ស្រែកថ្ងូរពេញខេត្តតាកែវ! ផ្លូវខូចជិត ៣គីឡូម៉ែត្រ បង្កទុក្ខវេទនាដល់ពលរដ្ឋ ឯអាជ្ញាធររុញទូកបណ្តោយទឹក គ្មាននរណាទទួលខុសត្រូវ

ស្រែកថ្ងូរពេញខេត្តតាកែវ! ផ្លូវខូចជិត ៣គីឡូម៉ែត្រ បង្កទុក្ខវេទនាដល់ពលរដ្ឋ ឯអាជ្ញាធររុញទូកបណ្តោយទឹក គ្មាននរណាទទួលខុសត្រូវ

ខេត្តតាកែវ៖ ជិតដល់រដូវកាលបុណ្យភ្ជុំបិណ្ឌទៅហើយ ប៉ុន្តែប្រជាពលរដ្ឋស្ទើរតែមួយចំហៀងខេត្តតាកែវ កំពុងតែស្រែកថ្ងូរ និងសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះផ្លូវធ្វើដំណើរមួយកន្លែងដែលមានប្រវែងត្រឹមតែជិត ៣គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែបែរជាត្រូវគេបោះបង់ចោលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគ្មានអាជ្ញាធរ ឬមន្ទីរជំនាញណាមួយចេញមុខទទួលខុសត្រូវ ឬអន្តរាគមន៍ជួយសម្រួលឡើយ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះបានឱ្យដឹងថា ខ្សែផ្លូវចាប់ពីស្ពានហូឈាម (ស្រុកអង្គរបូរី) រហូតដល់ផ្លូវជាតិលេខ២ (ស្រុកសំរោង) គឺត្រូវបានក្រាលកៅស៊ូយ៉ាងស្អាត និងសម្រួលដល់ការធ្វើដំណើរយ៉ាងរលូន។ ទោះជាយ៉ាងណា អ្វីដែលជាក្តីកង្វល់ខ្លាំង គឺត្រង់ចំណុចចន្លោះស្ពានត្នោតទេ ស្ថិតក្នុងភូមិសៃវៀន ប្រវែងជិត ៣គីឡូម៉ែត្រ ដែលមានស្ថានភាពបាក់បែក កើតមានជង្ហុកធំៗ និងរអិលខ្លាំងនៅពេលមានភ្លៀងធ្លាក់ បង្កជាឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់អ្នកធ្វើដំណើរ។

ប្រជាពលរដ្ឋបានលើកឡើងដោយក្តីក្តុកក្តួល និងចោទសួរជាសំណួរដេញដោលថា «តើពេលណាទើបមន្ត្រីពាក់ព័ន្ធចេញមុខបកស្រាយ និងជួយកសាង ឬជួសជុលផ្លូវ ៣គីឡូម៉ែត្រនេះឱ្យបានល្អប្រសើរឡើងវិញ? សព្វថ្ងៃជិតដល់បុណ្យភ្ជុំបិណ្ឌហើយ ដែលជាពេលពលរដ្ឋត្រូវធ្វើដំណើរមកលេងកម្សាន្តនៅតំបន់ស្ពានត្នោតទេ ប៉ុន្តែផ្លូវបែបនេះ តើឱ្យពួកគាត់ធ្វើដំណើរដោយសុវត្ថិភាពយ៉ាងដូចម្តេច?»

ជុំវិញបញ្ហាក្តៅគគុកនេះ អង្គភាពអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅ លោក កៅ វគ្គស៊ែល អភិបាលស្រុកសំរោង ដើម្បីសាកសួរព័ត៌មានបន្ថែម ប៉ុន្តែនៅពេលលោកទទួលបានទូរសព្ទ និងដឹងថាជាសំនួរទាក់ទងនឹងផ្លូវខូចខាងលើ លោកគ្រាន់តែឆ្លើយតបយ៉ាងខ្លីថា «លោកកំពុងជាប់រវល់ដោះស្រាយរឿងជូនពលរដ្ឋ» រួចក៏បញ្ចប់ការសន្ទនា។

ដោយឡែក ចំពោះ លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺបានឡើយ ដោយសារលោកមិនទទួលទូរសព្ទ។

ចំណែក លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានបំភ្លឺយ៉ាងខ្លីថា ខ្សែផ្លូវដែលកំពុងមានបញ្ហានេះ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរអភិវឌ្ឍន៍ជនបទឡើយ ដោយលោកបញ្ជាក់ថាវាស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់អាជ្ញាធរដែនដីវិញ។

ការរុញច្រាន និងឆ្លើយយករួចខ្លួនពីមួយទៅមួយនេះ បានធ្វើឱ្យមហាជន និងប្រជាពលរដ្ឋសម្តែងការខកចិត្តយ៉ាងខ្លាំង។ ពួកគាត់សំណូមពរយ៉ាងទទូចដល់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តាជួយពិនិត្យ និងចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយទុក្ខវេទនារបស់ប្រជាពលរដ្ឋមុនឱកាសបុណ្យភ្ជុំបិណ្ឌចូលមកដល់៕

Scroll to Top