ខេត្តកណ្ដាល៖ រថយន្តដឹកទំនិញមួយគ្រឿង (សង្ស័យធ្វើដំណើរមកពីប្រទេសវៀតណាម) តាមបណ្តោយផ្លូវជាតិលេខ២ បានក្រឡាប់ចាក់ទំនិញរ៉ាយប៉ាយពេញចិញ្ចើមផ្លូវ កាលពីព្រឹកព្រលឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតក្នុងឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង។ ទោះជាយ៉ាងណា គេមិនបានឃើញសមត្ថកិច្ចជំនាញចរាចរណ៍ ឬមន្ត្រីប្រចាំស្ថានីយថ្លឹងរថយន្ត ចុះមកជួយអន្តរាគមន៍ ឬសម្រួលហេតុការណ៍នោះឡើយ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តខាងលើបានដឹកទំនិញច្រើនប្រភេទច្រកក្នុងបាវធំៗពេញទ្រុង ហើយបានបត់បញ្ច្រាសទិសដើម្បីចូលស្ថានីយថ្លឹងរថយន្ត។ ប៉ុន្តែដោយសារស្ថានភាពផ្លូវច្រកចូលមានភាពមិនអំណោយផល មានក្រឡុក សំបុកមាន់ ចំណោទខ្ពស់ និងដីផុស ដែលធ្វើឱ្យរថយន្តបាត់បង់លំនឹង រួចក្រឡាប់ផ្ងាជើងតែម្តង។ ហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតនោះទេ។ តាមការពិនិត្យជាក់ស្តែង រថយន្តមិនបានដឹកលើសទម្ងន់នោះទេ ប៉ុន្តែជាគោលការណ៍ រថយន្តដឹកទំនិញទាំងអស់ត្រូវតែចូលថ្លឹងនៅស្ថានីយអែបផ្លូវជាតិលេខ២ នោះដោយខានមិនបាន។
អ្វីដែលធ្វើឱ្យមហាជនហួសចិត្តនោះគឺ នៅពេលកើតហេតុការណ៍ភ្លាមៗ គេមិនឃើញមានមន្ត្រីនៅស្ថានីយជញ្ជីង ឬមន្ត្រីចរាចរណ៍ស្រុកកណ្ដាលស្ទឹង ចុះមកពិនិត្យ ឬជួយសម្រួលចរាចរណ៍នោះឡើយ។ គេឃើញតែម្ចាស់រថយន្តបង្ក ហៅរថយន្តស្ទូចមួយគ្រឿងទៀតមកលើកទំនិញ និងរៀបចំចាត់ចែងដោយខ្លួនឯង។
ករណីនេះបានទាក់ទាញការរិះគន់យ៉ាងខ្លាំងចំពោះកង្វះការទទួលខុសត្រូវរបស់មន្ត្រីប្រចាំស្ថានីយជញ្ជីង ដែលគិតតែពីរឿងប្រមូលកម្រៃថ្លឹងរថយន្ត ប៉ុន្តែមិនខ្វល់ពីសុវត្ថិភាព និងស្ថានភាពផ្លូវចូល ដែលមានចម្ងាយប្រហែល ៥០ម៉ែត្រ ពីទីតាំងរបស់ខ្លួននោះឡើយ។
ប្រភពនៅកន្លែងកើតហេតុបានបន្តថា រៀងរាល់ថ្ងៃមានរថយន្តដឹកថ្ម និងគ្រួសរាប់រយគ្រឿងឆ្លងកាត់ទីនោះ ប៉ុន្តែអ្នកទទួលខុសត្រូវស្ថានីយមិនបានយកចិត្តទុកដាក់ជួសជុលផ្លូវច្រកចូលឱ្យបានរលូននោះទេ។
ព្រឹត្តិការណ៍នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ ជាភស្តុតាងមួយបង្ហាញថា មន្ត្រីនៅស្ថានីយថ្លឹងរថយន្តខាងលើ មិនបានគិតគូរពីហានិភ័យ ឬការលំបាករបស់អ្នកធ្វើដំណើរនោះឡើយ។ ជាងនេះទៅទៀត វាក៏បានស្តែងឱ្យឃើញថា ការបណ្តែតបណ្តោយឱ្យរថយន្តធុនធំឆ្លងកាត់ជាប្រចាំ បានធ្វើឱ្យចិញ្ចើមផ្លូវជាតិលេខ២ នៅក្បែរស្ថានីយនោះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕


