លោក ឆុំ ដានី ចាងហ្វាងសារព័ត៌មាន «កងមាស» ចូលបំភ្លឺនៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះហៅ

លោក ឆុំ ដានី ចាងហ្វាងសារព័ត៌មាន «កងមាស» ចូលបំភ្លឺនៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះហៅ

ភ្នំពេញ៖ នៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឆុំ ដានី ចាងហ្វាងសារព័ត៌មាន «កងមាស» បានចាកចេញពីសាលាដំបូងរាជធានីភ្នំពេញវិញហើយ បន្ទាប់ពីបានចូលខ្លួនទៅផ្តល់ចម្លើយបំភ្លឺជូនតំណាងអយ្យការតាមកាលកំណត់។  

ផ្អែកតាមដីកាកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ (សំណុំរឿងព្រហ្មទណ្ឌលេខ ៤៣៩៥ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦) ចេញដោយលោក សេង រិទ្ធី ព្រះរាជអាជ្ញារង បានតម្រូវឱ្យឈ្មោះ ឆុំ ដានី ចូលបង្ហាញខ្លួននៅវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសាកសួរលើដំណើររឿង «បរិហារកេរ្តិ៍ជាសាធារណៈ និងជេរប្រមាថជាសាធារណៈ»។ ការកោះហៅនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ សួន សុខឌឿន ចាងហ្វាងសារព័ត៌មាន NMR និងជាប្រធានសមាគមអ្នកសារព័ត៌មាន អិន អឹម អ (N.M.R) កម្ពុជានិងអន្តរជាតិ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។

ទស្សនវិជ្ជាជីវៈសារព័ត៌មាន និងការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធនឹងវិវាទរវាងប្រធានសមាគមសារព័ត៌មាន និងចាងហ្វាងសារព័ត៌មានទាំងពីររូបនេះ មតិសាធារណៈ និងអ្នកប្រឡូកក្នុងវិស័យព័ត៌មានបានលើកឡើងថា ការយករឿងរ៉ាវទំនាស់ពាក្យសម្តី ឬការខ្វែងគំនិតគ្នាក្នុងអាជីពទៅប្តឹងផ្តល់ដល់ប្រព័ន្ធតុលាការ គឺជាជម្រើសចុងក្រោយបង្អស់ដែលមិនគួរឱ្យកើតមានឡើងឡើយ។

ក្នុងនាមជាអ្នកសារព័ត៌មានដូចគ្នា និងស្ថិតក្រោមអាណាព្យាបាលតែមួយគឺ ក្រសួងព័ត៌មាន ភាគីទាំងសងខាងគប្បី៖

១. ប្រកាន់ខ្ជាប់ក្រមសីលធម៌ និងវិជ្ជាជីវៈ ការបញ្ចេញមតិ ឬការរាយការណ៍ព័ត៌មាន ត្រូវប្រព្រឹត្តទៅដោយសេចក្តីថ្លៃថ្នូរ ជៀសវាងការប្រើប្រាស់ភាសាជេរប្រមាថ ឬបរិហារកេរ្តិ៍ដែលប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពបុគ្គល ឬស្ថាប័ន។

២. មុននឹងឈានដល់ចំណាត់ការផ្លូវច្បាប់នៅតុលាការ ភាគីទាំងពីរគួរតែប្រើប្រាស់យន្តការសម្រុះសម្រួលផ្ទៃក្នុង ដោយមានការអន្តរាគមន៍ ឬសម្របសម្រួលពីក្រសួងព័ត៌មាន ឬសមាគមសារព័ត៌មាន ដើម្បីបន្ធូរបន្ថយភាពតានតឹង និងរក្សាសាមគ្គីភាពក្នុងរង្វង់អ្នកសារព័ត៌មាន។

ការដោះស្រាយទំនាស់ដោយសន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមក មិនត្រឹមតែជួយរក្សាកិត្តិយសរបស់អ្នកសារព័ត៌មានទាំងសងខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់តម្លៃខ្លួន និងតម្លៃបន្ថែមនៃវិស័យសារព័ត៌មានក្នុងប្រទេសកម្ពុជាផងដែរ៕

Scroll to Top