អភិបាលស្រុកព្រៃកប្បាស បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែងជាង ១,២គីឡូម៉ែត្រ នៅឃុំចំប៉ា

អភិបាលស្រុកព្រៃកប្បាស បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែងជាង ១,២គីឡូម៉ែត្រ នៅឃុំចំប៉ា

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក គិន ភក្ដី អភិបាលស្រុកព្រៃកប្បាស បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១,២៣០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយប្រើប្រាស់ថវិកាមូលនិធិឃុំចំប៉ា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកអភិបាលស្រុកបានជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពជីវភាព ព្រមទាំងបញ្ហាប្រឈម និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរអាចពិនិត្យ និងដោះស្រាយបញ្ហាបានទាន់ពេលវេលា ស្របតាមតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។

ជាមួយគ្នានេះ លោកបានណែនាំដល់អ្នកទទួលការសាងសង់ ត្រូវអនុវត្តការងារឱ្យបានត្រឹមត្រូវតាមប្លង់ និងលក្ខណៈបច្ចេកទេសដែលបានកំណត់ ប្រើប្រាស់សម្ភារៈមានគុណភាព និងយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាព និងភាពរឹងមាំរបស់ផ្លូវ ដើម្បីធានាឱ្យសមិទ្ធផលនេះអាចប្រើប្រាស់បានយូរអង្វែង និងផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ។

លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវឱ្យបានល្អ មិនដាក់សម្ភារៈ ឬចាក់ដីលើផ្លូវ និងជៀសវាងសកម្មភាពដែលអាចបង្កការខូចខាតដល់ផ្លូវ ព្រមទាំងចូលរួមរក្សាអនាម័យ និងសោភ័ណភាពបរិស្ថានតាមដងផ្លូវ។

ឆ្លៀតក្នុងឱកាសនោះ លោកបានណែនាំដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាព បាត់ ឬខូច ព្រមទាំងអ្នកដែលគ្រប់អាយុ ត្រូវអញ្ជើញទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មីឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ការទទួលសេវាសាធារណៈ និងកិច្ចការផ្សេងៗ។

លោក គិន ភក្ដី ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តសហការគ្នាឱ្យបានល្អក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ព្រមទាំងចូលរួមថែរក្សាសមិទ្ធផលដែលបានកសាងឡើង ដើម្បីជាប្រយោជន៍រួម និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

Scroll to Top