តាកែវ៖ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ លោក សោ សុផល អភិបាលរងក្រុងដូនកែវ តំណាងលោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយករណីសំណង់របងថ្មមួយកន្លែង ដែលសាងសង់ដោយគ្មានលិខិតអនុញ្ញាត និងមានការរំលោភលើដីអាស្រ័យផលសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងកិច្ចប្រជុំ លោកអភិបាលរងក្រុង បានលើកយកបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ មកពន្យល់ និងណែនាំដល់ភាគីពាក់ព័ន្ធ ដើម្បីឱ្យយល់ច្បាស់ពីកាតព្វកិច្ច និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការសាងសង់សំណង់។
ជាមួយគ្នានេះ អាជ្ញាធរក្រុងបានតម្រូវឱ្យម្ចាស់សំណង់ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពសាងសង់របងថ្ម និងរុះរើរបងថ្មដែលបានសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋ ចេញវិញទាំងស្រុង ដើម្បីបញ្ចៀសការបន្តរំលោភលើទ្រព្យសម្បត្តិសាធារណៈ និងធានាការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។
ក្រោយការសម្របសម្រួល និងការណែនាំរបស់អាជ្ញាធរក្រុង ភាគីម្ចាស់សំណង់បានទទួលស្គាល់កំហុសរបស់ខ្លួន និងយល់ព្រមអនុវត្តតាមការណែនាំ និងសេចក្តីសម្រេចរបស់អាជ្ញាធរក្រុងដូនកែវដោយស្ម័គ្រចិត្ត។
អាជ្ញាធរក្រុងដូនកែវ បន្តបញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំណង់ និងការពារដីសាធារណៈរបស់រដ្ឋ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋគោរព និងអនុវត្តតាមច្បាប់ជាធរមាន មុនពេលសាងសង់ ឬអនុវត្តសកម្មភាពពាក់ព័ន្ធនឹងដីធ្លី និងសំណង់នានា៕


