរដ្ឋរស់នៅរងគ្រោះដោយក្លិនស្អុយ និងបាត់បង់សោភ័ណភាពដល់ពេលណា?
ដើម្បីធានាថា ការចុះសម្អាតនៅព្រឹកស្អែកនេះ មិនមែនជាការធ្វើឡើង «មួយគ្រាដើម្បីបិទបាំងភ្នែកសារព័ត៌មាន» ឬកើបតែមួយកាលនោះ អង្គភាពសារព័ត៌មានយើងសូមចោទជាសំណួរដេញដោលបន្ថែមជូនប្រជាពលរដ្ឋដូចតទៅ៖
១. ក្នុងពេលដែលដឹងច្បាស់ថា ក្រុមកម្មករការដ្ឋានសំណង់នៅបុរីពិភពថ្មីកួរស្រូវ២ ជាអ្នកលួចយកមកចាក់ តើរដ្ឋបាលខណ្ឌដង្កោ និងសង្កាត់ព្រែកកំពឹស មានវិធានការ ផាកពិន័យ ឬអនុវត្តទោសបញ្ញត្តិផ្លូវច្បាប់ លើក្រុមហ៊ុនឬការដ្ឋាននោះយ៉ាងណា ដើម្បីកុំឱ្យពួកគាត់បន្តលួចចាក់ទៀត?
២. ក្រោយពេលកើប និងឈូសឆាយរួច តើអាជ្ញាធរមានផែនការ ដាក់ផ្លាកសញ្ញាហាមឃាត់ ដាក់កាមេរ៉ាសុវត្ថិភាព ឬដាក់កម្លាំងល្បាត នៅទីតាំងនោះដែរឬទេ ដើម្បីកុំឱ្យទីនោះប្រែជា «ដេប៉ូសំរាមអនាធិបតេយ្យ» សារជាថ្មី?
៣. តើក្រុមហ៊ុន MIZUDA នឹងរៀបចំតារាងប្រមូលសំរាមឱ្យបានទៀងទាត់ក្នុងភូមិក្រាំងស្វាយ និងតំបន់បុរីជុំវិញនោះយ៉ាងដូចម្តេច ដើម្បីកុំឱ្យកើតមានគំនរសំរាមអនាធិបតេយ្យបែបនេះទៀត?
អង្គភាព «សារព័ត៌មានពេញចិត្តមេឌា» នឹងបន្តចុះតាមដានមើលសកម្មភាពជាក់ស្តែងនៃការចុះឈូសឆាយរបស់ក្រុមហ៊ុន MIZUDA និងចំណាត់ការរបស់អាជ្ញាធរខណ្ឌដង្កោនៅព្រឹកស្អែកនេះ ដើម្បីជម្រាបជូនសាធារណជនជាបន្តបន្ទាប់៕


