ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកល្វាឯម៖ ឯកឧត្តម គួច ចំរើន ដាក់ចេញបទបញ្ជាក្ដៅៗដល់អភិបាលស្រុកថ្មី ឱ្យលុបបំបាត់ Online Scam គ្រឿងញៀន និងពង្រឹងសេវាសាធារណៈ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកល្វាឯម៖ ឯកឧត្តម គួច ចំរើន ដាក់ចេញបទបញ្ជាក្ដៅៗដល់អភិបាលស្រុកថ្មី ឱ្យលុបបំបាត់ Online Scam គ្រឿងញៀន និងពង្រឹងសេវាសាធារណៈ

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

ក្នុងពិធីនេះ លោក ឃឹម សំភារ ត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុកល្វាឯមថ្មី ជំនួស លោក លីវ វណ្ណថេង ដែលត្រូវ បានផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា ការផ្ទេរ និងទទួលមុខតំណែង គឺជាស្ពានផ្សារភ្ជាប់កាតព្វកិច្ច និងបេសកកម្មដើម្បីធានាភាពរឹងមាំ និងប្រសិទ្ធភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំ និងដាក់ចេញនូវអនុសាសន៍សំខាន់ៗដល់អភិបាលស្រុកថ្មី រួមមាន៖

១. ពង្រឹងសន្តិសុខ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ជាពិសេស បទល្មើសតាមប្រព័ន្ធអនឡាញ (Online Scam) និងការបង្ការគ្រោះថ្នាក់ចរាចរណ៍ ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

២. បូមខ្សាច់លុបបំបាត់គ្រឿងញៀនតាម App “NoDrug”៖ ជំរុញឱ្យរដ្ឋបាលស្រុកបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជន ឱ្យចេះប្រើប្រាស់កម្មវិធី App NoDrug ក្នុងការរាយការណ៍ព័ត៌មានសម្ងាត់អំពីការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទៅកាន់សមត្ថកិច្ច។

៣. លើកកម្ពស់សេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋាន៖ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបាន “ឆាប់រហ័ស ប្រសិទ្ធភាព និងមានតម្លាភាព” ព្រមទាំងធានាថាគម្រោងសំណង់អភិវឌ្ឍន៍នានាមានគុណភាព ស្របតាមស្តង់ដារ អនុវត្តបានទាន់ពេលវេលា និងមានតម្លៃសមស្រប។

៤. ឯកឧត្តមបានរំលឹកថា «តួនាទីជាអភិបាលស្រុក មិនមែនគ្រាន់តែជាតំណែងនៅលើក្រដាសស្នាមនោះទេ ប៉ុន្តែជាសក្ខីភាពនៃសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល» ដែលទាមទារឱ្យមានឆន្ទៈ ភាពជាអ្នកដឹកនាំ និងសេចក្តីស្មោះត្រង់ក្នុងការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។

ការប្រកាសចូលកាន់មុខតំណែងនេះ គឺជាការបន្តបេសកកម្មដឹកនាំ និងផ្ទេរបទពិសោធន៍ការងារ ដោយរំពឹងថានឹងរួមចំណែកកសាង និងអភិវឌ្ឍន៍ស្រុកល្វាឯមឱ្យកាន់តែមានភាពស៊ីវិល័យ សុវត្ថិភាព និងសុខដុមរមនាជូនប្រជាពលរដ្ឋ៕

Scroll to Top