ខេត្តកណ្តាល៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប្រចាំខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារកន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅអនុវត្តបន្ត។
ជាកិច្ចចាប់ផ្តើម អង្គប្រជុំបានស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែបន្ទាប់ ដែលរាយការណ៍ដោយលោកមេបញ្ជាការកងកម្លាំងទាំង ២ក្រុង។ របាយការណ៍បានបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លទ្ធផលនៃការបង្ក្រាបបទល្មើសផ្សេងៗ ព្រមទាំងការងារគ្រប់គ្រងរដ្ឋបាលដែនដីក្នុងទូទាំងក្រុងអរិយក្សត្រ។
បន្ថែមពីនេះ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនទៀត រួមមាន៖
១. របាយការណ៍ស្តីពីសកម្មភាពដឹកជញ្ជូនដី និងខ្សាច់ ក្នុងភូមិសាស្ត្រក្រុង, របាយការណ៍ស្តីពីស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ទន្លេតូច និងជំនន់ទឹកភ្លៀង ព្រមទាំងលទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទក្នុងដែនសមត្ថកិច្ចក្រុង។
២. ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ។
ជាមួយគ្នានេះ លោកអភិបាលក្រុង ក៏បានណែនាំ និងជំរុញការអនុវត្តលើការងារចំបាច់មួយចំនួនទៀត រួមមាន៖
១. ពង្រឹងការរៀបចំសណ្តាប់ធ្នាប់តាមទីសាធារណៈ តំបន់ប្រជុំជន ផ្សារ ចំណីផ្លូវ និងការថែរក្សាអនាម័យបរិស្ថានឲ្យមានរបៀបរៀបរយ។
២. ចុះពិនិត្យស្ថានភាពអគារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
៣. ផ្សព្វផ្សាយ និងអនុវត្តផែនការសកម្មភាពរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទាំងពេលថ្ងៃ និងពេលយប់ ក្នុងភូមិសាស្ត្រក្រុង។
៤. ផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៦ ឱ្យបានទាន់ពេលវេលា៕


