BYD Sealion 5 ទទួលបានត្រឹម ៣ ផ្កាយ លើការតេស្តសុវត្ថិភាព ANCAP នៅអូស្ត្រាលី ដោយសារប្រព័ន្ធសុវត្ថិភាពនៅមានកម្រិត

BYD Sealion 5 ទទួលបានត្រឹម ៣ ផ្កាយ លើការតេស្តសុវត្ថិភាព ANCAP នៅអូស្ត្រាលី ដោយសារប្រព័ន្ធសុវត្ថិភាពនៅមានកម្រិត

រថយន្តអគ្គិសនីលាយសាំង (Plug-in Hybrid) ម៉ូឌែល BYD Sealion 5 ទទួលបានលទ្ធផលត្រឹមតែ ៣ ផ្កាយ ក្នុងការធ្វើតេស្តសុវត្ថិភាពយ៉ាងតឹងរ៉ឹងពីស្ថាប័ន ANCAP ប្រចាំប្រទេសអូស្ត្រាលី។ នេះជាម៉ូឌែលដំបូងបង្អស់របស់ក្រុមហ៊ុន BYD ដែលត្រូវបានធ្វើតេស្តក្រោមបទដ្ឋានចុងក្រោយរបស់ ANCAP ហើយមិនអាចសម្រេចបានកម្រិតសុវត្ថិភាពអតិបរមា ៥ ផ្កាយ។នេះបើយោងតាមស្ថាប័នសារព័ត៌មានរបស់ប្រទេសអូស្ត្រាលី News.com.au ដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាន។

លទ្ធផលនៃការធ្វើតេស្តតាមផ្នែកសំខាន់ៗ៖

១. ប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរ ទទួលបានពិន្ទុ ៤៨% (ដោយសារខ្វះបច្ចេកវិទ្យាទំនើបក្នុងការការពារ និងបញ្ជៀសការបុកប៉ះ)

២. ការការពារពេលមានការបុកប៉ះ ទទួលបានពិន្ទុ ៥១% (រចនាសម្ព័ន្ធតួរថយន្តមិនទាន់អាចការពារអ្នកបើកបរ និងអ្នកដំណើរបានល្អ)

៣. ការធ្វើតេស្តលើផ្នែកផ្សេងៗទៀត ទទួលបានពិន្ទុចន្លោះពី ៧៤% ទៅ ៧៩%

ស្ថាប័ន ANCAP បានរកឃើញថា រថយន្តនេះនៅមានកម្រិតទាបលើមុខងារសុវត្ថិភាពសំខាន់ៗមួយចំនួន ដែលជាស្តង់ដារចាំបាច់សម្រាប់ទីផ្សារអូស្ត្រាលី រួមមាន៖

១. ប្រព័ន្ធស្វែងរក និងប្រកាសអាសន្នពេលមានកុមារនៅក្នុងរថយន្ត (Child Presence Detection)

២. ប្រព័ន្ធជំនួយរក្សាគន្លងផ្លូវ (Lane-Keep Assist)

៣. ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិការពារអ្នកដើរជើង(Vehicle-to-Pedestrian Emergency Braking)

ទោះបីជា BYD Sealion 5 ទទួលបានការពេញនិយមខ្លាំងលំដាប់ទីពីរនៅប្រទេសអូស្ត្រាលី (បន្ទាប់ពី Toyota) ដោយសារតែមានតម្លៃសមរម្យក៏ដោយ ប៉ុន្តែការកាត់បន្ថយប្រព័ន្ធសុវត្ថិភាពដើម្បីទទួលបានតម្លៃទាបនេះ បានធ្វើឱ្យរថយន្តស្ទើរតែធ្លាក់ទៅដល់កម្រិត ២ ផ្កាយ និងអាចធ្វើឱ្យអតិថិជនផ្លាស់ប្តូរចិត្តទៅជ្រើសរើសម៉ូឌែលផ្សេងដែលមានសុវត្ថិភាពជាង។

ដោយឡែក ម៉ូឌែលផ្សេងទៀតរបស់ BYD ដូចជា BYD Atto 2 និង BYD Sealion 8 មិនទាន់បានឆ្លងកាត់ការធ្វើតេស្តសុវត្ថិភាពពីស្ថាប័ន ANCAP នៅឡើយទេ៕

Scroll to Top