សោកនាដកម្មមុនថ្ងៃជួបជុំ៖ កម្មករសំណង់ម្នាក់ធ្លាក់ពីលើអគារសាកលវិទ្យាល័យវេស្ទើនថ្មី ក្នុងក្រុងកំពង់ចាម រងការចោទថាមានការលាក់បាំងព័ត៌មាន

សោកនាដកម្មមុនថ្ងៃជួបជុំ៖ កម្មករសំណង់ម្នាក់ធ្លាក់ពីលើអគារសាកលវិទ្យាល័យវេស្ទើនថ្មី ក្នុងក្រុងកំពង់ចាម រងការចោទថាមានការលាក់បាំងព័ត៌មាន

ខេត្តកំពង់ចាម៖ ក្តីសង្ឃឹម និងស្នាមញញឹមដែលត្រៀមនឹងយកទៅជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ត្រូវរលាយបាត់ភ្លាមៗ នៅក្នុងហេតុការណ៍ដ៏រន្ធត់មួយ ដោយបុរសជាកម្មករសំណង់ម្នាក់បានធ្លាក់ពីលើអគារសាកលវិទ្យាល័យវេស្ទើនថ្មី នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ដែលកំពុងសាងសង់ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។

អ្វីដែលធ្វើឱ្យមហាជន និងសាច់ញាតិជនរងគ្រោះសម្តែងការខឹងសម្បារយ៉ាងខ្លាំងនោះ គឺបន្ទាប់ពីកើតហេតុ ភាគីម្ចាស់សាលា និងមេការសំណង់ត្រូវបានគេរាយការណ៍ថា បានព្យាយាមលាក់បាំងព័ត៌មាននេះ ដើម្បីគេចវេះពីការទទួលខុសត្រូវ។ មហាជនបានលើកឡើងថា ទោះបីជាមានការបិទបាំងយ៉ាងណាក៏ដោយ ក៏ភាគីពាក់ព័ន្ធមិនអាចមើលរំលងតម្លៃជីវិតមនុស្ស និងត្រូវតែចេញមុខសងសំណងរដ្ឋប្បវេណីសមរម្យជូនដល់គ្រួសារសពឱ្យបានសមរម្យបំផុត។

ជុំវិញករណីដ៏ក្តៅគគុកនេះ លោក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះថា កម្លាំងសមត្ថកិច្ចជំនាញទើបតែទទួលបានព័ត៌មានជុំវិញករណីនេះដែរ ហើយបច្ចុប្បន្នកំពុងចុះស្រាវជ្រាវ និងធ្វើការលើរឿងនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។

ករណីនេះកំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់មហាជន ដោយរង់ចាំមើលថា តើសមត្ថកិច្ចនឹងមានវិធានការច្បាប់បែបណាទៅលើភាគីការដ្ឋានសំណង់ និងថាតើគ្រួសារជនរងគ្រោះនឹងទទួលបានយុត្តិធម៌ព្រមទាំងសំណងជំងឺចិត្តសមរម្យដែរឬទេ?៕

Scroll to Top